កីឡាជាតិ
ជាតិ
ឡៅ ចិ​ត្រា ត្រូវ​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​ពីរ​របស់​ថៃ Superlek នៅ ONE Championship
19, Jan 2019 , 3:59 pm        
រូបភាព
កីឡាករ ឡៅ ចិត្រា (ខៀវ)ត្រូវបានអាជ្ញាកណ្តាលលើកដៃក្រោយទទួលបានជ័យជម្នះក្នុងស៊ីហ្គេមកាលពីពេលកន្លងទៅ
កីឡាករ ឡៅ ចិត្រា (ខៀវ)ត្រូវបានអាជ្ញាកណ្តាលលើកដៃក្រោយទទួលបានជ័យជម្នះក្នុងស៊ីហ្គេមកាលពីពេលកន្លងទៅ
ដោយ: ថ្មីៗ
​អ្នកលេង​គុន​ខ្មែរ ឡៅ ចិ​ត្រា កីឡាករ​ជួរមុខ​កម្ពុជា​ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង​ថៃ Superlek Kiatm009 ក្នុង​ព្រឹត្តិការណ៍ ONE: Clash of Legends នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ជាមួយគ្នានេះ កីឡាការិនី នៅ ស្រី​ពៅ ត្រូវ​ប្រកួត​គុន​ចម្រុះ​ជាមួយ​កីឡាការិនី​ថៃ Rika Ishige ក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ​។

  
 
​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី ឡៅ ចិ​ត្រា នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ ONE Championship នា​ពាក់កណ្តាល​ខែកុម្ភៈ ខាងមុខនេះ​។ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​នេះ ចិ​ត្រា អាច​ត្រូវ​ធ្វើការ​ខ្លាំង ដោយ​រូបគេ​ត្រូវ​តទល់​ជាមួយ​កីឡាករ​ជួរមុខ​របស់​ថៃ Superlek Kiatm009 ម្ចាស់​ខ្សែក្រវាត់​ពីរ​ប្រចាំ Lumpinee Stadium Muay Thai World Champion​។   
 
​នេះ​ជាការ​ប្រកួត​មួយ​ដ៏​កក្រើក និង​ជក់ចិត្ត​បំផុត​សម្រាប់​ទស្សនិកជន ព្រោះ​ពួកគេ​ទាំងពីរ​សុទ្ធសឹង​ជា​កីឡាករ​ជើង​ខ្លាំង​ដូចគ្នា​។ ក្នុងនោះ ឡៅ ចិ​ត្រា ជា​កីឡាករ​ជួរមុខ​របស់​កម្ពុជា​លើ​កីឡាប្រដាល់​គុន​ខ្មែរ ខណៈ Superlek Kiatm009 ជា​កីឡាករ​ជួរមុខ​របស់​ថៃ​លើ​កីឡា​មួយ​ថៃ​។ 
 
​លោក ហ៊ុន ចាន់​រាជ ប្រធាន​ក្លិប​ប្រដាល់ Cambodia Top Team បានចាត់ទុក​ការជួបគ្នា​រវាង​កីឡាករ​ទាំងពីរ ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​និង​ថៃ​។ ហើយ​លោក​ជឿជាក់ថា ឡៅ ចិ​ត្រា នឹង​ក្លាយជា​កីឡាករ​ល្បីល្បាញ​មួយរូប បើសិន​អាច​យកឈ្នះ​កីឡាករ​ជួរមុខ​របស់​ថៃ​រូបនេះ​។  
 
«​ចិ​ត្រា ជា​កីឡាករ​ក្នុងចំណោម​ជើង​ខ្លាំង​លើ​គេ​ម្នាក់​។ ការប្រកួត​តទល់​នឹង Superlek វា​ធំ​ណាស់​! សម្រាប់​អ្នកផ្សេង​មិនដឹង​ទេ តែ​សម្រាប់​ជនជាតិខ្មែរ និង​ថៃ គឺ​សំខាន់​ខ្លាំងណាស់​។ ព្រោះ Superlek ជា​អ្នក​ប្រដាល់​ដ៏​ខ្លាំង​ម្នាក់​ក្នុង​កំពូល​អ្នក​ប្រដាល់​ផ្សេងៗ​។ នេះ​ជា​ឱកាសល្អ​សម្រាប់​គុន​ខ្មែរ ដែល​អាច​បង្ហាញ​គេ​ពី​ជំនាញ ពី​ស្មារតី​អ្នក​ប្រយុទ្ធ និង​បេះដូង​យើង​»​។ នេះ​ជាការ​រៀប​លើកឡើង​របស់លោក ហ៊ុន ចាន់​រាជ​។ 
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី កីឡាករ ឡៅ ចិ​ត្រា បាន​ប្តេជ្ញាចិត្ត​ដូច្នេះ​ថា​៖«​មិន​ថា​ចាញ់​ឬ​ឈ្នះ ខ្ញុំ​ដឹង​តែ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​។ ខ្ញុំ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជាង​មុន​ពីរដង​»​។ សិន​គេ​ពិត​ជាមាន​សមត្ថភាព​អាច​បំបាក់​ជើង​ខ្លាំង​ថៃ​រូបនេះ​បាន ចិ​ត្រា នឹង​ក្លាយជា​កីឡាករ​កំពូល​ប្រភេទ​ទម្ងន់ featherweight វគ្គ ONE Super Series​។ 
 
​សម្រាប់​ព្រឹត្តិការណ៍ ONE: Clash of Legends នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នោះដែរ ម្ចាស់​ខ្សែក្រវាត់ Kun Khmer World Championship នៅ ស្រី ពៅ ត្រូវ​ប្រឈម​ជាមួយ​កីឡាការិនី​ថៃ Rika Ishige ដែលជា​ការប្រកួត​លក្ខ​ណៈ​គុន​ចម្រុះ​។ បើសិន ស្រី​ពៅ អាច​យកឈ្នះ​ក្នុងការ​ប្រកួត​នេះ កេ​រិ៍​ឈ្មោះ​របស់​កីឡាការិនី​រូបនេះ កាន់​តែមាន​ភាពល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​។  
 
​មិនមែន​មានតែ នៅ ស្រី​ពៅ និង ឡៅ ចិ​ត្រា ដែល​ឡើង​ប្រកួត​នៅ​ទីក្រុង​បាងកក​ក្នុង​ព្រឹត្តិការណ៍ ONE: Clash of Legends ប៉ុណ្ណោះ​ទេ គង់ សំបូរ និង ខុន ស៊ី​ចាន់ ក៏ត្រូវ​ឡើង​ប្រកួត​ក្នុង​ស្ថាប័ន​ប្រដាល់​ដ៏​មហិមារ​នេះ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ផងដែរ​៕  
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ឡៅ ចិ​ត្រា​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com