កីឡាជាតិ
ជាតិ
បន្ថែម​លើ​កីឡាករ​ចាស់​របស់ខ្លួន ណាហ្គា​វើ​ល មាន Amir Gurbani ជា​កម្លាំង​ថ្មី​
20, Jan 2019 , 7:59 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល កាលពី​ថ្ងៃទី​១៦ ខែមករា បានបង្ហាញ​សមាសភាព​កីឡាករ​បរទេស​ចំនួន​៤​រូប ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​ថ្មី​។ ក្នុងចំណោម​កីឡាករ​ទាំងនេះ មាន​ទាំង​កីឡាករ​ចំណូល​ថ្មី ទើប​បន្ត​កិច្ចសន្យា និង​អតីត​កីឡាករ​ដែល​ធ្លាប់​រួមរស់​ជាមួយ​ក្លិប​នេះ​។

 
 
​កីឡាករ​ទាំង​៤​រូបនោះ​រួមមាន​ខ្សែប្រយុទ្ធ Atuheire Kipson, Esoh Paul Omogba, ខ្សែការពារ Anderson Zogbe និង​ខ្សែបម្រើ Amir Gurbani​។ 
 
​ខ្សែប្រយុទ្ធ Atuheire Kipson ដែលជា​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​២០១៧ និង Esoh Paul Omogba ជា​អតីត​កីឡាករ​របស់​ណាហ្គា​វើ​ល​ក្នុងអំឡុង​រដូវ​កាល​ឆ្នាំ​២០១៧ ។  ចំណែក​ខ្សែការពារ​កូត​ឌី​វ័រ Anderson Zogbe ទើប​បន្ត​កិច្ចសន្យា និង​ខ្សែបម្រើ​តួ​ក​ម៉េ​នី​ស្ថាន Amir Gurbani ជា​កីឡាករ​ចំណូល​ថ្មី ដែល​ទើប​ចុះកិច្ចសន្យា​នាំចូល​។ 
 
​ខ្សែប្រយុទ្ធរ​វ៉ាន់ដា Atuheire Kipson ធ្លាប់​ចំណាយពេល​រួមរស់​ជាមួយ​ណាហ្គា​វើ​ល កាលពី​រដូវ​កាល​ឆ្នាំ​២០១៧ មុន​រូបគេ​ផ្លាស់​ផ្ទេរ​ទៅកាន់​ក្លិប​លំដាប់​ទី​២ របស់​ម៉ាឡេស៊ី Universiti Kebangsaan Malaysia នៅ​ឆ្នាំ​២០១៨​។ ក្នុងអំឡុងពេល​រួមរស់​ជាមួយ​ណាហ្គា កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ បង្ហាញខ្លួន​បាន​ចំនួន​២៣​លើក ដោយ​រកបាន​២៨​គ្រាប់ ដែលជា​គ្រាប់​បាល់​ជួយ​ឲ្យ​គេ​ឈ្នះ​ស្បែកជើង​មាស​។ រូបគេ ក៏​ធ្លាប់​ចំណាយពេល​រួមរស់​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​ឆ្នាំ​២០១៦​ផងដែរ​។  
 
​មុន​មក​ចូលរួម​ជាមួយ​ក្លិប​ណាហ្គា​វើ​ល Amir Gurbani ដែលមាន​អាយុ​៣១​ឆ្នាំ បាន​ចំណាយពេល​២​ឆ្នាំ​រួមរស់​ជាមួយ​ក្លិប​ក្របខណ្ឌ​កំពូល កៀ​ហ្ស៊ី​ស៊ី​ស្ថាន Dordoi Bishkek ចន្លោះ​ពី​ឆ្នាំ​២០១៧-២០១៩ ក្រោយ​ផ្ទេរ​ពី​ក្លិប Altyn Asyr FK ទឹកដី​កំណើត​របស់ខ្លួន​។ កីឡាករ​កម្ពស់​១.៨៧​ម៉ែត្រ​រូបនេះ មិន​ធ្លាប់​ចេញទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ផ្សេងៗ​ទៀតឡើយ​។ ដូច្នេះ​ការ​មកកាន់​ទឹកដី​កម្ពុជា វា​ជា​លើក​ទី​២​របស់គេ​សម្រាប់​ការប្រកប​អាជីព​ក្រៅប្រទេស​៕    

Tag:
 ​បាល់ទាត់​
  ណាហ្គា​វើ​ល​
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com