ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម​មិន​អស់ចិត្ត​ដែល​EU ទាញ​អង្ករ​ក្រអូប ដែល​គ្មាន​ដាំ​នៅ​អឺរ៉ុប ឲ្យ​ជាប់ពន្ធ​ដែរ​
19, Jan 2019 , 3:13 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប (EU) ផ្ដើម​អនុវត្ត​ពន្ធ​លើ​អង្ករ​នាំ​ចេញពី​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨​ខែមករា រហូតដល់​រយៈពេល​៣​ឆ្នាំ​។ តែ​ទោះជា​យ៉ាងណា ក្រសួងពាណិជ្ជកម្ម អះអាងថា​ស្ថាប័ន​ខ្លួន​ក្នុងនាម​កម្ពុជា​នៅតែ​តវ៉ា​លើ​ករណីនេះ ដោយ​នឹង​លើក​ពី​ទឡ្ហីករណ៍​ផ្នែក​ច្បាប់ និង​បច្ចេកទេស ដើម្បី​បញ្ជាក់ថា​អង្ករ​កម្ពុជា​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផលិតកម្ម​អង្ករ​របស់​ប្រទេស​ក្នុង​តំបន់​សហភាព​អឺរ៉ុប​ឡើយ​។

  

 
​ការតវ៉ា​នេះ​នឹងធ្វើ​ឡើងជា​ពិសេស​ទៅលើ​ប្រភេទ​អង្ករ​ក្រអូប​។ ក្រសួងពាណិជ្ជកម្ម​មិន​អស់ចិត្ត​ឡើយ​ដែល EU ទាញ​អង្ករ​ក្រអូប​ខ្មែរ ឲ្យ​ចូលក្នុង​បន្ទាត់​ពន្ធគយ​របស់ខ្លួន​។ មន្ត្រី​ជាន់​ក្រសួងពាណិជ្ជកម្ម អះអាងថា អង្ករ​ក្រអូប ដែល​ផលិត​ដាំ​ដុះ​ទឹកដី​កម្ពុជា គឺមាន​លក្ខណៈពិសេស​ឈ្ងុយឆ្ងាញ់​ក្រអូប ដែល​ទឹកដី​អឺរ៉ុប​មិនអាច​ផលិត​បានឡើយ​។ ដូចនេះ​ទីផ្សារ​អង្ករ​ប្រភេទ​នេះ មិនបាន​ទៅ​រំខាន​ផលិតកម្ម​អង្ករ​ក្នុងស្រុក​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ឡើយ​។​
 
​ម្យ៉ាងវិញទៀត ជំនាញការ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ខ្លួនឯង ធ្លាប់​ណែនាំ​ឲ្យ​កម្ពុជា​ខំ​ជំរុញ​ការផលិត​នាំចេញ​ប្រភេទ​អង្ករ​ក្រអូប​នេះ​ទៅ​ទីផ្សារ​ខ្លួន ព្រោះ​អង្ករ​នេះ​មិនមាន​ដាំ​ដុះ​នៅ​អឺរ៉ុប​ទេ​។ តែ​ផ្ទុយ​មកវិញ EU បាន​ទាញ​អង្ករ​ក្រអូប​ឲ្យ​ជាប់​ក្នុង​បន្ទាត់​ពន្ធគយ ដូច​អង្ក​រស​ដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ក្នុង​សន្និសីតកាសែត​ជុំវិញ​ករណី​សហភាព​អឺរ៉ុប​ដាក់​ពន្ធ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​១៨​ខែមករា​។​
 
​សូម​ស្ដាប់​ប្រសាសន៍​លោក សុខ សុភ័ក្ត្រ ខាងក្រោម​នេះ​៖
 


 
​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​អង្ករ​ជិត ២៧​ម៉ឺន​តោន​ទៅ​ទីផ្សារ EU ដែល​ស្មើនឹង​ចំណែក ៤៣​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​ជាង ៦២​ម៉ឺន​តោន​។ ភាគច្រើន​ជា​អង្ករ​ក្រអូប ដែល​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​មួយ​នេះ​៕
 

Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com