អន្តរជាតិ
ប្រធានាធិបតីស្រីលង្កា ហៅសង្គ្រាមគ្រឿងញៀនរបស់លោក ឌូទើតេ ថាជា«ឧទាហរណ៍សម្រាប់ពិភពលោក»
× ប្រធានាធិបតីស្រីលង្កា Maithripala Sirisena បានកោតសរសើរសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់សមភាគីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលឆក់យកជីវិតរាប់ពាន់នោះ។ មេដឹកនាំរូបនេះបានហៅយុទ្ធនាការនេះថាជា «ឧទាហរណ៍សម្រាប់ពិភពលោក»។
ថ្លែងនៅក្នុងសន្ទរកថាមួយអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ហ្វីលីពីនក្នុងសប្តាហ៍នេះ លោកប្រធានាធិបតី Sirisena បាននិយាយថា លោកមានបំណងយកគំរូតាមសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់លោក ឌូទើតេ។
យោងតាមការចុះផ្សាយរបស់ទូទស្សន៍ ABS-CBN លោកបញ្ជាក់បែបនេះ៖«សង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀន ដែលត្រូវបានអនុវត្តដោយប្រធានាធិបតី ឌូទើតេ គឺជាឧទាហរណ៍មួយសម្រាប់ពិភពលោកទាំងមូល និងសម្រាប់ខ្ញុំផងដែរ។ ការប្រើប្រាស់គឿងញៀនគឺពុំត្រូវបានស្វាគមន៍ឡើយនៅក្នុងប្រទេសខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាយើងគួរតែដើរតាមគន្លងរបស់លោក ដើម្បីគ្រប់គ្រងរឿងដ៏អាក្រក់នេះ»។
តាមពិតទៅ នេះពុំមែនជាលើកទីមួយឡើយដែលមេដឹកនាំស្រីលង្ការូបនេះ បានបង្ហាញការពិញចិត្តចំពោះសង្គ្រាមគ្រឿងញៀនរបស់លោក ឌូទើតេ។ តួយ៉ាងកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ រដ្ឋាភិបាលស្រីលង្កាបានចាប់ផ្តើមអនុវត្តទោសប្រហារជីវិតលលើអ្នកជួញដូរគ្រឿងញៀនឡើងវិញ ក្រោយពីផ្អាករយៈពេល៤៥ឆ្នាំ។ សម្រាប់ចំណាត់ការថ្មីនេះ ប្រធានាធិបតីស្រីលង្កាបានបកស្រាយថា វាត្រូវបានយកគំរូតាមគោលនយោបាយរបស់លោកឌូទើតេ។
អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីស្រីលង្កាមួយកាលពីខែកក្កដាកន្លងទៅ លោកប្រធានាធិបតី Sirisena បានបញ្ជាក់ថា លោកត្រៀមខ្លួនជានិច្ចដើម្បីចុះហត្ថលេខាលើបទបញ្ជាប្រហារជីវិតលើជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន។ ឥឡូវនេះ ជនល្មើសពីបទគ្រឿងញៀន១៩នាក់ដែលត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិតនោះ បច្ចុប្បន្ននេះប្រឈមមុខនឹងទោសប្រហារជីវិតវិញ៕
Tag:
ស្រីលង្កា
ហ្វីលីពីន
សង្គ្រាមប្រឆាំងគ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com