ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
ជីវភាព​នៅក្នុង​ជីវិតចុងក្រោយ​របស់​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​៥​រូប​!
19, Jan 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​កម្មវិធី​ជំនុំ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​កាលពីពេល​កន្លងទៅ​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ មាន​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​មកពី​៥​ខេត្ត រួមទាំង​មាន​យុវជន​ជំនាន់​ក្រោយ​ច្រើន​រូប​ទៀត​។ សិល្បករ​ចាប៉ី​ដែលមាន​វ័យ​កាន់តែ​ចាស់​ទាំងនោះ ខ្លះ​អាច​ទីពឹង​នឹង​អាជីព​ចាប៉ី​បាន តែ​ខ្លះទៀត​ក៏​មិន​បានដែរ​។ ទោះជា​យ៉ាងណា​សិល្បករ​ជើងចាស់​ទាំងនោះ​នៅតែ​ទទូច​ឱ្យ​ក្មេងជំនាន់ក្រោយ​ថែរក្សា​សម្បត្តិ​ដូនតា​ខ្មែរ​។​


 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ក្រោយពី​មានការ​វិវឌ្ឍន៍​ផ្នែក​តន្ត្រី​កាន់តែ​សម្បូរបែប​និង​ទំនើប ទម្រង់​សិល្បៈ​និង​ចម្រៀង​បុរាណ​ខ្មែរ​បាន​ថយឥទ្ធិពល​។ ទម្រង់​សិល្បៈ​ចាប៉ី​ក៏​ស្ថិតក្នុង​សិល្បៈ​មួយ​ប្រភេទ​ដែល​យុវជន​ខ្មែរ ហាក់​មើលរំលង​ដែរ​។ ស្រពពេល​មាន​លំហូរ​ភ្លេងបរទេស សិល្បករ​ចាប៉ីដងវែង​ក៏​បាត់​ចំណូល​ពី​ការសម្ដែង​របស់ខ្លួន​ច្រើន​។ ដូច្នេះហើយ​ទើបបានជា​កម្មវិធី​ជំនុំ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ក្រោម​ប្រធានបទ “​មរតក​ចម្រៀង​ចាប៉ី​” ធ្វើឡើង​ដើម្បី​ជម្រុញ​ក្មេងជំនាន់ក្រោយ​ឱ្យ​យកចិត្តទុកដាក់​លើ​សិល្បៈ​ចាប៉ី​ឡើងវិញ​។ កម្មវិធី​នេះ​មាន​យុវជន​និង​កុមារ​ចូលរួម​ភាគច្រើន​។​
​សិល្បករ​ជើងចាស់​លោកតា ទិ​ត្យ សំ​ហេន ដែលមាន​វ័យ​៧៩​ឆ្នាំ មកពី​ខេត្តស្ទឹងត្រែង បាន​ត្អូញត្អែរ​ពី​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព ក្រោយពី​មិនមាន​អ្នក​ហៅ​ទៅ​សម្ដែង​។ ដោយសារតែ​បញ្ហា​នេះ ទើប​លោកតា​បានសម្រេច​ចិត្ត​បោះបង់ចោល​ចាប៉ី​ប្រមាណ​ជា​១០​ឆ្នាំ​មកហើយ​។ 
 
​អ្នក​ចាប៉ី​ជើងចាស់​ដែល​បាន​ចំណេះ​ពី​ឪពុក និង​ទៅ​បំពេញវិជ្ជា​បន្ថែម​ពី​លោកតា​ពូថៅ​ដៃ​រូបនេះ បាន​រម្លឹកថា កាលពីដើម​គេ​ហៅ​អ្នក​ចាប៉ី​ឱ្យទៅ​ច្រៀង​ក្នុង​ពិធីបុណ្យ​នាៗ​ជាច្រើន ហើយ​តម្លៃ​ក៏បាន​ថ្លៃ​គួរសម​ដែរ​។ លោកតា ទិ​ត្យ សំ​ហេន បញ្ជាក់ ៖« រៀន​ពី​ឪពុក​រៀន​ពី​អី​ហើយ​បាន មក​បំពេញវិជ្ជា​ជាមួយ​លោកគ្រូ​ពូថៅ​ដៃ នៅ​ផ្សារ​ដើមថ្កូវ​កាលណោះ​បាន​១៤​ថ្ងៃ​ទេ​។ ពី​ដើម​អ្នក​ចាប៉ី​ពាសពេញស្រុក​ខ្មែរ កម្មវិធី​បុណ្យបញ្ចុះសីមា បុណ្យ​អី​ក៏​គេ​យក​ចាប៉ី​ដែរ គេ​ប្រើ​ចាប៉ី អា​យ៉ៃ ល្ខោន​។ មួយ​យប់​បាន​ពីរ បី​រយ​រៀល​(​លុយ​ក្រោយ​សម័យ​ប៉ុល ពត​)​អីចឹង​ដែរ​ពី​ដើម យ៉ាង​លោកគ្រូ​ពូថៅ​ដៃ​មួយ​យប់​បាន​ប្រាំពីរ​រយ​អី​ណា ប្រាំពីរ​រយ​ខ្មែរ​ណា គិត​ជា​មាស​កាលណោះ​វាពីរ​រយ​ប៉ែត មាស​មួយ​ជី​ពីរ​រយ​ប៉ែត​»​។   


 
​លោកតា ចេះ​ចាប៉ី​នៅ​អាយុ​១៣​ឆ្នាំ ហើយ​ទើបតែ​ថ្មីៗ​នេះ​ទេ ដែលមាន​អ្នក​ជួយឧបត្ថម្ភ​មួយចំនួន លោកតា​ក៏បាន​បង្រៀន​សិស្ស និង​ទៅលេង​ភ្លេង​ក្នុង​ពិធី​បុណ្យទាន​ខ្លះៗ​ផងដែរ​។ លោក​បន្ថែម ៖« ក្រវាត់​ចាប៉ី​ចោល​យូរហើយ ចុះបើ​គេ​អត់​ប្រើការ​អី​ផង ប្រើតែ​បាស់​តែ​អី គេ​រាំ​គេ​រែក កញ្ឆក់កញ្ឆែង​ហុយ​ដី មាន​ទៅ​នឹកឃើញ​ចាប៉ី​អី​បន្តិចបន្តួច អ៊ីចឹង​ចាប៉ី​ទុកចោល​កណ្ដៀរ​កាត់​កណ្ដៀរ​កោរ​អស់​ទៅ​។ ខ្ទង់​ប្រហែល​ជាមួយ​ពាក់កណ្ដាល​ឆ្នាំ​២០១៨ បាន​ព្រះសង្ឃ​អី​ហៅ​មកវិញ​ហូរហែ​ណា​។ ហើយ​នេះ​(​តា​)​ថា​នឹងធ្វើ​ចាប៉ី​ថ្មី​នៅពេល​ក្រោយនេះ បើសិនជា​ឧបមា​ថា​ខាង​ក្រសួង​ខាង​សិល្បៈ ខាង​ប៉ុស្ដិ៍​ទូរទស្សន៍ វិទ្យុ គេ​ឧស្សាហ៍​ហៅ​។ 
 
​ជីវភាព​របស់​គ្រូ​ចាប៉ី​រូបនេះ​សព្វថ្ងៃ​ទីពឹង​លើ​ការធ្វើ​អាចារ្យ និង​ប្រាក់ឧបត្ថម្ភ​មួយចំនួន​ផ្នែក​ចាប៉ី​។ បើ​មានការ​យកចិត្តទុកដាក់ លោក​នឹង​ខំប្រឹងប្រែង​ថែរក្សា​សិល្បៈ​ចាប៉ី​ឡើងវិញ​។ «​មួយខែ​ឱ្យ​ដប់​ម៉ឺនៗ​អ៊ីចឹងទៅ លោកជំទាវ ភឿង ស​កុ​ណា ព្រមទាំង​លោក យន់ ធារ៉ា ដែល​គាត់​តែង​ផ្ញើ​ទៅ​រាល់​ខែ​ចឹ​ង​។ អត់​មាន​ជីវភាព​(​ធូ​ធា​)​អី​ទេ រស់​នៅតែ​និង​គេ​ឧបត្ថម្ភ​ទេ យាយ​នេះ​ឈឺ ប្រាំ -​ប្រាំមួយ​ឆ្នាំនេះ ឈឺ​គ្មាន​ធ្វើការ​រកស៊ី​អី​កើត ហើយ​ខ្ញុំ​ចាស់​ដើរ​ធ្វើ​តែ​អាចារ្យ បាន​គេ​រក​ទៅធ្វើ​អាចារ្យ​អី​ណេះ អាចារ្យ​អី​ណោះ​ទៅ​»​។ លោកតា សំ​ហេន បន្ថែម​។  
 
​ចំណែក​លោក សាន់ ឆៃ​យ៉ុង វ័យ​៦៦​ឆ្នាំ ដែល​រស់នៅ​ខេត្តតាកែវ មាន​ជីវភាព​សមរម្យ​ដែល​លោក​ថា​អាច​ទីពឹង​ជំនាញ​ចាប៉ីរ​ស់បាន​។ ទោះជា​យ៉ាងណា​ក្រៅពី​អាជីព​ជា​អ្នក​ចាប៉ី​ដែលមាន​សិស្ស​៥​នាក់ លោក​ក៏​ធ្វើជា​គ្រូពេទ្យ​ផងដែរ​។ លោក ឆៃ​យ៉ុង បញ្ជាក់ ៖«​ជួន​គេ​ហៅ​ជួន​គេ​មិន​ហៅ តាមតែ​គេ​ត្រូវការ​ណា​។ មួយឆ្នាំ​បើ​គិត​ស្ថិតិ​បាន​៤​រោង​៥​រោង​ដែរ នៅ​ឆ្ងាយ​គាត់​ឱ្យ​ពីរ​រយ​ចឹ​ង​ទៅ ជិត​មួយរយ​ហា​ចឹ​ង​ទៅ ជិត​ជាង​មួយរយ​ចឹ​ង​ទៅ ហាសិប​ចឹ​ង​ទៅ បើ​នៅក្នុង​ស្រុកភូមិ គេ​ពឹង​ទៅ​ច្រៀង​មិន​យកលុយ​អី​ទេ​។ មិនជា​ធូរធារ​អី​ទេ នេះ​គេ​ថា​មធ្យ​មណា មិនមាន​មិន​ក្រ​អី​ទេ​កណ្ដាល​។ ទី​ពីរ​ហ្នឹង​គេ​មករក​ថ្នាំ​អី​ជាដើម ដូចជា​កើត​ម្រេញ​កើត​អីហ្នឹង ខ្ញុំ​មើល​គេ​ជា​ច្រើនណាស់​»​។


 
​សិល្បករ​រូបនេះ បាន​ទៅ​សម្ដែង​ចាប៉ីដងវែង​ច្រើន​ខេត្ត រួមទាំង​បាន​ទៅ​សម្ដែង​នៅ​កម្ពុជា​ក្រោម​ផង ហើយ​តម្លៃ​អាស្រ័យ​ទៅតាម​ចម្ងាយ​ជិត​នឹង​ឆ្ងាយ​។ លោក​បន្ថែម ៖« ចម្រៀង​ចាប៉ី​នេះ​វា​មានបុណ្យ​បច្ច័យបួន ដូចជា​បុណ្យកឋិន បុណ្យ​ភ្ជុំ បុណ្យ​ទក្ខិណានុប្បទាន បុណ្យចម្រើនព្រះជន្ម​អី គេ​ច្រើនតែ​ជួល​។ ទីពឹង​ទៅ​សម្ដែង​តាម​ឃុំ​តាម​ខេត្ត​អី​បាន​ច្រើន​ដែរ ខេត្តកំពត កំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង ស្វាយរៀង​ខ្ញុំ​បាន​ដើរទៅ​ច្រៀង ហើយ​ជាពិសេស​ទៅដល់​កម្ពុជា​ក្រោម​ទៀត​»​។​
 
​អង្គុយ​នៅលើ​កៅអី​ជ័រ​ពណ៌​ខៀវ លោកតា គង់ ណៃ ដែលមាន​វ័យ​៧៤​ឆ្នាំ នៅតែ​អាច​ទៅ​សម្ដែង​ចាប៉ី​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​បាន តែ​គ្រាន់តែ​មិនអាច​ច្រៀង​យូរ​។ ជីវភាព​របស់​លោកតា​មធ្យម ហើយ​ក្រៅពី​អាជីព​ចាប៉ី លោកតា​មិនមាន​មុខរបរ​អ្វី​ជាទី​ពឹង​ឡើយ​។ «​ជីវភាព​ខ្ញុំ​វា​យ៉ាប់យ៉ឺន​ដែរ​មិន​ធូរធារ​អី​ប៉ុន្មាន គេ​ហៅថា​មធ្យម​ចៅ​ណា​។ អី​ឡូ​វ​លេង​បានដែរ ប៉ុន្ដែ​បាន​តិចៗ​ណាស់ ត្រឹម​មួយ​ម៉ោង​មួយ​ម៉ោង​កន្លះ​អី​ទៅលេង​បាន បើ​ថា​ពីរ​បី​ម៉ោង​ទៅ​មិន​រួច​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​តា គង់ ណៃ​។


 
​សិល្បករ​ចាប៉ី​ជើងចាស់​រូបនេះ នៅតែ​ទទូច​ហើយ​ទទូច​ទៀត​ឱ្យ​កូន​ខ្មែរ​យកចិត្តទុកដាក់​ទ​ម្រ​ង់​សិល្បៈ​ចាប៉ី​របស់ខ្លួន​។ លោកតា​បន្ថែម ៖« ទោះបីថា​វប្បធម៌​បរទេស​គេ​ចូលមក​ក៏ដោយចុះ អ៊ំ​មិន​ហាមឃាត់​ទេ ប៉ុន្តែ​សុំឱ្យ​ចៅៗ​ក្មួយៗ​ជួយ​ថែរក្សា ដែល​អត់​ពី​អ៊ំ​ពី​តា​ទៅ ចាប៉ីដងវែង​កុំឱ្យ​បាត់បង់​អ៊ំ​ស្ដាយ​។ ឥឡូវ​បង ប្រាជ្ញ ឈួន ស្លាប់បាត់​ហើយ​នៅតែ​ខ្ញុំ ហើយ​ខ្ញុំ​ហ្នឹង​ដូច​ថា​ជំងឺ​ហ្នឹង​វា​ចេះតែ​ចូលលុកលុយ​ក្នុង​សរីរាង្គកាយ បាន​ថា​សុំឱ្យ​ចៅៗ​ក្មួយៗ ខំ​ជួយ​រៀន​ចាប៉ី​ហើយនឹង​ចេះ​ស្រឡាញ់​ចាប៉ី ជួយ​ថែរក្សា​ចាប៉ី​»​។​
 
​ងាក​មក​លោកតា ងាំ ងូ វ័យ​៧៤​ឆ្នាំ ដែល​កំពុងតែ​អង្គុយ​ពិសារ​ផ្លែឈើ​ក្រោយពី​ការសម្ដែង​ចាប៉ី​ចប់ បាន​មានប្រសាសន៍ថា​អាជីព​ចាប៉ី​មិនបាន​ធ្វើឱ្យ​ជីវភាព​លោកតា​បាន​គ្រប់គ្រាន់​ឡើយ ដូច្នេះហើយ​ទើបបានជា​លោកតា ត្រូវ​ប្រវាស់ដៃ​ធ្វើស្រែ​ជាមួយ​អ្នកភូមិ​ដើម្បី​ជួយ​ជីវភាព​។ លោកតា​បញ្ជាក់​យ៉ាង​ដូច្នេះ ៖« សាមសិប​ម៉ឺន​អី ឆ្ងាយ​ដែរ​ហ្នឹង​ណា ឆ្លង​ខេត្តហើយ ទ្រ​ង​ទ្រង់​ជីវភាព​បាន​ខ្លះ​អត់​ខ្លះ អត់​ហ្នឹង​វា​អត់​មានអី​រក ដល់​ចឹ​ង​គេ​ធ្វើស្រែ ធ្វើជា​មួយ​គេ​ទៅ ប្រវាស់​គេ​ណា​»​។


 
​លោក ពេ​ជ សា​រ៉ា​ត ប្រធាន​សហគមន៍​ចាប៉ី​អមតៈ បាន​និយាយថា ការរៀបចំ​កម្មវិធី​ជំនុំ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ក្រោម​ប្រធានបទ “​មរតក​សំនៀង​ចាប៉ីដងវែង​" ដើម្បី​ផ្សព្វផ្សាយ​ដល់​សិស្ស​ដែល​រៀន​ក្នុង​សាលា​មធ្យម​វិចិត្រសិល្បៈ និង​យុវជន​ទូទៅ ដើម្បី​បង្ហាញ​ពី​ទម្រង់​សិល្បៈ​ចាប៉ីដងវែង​តាម​តំបន់ និង​ដើម្បី​បង្កើត​អនុស្សាវរីយ៍​ផងដែរ​។ លោក សា​រ៉ា​ត បញ្ជាក់ ៖« បង្កើន​អនុស្សាវរីយ​រវាង​ព្រឹទ្ធាចារ្យ​មក​យុវជន និង​កុមារ ទី​ពីរ​គាត់​បង្ហាញ​នូវ​ទេពកោសល្យ ឬក៏​សមត្ថភាព ភាព​អស្ចារ្យ​របស់គាត់ នូវ​សំនៀង​ចាប៉ីដងវែង នៅ​ប្រចាំ​តំបន់ ទី​បី​គឺ​បន្ទាប់ពី​ការសិក្សា​រៀនសូត្រ​ហើយ រវាង​យុវជន​និង​កុមារ និង​ភាព​ច្នៃប្រឌិត​ថ្មី​របស់​ពួកគេ តើ​ពួកគេ​ធ្វើ​អ្វី ដើម្បី​ជា​ចំណី​ទៅដល់​ក្មេងៗ​ជំនាន់​ក្រោយ​»​។


 
​លោក សា​រ៉ា​ត បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ ៖«​ជំនួប​ព្រឹទ្ធាចារ្យ​ចាប៉ី​នេះ សម្រាប់​គោលបំណង ចង់ឱ្យ​សិស្ស​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​ហ្នឹង​ណា បាន​យល់​អំពី​ឧបករណ៍​ចាប៉ី ដែល​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​មួយ​គឺ​វប្បធម៌​។ សាលា​វប្បធម៌​ហើយ បើសិនជា​អត់​ស្គាល់​វប្បធម៌​ខ្លួន​យើង ចឹ​ង​វា​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់​នៅឡើយ​»៕
 

Tag:
 ចាប៉ីដងវែង​
  សិល្បៈ​
  ឧបករណ៍​ភ្លេងខ្មែរ​
  ជំនុំ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​
© រក្សាសិទ្ធិដោយ thmeythmey.com