កីឡាជាតិ
ជាតិ
កម្ពុជាចុះMOU ជាមួយសាកលវិទ្យាល័យជប៉ុនលើការពង្រឹងគុណភាពវិទ្យាសាស្ត្រកីឡា រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយដ្ឋានកីឡា
× វិទ្យាស្ថានអប់រំកាយនិងកីឡាកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រកីឡាជប៉ុន NIPPON ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង ពិសេសបង្កើនគុណភាពបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រកីឡានៃប្រទេសទាំងពីរ។ លោក ធម្ម អង្គារ៉ា រំពឹងថា តាមរយៈ MOU នេះ នឹងមានសិស្ស-និស្សិតនិងគ្រូកម្ពុជាជាច្រើនរូប បានទៅសិក្សាពីបច្ចេកទេសនិងជំនាញនៅជប៉ុន។ វិទ្យាស្ថានកម្ពុជាមួយនេះ ក៏ទទួលបានថវិកាជាង៣៩ម៉ឺនដុល្លារក្នុង១ឆ្នាំពីអង្គការបេះដូងមាសរបស់ជប៉ុនក្នុងរយៈពេល៣ឆ្នាំផងដែរ។
ក្រោមការសម្របសម្រួលនិងជួយជ្រោមជ្រែងពីអង្គការចាយការជប៉ុន ទីបំផុតទំនងរវាងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកម្ពុជានិងសាលកវិទ្យាល័យវិទ្យាសាស្ត្រកីឡា NIPPON របស់ជប៉ុន បានឈានដល់ការចុះ MOU រួមគ្នាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។ ការចុះ MOU នេះ គឺដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ពិសេសបង្កើនគុណភាពវិជ្ជាជីវៈលើការអប់រំ និងបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រកីឡា។
ការចុះ MOU នេះធ្វើឡើងរវាងលោក ធម្ម អង្គារ៉ា នាយកវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ជាមួយលោក Koji Gushiken តំណាងសាកលវិទ្យាល័យវិទ្យាសាស្ត្រកីឡា NIPPON នៃប្រទេសជប៉ុន។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក ធម្ម អង្គារ៉ា នាយកវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបានបញ្ជាក់ថា តាមរយៈ MOU នេះ កម្ពុជាអាចបញ្ជូនសិស្សនិស្សិត ឬគ្រូអប់រំកាយទៅសិក្សាពីជំនាញនិងបច្ចេកទេសពាក់ព័ន្ធវិទ្យាសាស្ត្រកីឡានៅជប៉ុន ហើយភាគីជប៉ុនអាចបញ្ជូននិស្សិត ឬគ្រូមកចែករំលែកបទពិសោធ និងសិក្សានៅកម្ពុជាទៅវិញទៅមក។ កម្ពុជា ធ្លាប់បញ្ជូនគ្រូទៅធ្វើកម្មសិក្សានៅជប៉ុនជាច្រើនលើករួចមកហើយ តែមិនធ្លាប់បញ្ជូនសិស្សនិស្សិតនោះទេ។
«តាមរយៈគ្រូបង្វឹកទូកកានូជនជាតិជប៉ុន និងអង្គការចាយការ ដែលមានទំនាក់ទំនងល្អជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា គាត់បានស្នើសុំនិស្សិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រកីឡា NIPPON ចំនួន៥រូបជារៀងរាល់ខែឲ្យមកធ្វើកម្មសិក្សានៅកម្ពុជា។ សរុបមកទល់ពេលនេះមាននិស្សិតជប៉ុនចំនួន២៧រូបហើយ បានចែករំលែកនិងសិក្សានៅកម្ពុជា»។ លោក អង្គារ៉ា ថ្លែងបែបនេះ ហើយបន្ថែមថា នៅឆ្នាំនេះវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានដាក់សាកល្បងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ(១២+៤) ដើម្បីជាបទពិសោធ មុនឈានទៅវិវត្តខ្លួនពីវិទ្យាស្ថានទៅជាសាកលវិទ្យាល័យនាថ្ងៃអនាគត។
ដើម្បីឲ្យគម្រោងបង្កើតសាកលវិទ្យាល័យនៅកម្ពុជាលេចចេញជារូបរាង អង្គការបេះដូងមាសរបស់ជប៉ុន បានផ្តល់ថវិកាជាង៣៩ម៉ឺនដុល្លារក្នុងឆ្នាំ១ដល់វិទ្យាស្ថានអប់រំកាយនិងកីឡា ដែលមានរយៈពេល៣ឆ្នាំ។ ថវិកាទាំងនេះ នឹងចំណាយលើការបណ្តុះបណ្តាលធនធន បច្ចេកទេស និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេង។ ជាក់ស្តែងនៅដើមខែមីនា ខាងមុខ អង្គការនេះ នឹងជួយសាងសង់អាងហែលទឹកខ្នាតតូចមួយ ដែលមានបណ្តោយប្រមាណ២៥ម៉ែត្រ។
វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយបានវិវត្តខ្លួនពីសាលាមធ្យមសិក្សាអប់រំកាយនិងកីឡានៅឆ្នាំ១៩៩៧។ បច្ចុប្បន្នមានសិស្សចំនួន២៥៣នាក់កំពុងសិក្សា៕
Tag:
វិទ្យាស្ថានអប់រំកាយនិងកីឡា
ធម្ម អង្គារ៉ា
NIPPON
© រក្សាសិទ្ធិដោយ thmeythmey.com