ជាតិ
អ្នកជំនាញ​កំពុង​ជួសជុល​ព្រះ​ពុទ្ធរូប​ពីរ​អង្គ​សម័យ​ក្រោយ​អង្គរ​
19, Jan 2019 , 9:39 pm        
រូបភាព
 រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
​ភ្នំពេញ​៖ អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ព្រះពុទ្ធ​រូប​ពីរ​អង្គ​សម័យ​ក្រោយ​អង្គរ នៅ​ប្រាសាទប្រែរូប​។

 
​ក្រុម​អ្នកជំនាញ​បាន​សម្រង់​ស្ថានភាព​ខូចខាត ដោយ​រក​បំណែក​ព្រះ​ពុទ្ធរូប​ទាំងពីរ​អង្គ​ដែល​បាត់បង់​នោះ យកមក​សម្អាត និង​ផ្គុំ​បំណែក​នោះ ទៅនឹង​ដងខ្លួន​ពុទ្ធរូប​រួចរាល់​ហើយ​។ ចំពោះ​ការងារ ត្រូវធ្វើ​បន្ត គឺ​ការសិក្សា​លើ​សមាសធាតុ​បន្សំ​នៃ​សម្ភារ​នីមួយៗ ដែល​ខ្មែរ​បុរាណ​យកមក​ធ្វើ​ពុទ្ធរូប​។ នៅពេលនេះ​ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធ​រ​អប្សរា បាន​សហការ​ជាមួយ​ស្ថាប័ន GIZ រួមទាំង​អ្នកស្រាវជ្រាវ​កូរ៉េ កំពុង​តាមដាន​វិភាគ​យ៉ាង​លម្អិត​តាម​ជំនាញ​នីមួយៗ ដើម្បី​ប្រើប្រាស់​បច្ចេកទេស និង​សម្ភារ​ដែល​មិន​ប៉ះពាល់​ដល់​ការជួសជុល​ព្រះពុទ្ធ​រូប​ពីរ​អង្គ​សម័យ​ក្រោយ​អង្គរ នៅ​ប្រាសាទប្រែរូប​។​
 
​លក្ខណៈ​សំខាន់​ដែល​ក្រុម​អ្នកជំនាញ កំពុង​សិក្សា​នោះ មាន​៧​ចំណុច ដោយ​ទី​១ ត្រូវការ​សិក្សា​ពី​ថ្មភក់​ដែល​ផ្គុំ​មាន​ច្រើន​ប្រភេទ​ផ្សេងគ្នា ហើយ​ខ្លះ​សន្និដ្ឋានថា យក​ពី​ប្រាសាទ​នៅក្នុង​តំបន់ ឯ​ខ្លះទៀត​មិនដឹង​ពី​ប្រភព​។ ចំណុច​ទី​២ សិក្សា​ពី​ខ្មុក​ម្រ័ក្សណ៍​ដែល​ខ្មែរ​បុរាណ​យកមក​ប៉ាត​លាប​លើ​រូប​បដិមា​។ សំណាក​ខ្មុក​ម្រ័ក្សណ៍​និង​គ្រឿង​លម្អ ក្រុមការងារ​បាន​យកទៅ​ពិសោធ​នៅ​ប្រទេស​កូរ៉េ ដើម្បី​ដឹង​ពី​ប្រភព​និង​អាយុកាល ដែល​បច្ចុប្បន្នកំពុងរ​ង់​ចាំ​លទ្ធផល​។​


 
​ចំណុច​ទី​៣ សិក្សា​ពី​ពហុ​វណ្ណភាព (​ពណ៌​ចម្រុះ​) ដែលមាន​ទឹក​ពណ៌​មាស និង​ក្រហម​ជាដើម ដែល​មិនទាន់​ដឹងថា​ខ្មែរ​បុរាណ​យកមក​ពី​ប្រទេស​ចិន ប្រទេសជិតខាង ឬ​ផលិត​ខ្លួនឯង​។ រីឯ​ទី​៤ ទាក់ទង​នឹង​កំបោរ​បាយអរ​ម្រ័ក្សណ៍​៖ ពាស​បាយអរ​ដើម្បី​ភ្ជិត​កន្លែង​ប្រហោង ហើយ​លាប​ម្រ័ក្សណ៍​ពីលើ​រូប​។ ដោយឡែក​ទី​៥ អំពី​ដែក​៖ មាន​មូល ស្រួច ទាល ជ្រុង ដែល​យកមក​ធ្វើ​ជន្លួញ ធ្វើ​ខ្ចា​ប់​ដើម្បី​ត​ដុំថ្ម​ពីមួយ​ទៅមួយ​ទៀត ក្នុងការ​ធ្វើ​រូប​បដិមា ហើយ​មានគុណ​ភាពល្អ ប្រើ​បានយូរ​។ ចំណុច​ទី​៦ អំពី​ឈើ​៖ ធ្វើជា​ស្នៀត ពន្លួញ​ឈើ​ដើម្បី​ត​ថ្ម និង​ចុងក្រោយ គឺ​គ្រឿង​លម្អ​៖ នៅលើ​ស្បង់​ចីវរ ខ្សែក្រវ៉ាត់​មាន​លម្អ​ដោយ​សំបក​សិប្បីសត្វ​យ៉ាង​ស្រស់ស្អាត​។ 
 
​សូមបញ្ជាក់ថា ពុទ្ធបដិមា​ទាំងពីរ​អង្គ​នៅ​ប្រាង្គ​កណ្ដាល​ប្រាសាទប្រែរូប គឺ​បាន​បាត់បង់​ព្រះ​សីសៈ​(​ក្បាល​) ព្រះហស្ត​ទាំងស្រុង និង​ដាច់​ត្រឹម​កជើង​។ បដិមា​ព្រះពុទ្ធ​ទាំងពីរ​អង្គ​ធ្វើ​ពី​ថ្មភក់​ក្នុង​រចនាបទ​បាយ័ន ទ្រង់​ឈរ​ក្នុង​កាយវិការ​អភ័យ​មុ​ទ្រៈ​លម្អ​ដោយ​ខ្មុក​និង​ម្រ័ក្សណ៍ មាន​ក្បាច់​បិទ​លម្អ​ដោយ​គ្រឿង​សិប្បីសត្វ​ថែមទៀត​។ បើតាម​លក្ខណៈ​សម្គាល់​ខាង​ផ្នែក​ក្បាច់លម្អ​និង​រចនាបទ​បង្ហាញថា ព្រះ​ពុទ្ធរូប​ទាំងពីរ​អង្គ​ប្រហែលជា​ធ្វើឡើង​ក្នុងសម័យ​កណ្ដាល (​ស​.​វ ទី​១៥-១៦) ជា​សម័យ​ដែល​ខ្មែរ​ងាក​មក​គោរព​ព្រះពុទ្ធសាសនា​ថេរវាទ​វិញ ដ្បិត​ប្រាសាទ​នេះ​ដើម​ឡើង​គឺ​សាង​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ បច្ចុប្បន្ន​ប្រជាជន​នៅ​ជុំវិញ​ប្រាសាទ តែងតែ​មក​បន់ស្រន់​សុំ​ទឹកភ្លៀង និង​បាន​ហៅ​ពុទ្ធបដិមា​ទាំងពីរ​អង្គ​នេះ​ថា «​លោកតា​សៅ​»៕


 

Tag:
 ព្រះ​ពុទ្ធរូប
  ប្រាសាទបុរាណ​
  ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com