ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កសិករ​ដាំ​បន្លែ​សរីរាង្គ លោក លន សាវុធ សប្បាយចិត្ត​ដែលមាន​ចំណែក​ជួយ​ឱ្យ​សុខភាព​មនុស្ស​ទូទៅ​បាន​ល្អ​
20, Jan 2019 , 2:59 pm        
រូបភាព
​សៀមរាប​៖ នាពេល​បច្ចុប្បន្ននេះ បើ​គេ​និយាយ​ពី​បន្លែ​សរីរាង្គ​ដែល​ដាំ​ដុះ​តាម​គោលការណ៍​ធម្មជាតិ​សុទ្ធសាធ​នោះ គឺ​នៅមាន​តិចតួច​នៅឡើយ​។ ដ្បិតថា ការដាំដុះ​របៀបនេះ​ត្រូវបាន​ប្រើ​យូរ ចំណាយ​ច្រើន និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​។ លោក លន សាវុធ គឺជា​កសិករ​មួយរូប​ដែល​ជ្រើសរើស​ការដាំ​បន្លែ​សរីរាង្គ ដោយសារ​លោក​យល់​ពី​បញ្ហា​សុខភាព ទាំង​សម្រាប់​ខ្លួន​លោកអ្នក​ដាំ និង​សម្រាប់​អ្នក​ហូប​ទូទៅ​ផង​។ ក្នុង​របរ​ដាំ​បន្លែ​សរីរាង្គ​នេះ លោក​អាច​រកចំណូលបាន​ចន្លោះ​ពី​៦០០ ទៅ​៧០០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយខែ​។ ក្នុងនោះដែរ លោក​សប្បាយរីករាយ ដែលមាន​ចំណែក​ជួយ​ឱ្យ​សុខភាព​មនុស្ស​ទូទៅ​បាន​ល្អ​តាមរយៈ​ការហូប​បន្លែ​សរីរាង្គ​របស់លោក​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​ដោយសារ​ជា​ខេត្ត​ទេសចរណ៍​ដ៏​ធំ​មួយ​នៅ​កម្ពុជា ខេត្តសៀមរាប​មាន​តម្រូវការ​បន្លែ​ច្រើន​រៀងរាល់ថ្ងៃ សម្រាប់​ផ្គត់ផ្គង់​នៅតាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា​។ ពលរដ្ឋ​ខេត្តសៀមរាប មួយចំនួនធំ​ក្រៅពី​ធ្វើការ​នៅតាម​សណ្ឋាគារ​ហើយ​នោះ ក្នុងនោះ​របរ​សំខាន់​របស់​ពួកគេ​គឺ​អ្នក​ដាំ​បន្លែ​។ របរ​ដាំ​បន្លែ ធ្វើឱ្យ​កសិករ​រកចំណូលបាន​សមរម្យ​។​


 
​លោក លន សាវុធ ជា​កសិករ​នៅ​សង្កាត់​ក្របី​រៀល ដែល​កំពុង​ជោគជ័យ​លើ​កសិកម្មសរីរាង្គ​។ ក្របី​រៀល ស្ថិតនៅ​ប៉ែក​លិច​ឈៀង​ខាងត្បូង​ក្រុង​សៀមរាប​។ អ្នកភូមិ​នេះ​មាន​មុខរបរ​សំខាន់​ជា​អ្នក​ដាំ​បន្លែ​។ ផ្ទៃដី​ជុំវិញ​ផ្ទះ​របស់​ពួកគេ មិនមាន​ចន្លោះប្រហោង​ឡើយ គឺ​ត្រូវបាន​កាប់​គាស់ រៀបចំ​ជា​សួន​បន្លែ​តូចធំ​តាម​ការកែច្នៃ​ជាក់ស្ដែង​។​
 
​ខ្ញុំ​បាន​ចូលទៅ​ដល់ផ្ទះ​លោក លន សាវុធ ដែល​ដាំ​បន្លែ​សរីរាង្គ​ជាង ១០​ឆ្នាំ​មកហើយ​។ ផ្ទះ​មិនធំ​ប៉ុន្មាន​ទេ ហើយ​ដី​ជុំវិញ​ផ្ទះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​សង់រោង​ដាំ​បន្លែ ដែល​តាម​ការបញ្ជាក់រ​បស់​ម្ចាស់ផ្ទះ មាន​ទំហំ ២០​គុណ​៤៥​ម៉ែត្រ​។ នៅ​បរិវេណ​រោង​ដាំ​បន្លែ គេ​សង្កេតឃើញ​មាន​រុក្ខជាតិ​ចម្រុះ ធុង អាង​ស្ដុក​ទឹក រួម​និង​ម៉ាស៊ីន​កិនកម្ទេច​រុក្ខជាតិ​សម្រាប់ធ្វើ​ជីកំប៉ុស​សម្រាប់​ប្រើប្រាស់​ក្នុង​រោងបន្លែ​ទាំងមូល​។​
 
​ការជ្រើសរើស​សង់រោង​បន្លែ​សរីរាង្គ គឺមាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការដាំ​បន្លែ​។ លោក សាវុធ បញ្ជាក់ថា រោង​នេះ​ផ្តល់ឱកាស​ឱ្យ​លោក​អាច​ដាំ​បន្លែ​បាន​គ្រប់​រដូវ និង​ដាំ​វិលជុំ ដោយ​មិន​បារម្ភ​ពី​ការខាតបង់ និង​ខូចខាត​ឡើយ​។​
 
​តាមពិតទៅ រោងបន្លែ​របស់លោក សាវុធ ទើបនឹង​សង់​រយៈពេល​ជាង ១​ឆ្នាំនេះ​តែប៉ុណ្ណោះ គឺ​អំឡុង​ខែ តុលា ឆ្នាំ​២០១៧​។ រោង​នេះ​សង់​ពី​គ្រោង​ដែក ដំបូល​ប្រក់​កៅស៊ូ និង​មាន​រាយ​សំណាញ់​ប្រក់​មួយ​ជាន់​ទៀត​។ មូលហេតុ​ដែល​លោក​ជ្រើសរើស​របរ​ដាំ​បន្លែ​នេះ ដោយ​គិតថា​បន្លែ​មាន​តម្រូវការ​រាល់ថ្ងៃ​។ បន្លែ​សរីរាង្គ​ដែល​លោក សាវុធ បាននិងកំពុង​ដាំ​សព្វថ្ងៃ​មានដូចជា សាឡា​ត់​អឺរ៉ុប ខាត់ណា រ៉ូ​កែ​ត ស្ពៃ និង​ខ្ទឹម​មាន​ចំនួន​តិចតួច​។ ហើយ​បន្លែ​ដែលមាន​តម្លៃ​ខ្ពស់​នោះ ដូចជា​ប្រភេទ​សាឡា​ត់ និង​ខាត់ណា ដែលមាន​តម្លៃ​មួយ​ម៉ឺន​រៀល និង​រ៉ូ​កែ​ត តម្លៃ​២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ រាល់​ផលិតផល​កសិកម្ម​រប​ស់លោក សាវុធ គឺមាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ ដាក់​ស្លាក​តម្លៃ មុននឹង​នាំយកទៅ​ដាក់​នៅតាម​ផ្សារ​ទំនើប​ធំៗ​ក្នុង​ក្រុង​សៀមរាប​។​


 
​បើទោះបីជា​ការដាំ​បន្លែ​សរីរាង្គ​ត្រូវកា​ពេល​យូរ និង​ហត់នឿយ​ជាង​ដាំ​បន្លែ​ធម្មតា​ក៏ពិតមែន តែ​លោក សាវុធ មាន​កម្លាំងចិត្ត​ក្នុង​ការផលិត​បន្លែ​សរីរាង្គ ដោយសារ​តម្លៃ​ខ្ពស់ជាង​បន្លែ​ធម្មតា​។ បន្លែ​សរីរាង្គ​មានតម្លៃ​ខ្ពស់ជាង​បន្លែ​ធម្មតា​ពីរដង​ឯណោះ​។​
 
​មាន​សម្បុរ​ខ្មៅ ស្បែក​ជ្រាវ​ជ្រួញ​ដូច​ទៅនឹង​កសិករ​ផ្សេងទៀត​ដែរ ឆ្នាំនេះ​លោក សាវុធ អាយុ​៥៦​ឆ្នាំ​ហើយ​។ និយាយ​ដោយ​ទឹកមុខ​ញញឹម លាយ​នឹង​អារម្មណ៍​គិត​ទៅ​ឆ្ងាយ លោ​កថា​បាន​ចាប់​អាជីព​ជា​អ្នក​ដាំ​បន្លែ​នេះ​ជាង​១០​ឆ្នាំ​មកហើយ​។ លោក​ទទួលស្គាល់ថា របរ​មួយ​នេះ​មាន​ភាព​នឿយហត់​ខ្លាំង និង​ទាមទារ​ឱ្យមាន​ការអត់ធ្មត់​។ សព្វថ្ងៃ​ការដាំ​បន្លែ​របស់លោក​ពឹង​លើ​កម្លាំង​សា​មា​ជិ​ក​គ្រួសារ​ចំនួន​៣​នាក់ គឺមាន​លោក ប្រពន្ធ និង​កូនស្រី​។ រាល់ថ្ងៃ​លោក សាវុធ មិនសូវ​បានចេញ​ទៅណា​ឆ្ងាយ​ឡើយ គឺ​ការដាំ​បន្លែ​សរីរាង្គ​នេះ ទាមទារ​ឱ្យ​លោក​នៅជាប់​នឹង​កន្លែង​ដាំ​ជានិច្ច ដើម្បី​ថែទាំ​។ យ៉ាងណា​លោក​ថា សប្បាយចិត្ត​ពេល​ខ្លួន​មាន​ចំណែក​ធ្វើឱ្យ​សុខភាព​មនុស្ស​ទូទៅ​ល្អ​តាមរយៈ​ហូប​បន្លែ​ដែលមាន​សុវត្ថិភាព មិន​បង្ក​ជា​ជំងឺ​ផ្សេងៗ​។​
 
​ដ្បិតថា ផ្ទៃដី​នៅមានកម្រិត ហើយ​ការដាំដុះ​ក៏​មិនមាន​បរិមាណ​ច្រើន​ដែរ​។ យ៉ាងណា ដោយសារ​ជ្រើសរើស​ការដាំដុះ​បន្លែ​ដែលមាន​ទីផ្សារ​ល្អ គឺ​ដាំ​តែ​បន្លែ​ណា​ដែលមាន​តម្រូវការ​ច្រើន​នោះ ធ្វើឱ្យ​លោក សាវុធ អា​ចរក​ចំណូល​ចាប់ពី ២៥ ទៅ​៣០​ដុល្លារ​ក្នុង​មួយថ្ងៃ​ក្នុង​បរិមាណ​បន្លែ​ចាប់ពី ១០​ទៅ​៣០​គីឡូក្រាម​។ ចំនួន​នេះ​អាចឱ្យ​គ្រួសារ​លោក​រកចំណូលបាន​ពី​៦០០ ទៅ​៧០០​ដុល្លារ​ក្នុង​មួយខែ​។ ចំណូល​នេះ​មានការ​ធ្លាក់ចុះ​ទៅតាម​បរិមាណ​បន្លែ និង​តម្លៃ​តាម​រដូវ​កាល​។ 


 
​របរ​ដាំ​បន្លែ ជា​ចំណែក​ដ៏​ធំ​ធ្វើឱ្យ​លោក សាវុធ មានលទ្ធភាព​ផ្គត់ផ្គង់​ដល់​ការសិក្សា​កូនៗ​របស់លោក​ចំនួន​៥​នាក់ ឱ្យ​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។ កូន​របស់លោក​ម្នាក់​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ ម្នាក់​កំពុង​សិក្សា​នៅ​ប្រទេស​វៀតណាម និង​៣​នាក់​ទៀត​កំពុង​សិក្សា​នៅ​ភ្នំពេញ​។ លោក​និយាយ​ដោយ​ទឹកមុខ​រីករាយ និង​មាន​មោទកភាព​ចំពោះ​រឿងនេះ​។ យ៉ាងណា​លោក​ថា ទោះ​លោក​មាន​មោទកភាព​ក្នុង​ខ្លួន​ដោយសារ​ជួយ​ឱ្យ​សុខភាព​មនុស្ស​ទូទៅ​ល្អ​ពិតមែន តែ​នៅមាន​មនុស្ស​មួយចំនួន​មិនទាន់​យល់​ពី​សារប្រយោជន៍​ទាំង​នេះដែរ ហើយក៏​នៅមាន​អ្នកភូមិ​តិចតួច​នៅឡើយ​ដែល​យល់​ពី​ការដាំ​បន្លែ​សុវត្ថិភាព ដោយ​ពួកគេ​គិតថា បន្លែ​ដែល​ប្រើ​ថ្នាំ​គីមី ងាយស្រួល​ដាំ និង​រហ័ស​ជាង​ការដាំ​បន្លែ​សរីរាង្គ​។ លោក សាវុធ និយាយ​ដោយ​ទឹកមុខ​ហាក់​នៅ​ទើសទាល់ ព្រោះ​អ្នក​ដាំ​បន្លែ​មួយចំនួន អាត្មានិយម គិតតែ​ចំណូល​ខ្ពស់​ទោះ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​ប៉ុណ្ណា​ក៏ដោយ​។​
 
​ទោះបីជា​បច្ចុប្បន្ន​មាន​វ័យ​ជិត ៦០​ឆ្នាំទៅ​ហើយក៏​ពិតមែន តែ​លោក សាវុធ ដែល​ស្រដី​មួយៗ​នេះ​ហាក់​នៅមាន​កម្លាំង​មាំមួន មិន​ចាញ់​យុវវ័យ​ប៉ុន្មាន​ទេ​។ លោក​ប្រាប់​អ្នកសារព័ត៌មាន​ដែល​បាន​ចោទ​ជា​សំណួរ​ទៅ​លោ​កថា នឹង​បន្ត​ដាំ​បន្លែ​នេះ​រហូតដល់​លោក​ធ្វើ​លែងកើត (​គ្មាន​កម្លាំង​) និង​មានបំណង​ពង្រីក​ផ្ទៃ​ដាំ​ដុះ​របស់លោក​ឱ្យ​ធំ​ជាង​សព្វថ្ងៃ​២ ទៅ​៣​ដង​ឯណោះ​។ លោក​ក៏បាន​ត្រៀម​ដី​សម្រាប់​រៀបចំ​រួចហើយ​ដែរ តែ​ថា​នៅ​ខ្វះ​ទុន​។​
 
​សម្រាប់ លោក សាវុធ ការជ្រើសរើស​បន្លែ​ដើម្បី​ហូប​រាល់ថ្ងៃ គឺមាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​ទូទៅ​។ បន្លែ​ចាត់ទុក​ដូច​អាហារ​មួយ​ប្រភេទ​សម្រាប់​ទ្រទ្រង់ និង​ជួយ​ដល់​រាងកាយ​ឱ្យមាន​សុខភាព​មាំទាំ បើ​ជ្រើសរើស​បន្លែ​ល្អ នោះ​សុខភាព​របស់​យើង​ក៏​ល្អ​តាម​នោះដែរ​។ ជាមួយគ្នានេះ លោក​ចង់ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​យល់​ពី​បញ្ហា​នេះ និង​ងាក​មក​ហូប​បន្លែ​សរីរាង្គ ដ្បិតថា​វា​មាន​ត​ម្លែ​ថ្លៃ​ជាង​បន្លែ​ធម្មតា​បន្ដិច​មែន តែ​អាចឱ្យ​យើង​មាន​សុខភាព​ល្អ មិនមាន​ជំងឺ​ឈឺ​ឆ្កា​ត់​អ្វី​ឡើយ​៕








 

© រក្សាសិទ្ធិដោយ thmeythmey.com