ជាតិ
សង្គមជាតិ
មនុស្សមួយក្រុមធំ មានចិន២៩នាក់និងវៀតណាម២៣នាក់ ត្រូវចាប់ខ្លួនពីបទល្មើសគ្រឿងញៀន រូបពីអគ្គស្នងការនគរបាលជាតិ
× កម្លាំងប្រតិបត្តិការប៉ូលិសដ៏ធំមួយ បានសម្រុកទៅបង្ក្រាបជនល្មើសមួយក្រុម ដែលមានគ្នាដល់ទៅ៥៨នាក់ (ស្រី២៤នាក់) ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នៅក្នុងក្លឹបឈ្មោះប្រូ ស្ថិតនៅចំណុចមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង១២និង១៥នាទីយប់ ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩។
អគ្គសង្នការនគរបាលជាតិ ចុះផ្សាយថា បទល្មើសដែលត្រូវបង្ក្រាបក្នុងប្រតិបត្តិការនេះ គឺការជួញដូរគ្រឿងញៀន ការផ្តល់ទីតាំងឲ្យជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន។ នគរបាលជាតិ បន្ថែមថា ជនល្មើសទាំងនោះ គឺមានជនជាតិចិន២៩នាក់ (ស្រី៥នាក់) ជនជាតិវៀតណាម ២៣នាក់ (ស្រី១៥នាក់) ជនជាតិថៃ២នាក់ ជនជាតិខ្មែរ៣នាក់ (ស្រី២នាក់) និងជនជាតិកូរ៉េ១នាក់។
បើតាមនគរបាលជាតិ ជនសង្ស័យទាំងនោះ រួមមាន អនុប្រធានក្រុមហ៊ុនម្នាក់ ជាម្ចាស់ទីតាំង មេការធំម្នាក់ មេការតូចម្នាក់ អ្នកប្រើប្រាស់៥៣នាក់ និងអ្នកកំដរ២នាក់។ ក្រោយធ្វើតេស្តរួច សមត្ថកិច្ចរកឃើញថា មាន៥២នាក់ ដែលបានប្រើប្រាសគ្រឿងញៀន ឯ៦នាក់ទៀត មិនប្រើប្រាស់ទេ។
នគរបាលជាតិ បានឲ្យដឹងទៀតថា ចំពោះវត្ថុតាងដែលចាប់បាន រួមមាន អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២.៥ក្រាម ម្សៅគេតាមីន៦.៥៨ក្រាម និងម្សៅកាហ្វេអ៊ិចស្តាស៊ី៩៧.៨ក្រាម។ ប្រភពដដែល បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការតាមនីតិវិធី៕
Tag:
ចិន
វៀតណាម
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com