អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ផលិតផល AngkorMilk រៀបចំ​កម្មវិធី​ជួបជុំ​ប្រចាំឆ្នាំ​ជាមួយ​ដៃគូ​ធុរកិច្ច​របស់ខ្លួន ដើម្បី​សាទរ​ជោគជ័យ​មួយឆ្នាំ​កន្លងមក
20, Jan 2019 , 3:40 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ក្រុមហ៊ុន​អង្គរ​ឌែ​រី ប្រដាក់​ខូ​អិ​ល​ធី​ឌី បាន​ប្រារព្ធ​ពិធី​ជួបជុំ​ដៃគូ​ធុរកិច្ច​របស់ខ្លួន​ពី​គ្រប់​បណ្ដា​រាជធានី​ខេត្ត​ទូទាំងប្រទេស ក្នុង​គោលបំណង​ជួបជុំ​សំណេះសំណាល និង​អបអរសាទរ​សមិទ្ធផល​ដ៏​ល្អ​ដែល​ទទួលបាន​ក្នុង​ឆ្នាំ​២០១៨​កន្លងមក ព្រមទាំង​បង្ហាញ​គោលដៅ និង​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​២០១៩ ។
 
​លោក កុយ សុវណ្ណ នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​អង្គរ​ឌែ​រី បាន​ថ្លែងថា​៖«​ក្រោយពី​ដំណើរ​អស់​រយៈពេល​ពីរ​ឆ្នាំ ឃើញថា​ចំណែក​ទីផ្សារ និង​ចង្វាក់​ផលិតកម្ម មានការ​កើនឡើង ពិសេស​ក្នុង​ឆ្នាំ​២០១៨ កន្លងមកនេះ គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្ដែង​ទឹកដោះគោ​រាវ អាច​ផលិត​បាន ២៣​លាន​លីត្រ​ក្នុង​មួយឆ្នាំ ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ យើង​បាន​បន្ថែម​ចង្វាក់​ផលិតកម្ម​ដល់ ៤៦​លាន​លីត្រ ហើយ​រំពឹងថា​បរិមាណ​នេះ​នឹង​កើន​ដល់ ១០០​លាន​លីត្រ​នៅ​ឆ្នាំ​២០១៩​នេះ ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ទីផ្សារ​។ ចំណែក​ទឹកដោះគោ​ខាប់ យើង​អាច​ផលិត​បាន ៨០​លាន​កំប៉ុង​ក្នុង​មួយឆ្នាំ ហើយ​យ៉ា​អួ​ប្រមាណ ៧៤​លាន​កំប៉ុង​ក្នុង​មួយឆ្នាំ ដោយសារ​កំណើនសេដ្ឋកិច្ច កម្លាំង​ទីផ្សារ​យ៉ា​អួ​នឹង​កើនឡើង​ពីរដង​នៅ​ឆ្នាំ​២០១៩»​។​


 
​បើតាម​លោក កុយ សុវណ្ណ ក្រុមហ៊ុន​អង្គរ​មី​ល​បានផ្ដល់​ការងារ​ប្រមាណ ៣៥០​នាក់ និង​ត្រូវ​បង្កើន ៥០០​នាក់​ក្នុង​ចង្វាក់​ផលិត ហើយ​បណ្ដាញ​ចែកចាយ​អាច​កើន​ពី ១៥០០០​គ្រួសារ ទៅ ២៥០០០​គ្រួសារ​។​
 
«​ដោយសារ​មាន​ភាពជោគជ័យ​ក្នុង​ប្រតិបត្តិការ​ទីផ្សារ និង​ការទទួលបាន​ចំណែក​ទីផ្សារ​ដ៏​លើសលុប លើស​ក្ដី​រំពឹង ដូចនេះ​យើង​រៀបចំ​ពិធី​នេះ​ឡើង​ដើម្បី​ថ្លែង​អំណរ​ដល់​ដៃគូ​សហការ និង​ការគាំទ្រ​ផលិតផល​របស់​យើង​នៅ​ទូទាំងប្រទេស​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក កុយ សុវណ្ណ ។​
 
​បន្ថែម​ពីនេះ​បើតាម​លោក កុយ សុវណ្ណ ក្រុមហ៊ុន​អង្គរ​ឌែ​រី បានរួម​ចំណែក​លើ​កិច្ចការ​សង្គម ដោយ​កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ចែក​ទឹកដោះគោ​ដល់​សិស្សានុសិស្ស​ទូទាំងប្រទេស​ចំនួន​ជិត ២០០​សាលារៀន ហើយ​ក្រុមហ៊ុន​ក៏មាន​កម្មវិធី​ទទួល​សិស្ស​និស្សិត​ទៅ​ទស្សនកិច្ច​នៅ​រោងចក្រ​របស់ខ្លួន​ផងដែរ​។​


 
​រោងចក្រ​អង្គរ​ឌែ​រី​ទទួលបាន​វិញ្ញាបណ្ណបត្រ​សមាជិក​ក្រុម​ធុរកិច្ច​ជន​ល្អ​បំផុត​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បញ្ជាក់​ពី​ការតាំង​ចិត្ត​ចូលរួម​បង់ពន្ធ​ជូន​រដ្ឋ​ដ៏​ឆ្នើម​។ បច្ចុប្បន្ន​រោងចក្រ​បា​ផលិត​ផលិតផល​ទឹកដោះគោ​ចំនួន ១៥​ប្រភេទ ដូចជា ទឹកដោះគោ​ខាប់​ក្បាល​គោ ទឹកដោះគោ​ខាប់​ខម​មែន​ឌឺ ទឹកដោះគោ​បឺត ADM ទឹកដោះគោ​ស្រស់​ហ្វ៊ី​ណូ យ៉ា​អ៊ួ​រ​អង្គរ​មី​ល ទឹកដោះគោ​ជូរ​អង្គរ​មី​ល​រស់ជាតិ​ស្ត្រ​ប៊ឺ​រី និង​ទឹក​សណ្ដែក​អង្គរ​មី​ល​។ ក្នុង​ឆ្នាំ​២០១៩​នេះ រោងចក្រ​នឹង​បង្កើន​ផលិតផល​ទឹកដោះគោ​ចំនួន​៦​ប្រភេទ​ទៀត ដើម្បី​ពង្រឹង​ការប្រកួតប្រជែង និង​កាន់កាប់​ចំណែក​ទីផ្សារ​កាន់តែ​ធំ​ជូន​ដល់​ដៃគូ​ធុរកិច្ច​។​
 
​ក្រុមហ៊ុន​អង្គរ​ឌែ​រី សន្យាថា​នឹង​អភិវឌ្ឍន៍​ផលិត​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ក្នុង​ទីផ្សារ បង្កើត​ការងារ និង​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ បន្ថែម​ពីនេះ ក្រុមហ៊ុន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដៃគូ​ធុរកិច្ច បណ្ដាញ​ចែកចាយ កាន់​តែមាន​ភាពជឿជាក់​ចំពោះ​ក្រុមហ៊ុន ពង្រឹង​កិច្ចសហការ ដើម្បី​ឲ្យ​ផលិត​របស់​ក្រុមហ៊ុន​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​នៅលើ​ទីផ្សារ​៕
 















© រក្សាសិទ្ធិដោយ thmeythmey.com