ពីនេះ ពីនោះ
ដង់ស៊ីតេ ត្រី​ប៉ា​សា​ណាក ធ្លាក់ចុះ​ដល់ ៩០​ភាគរយ នាពេល​បច្ចុប្បន្ន​
20, Jan 2019 , 7:19 pm        
រូបភាព
​ត្រី​ប៉ា​សា​ណាក​។ រូបគំនូរ​ដោយ​៖ ឈុត ឈា​ណា​
​ត្រី​ប៉ា​សា​ណាក​។ រូបគំនូរ​ដោយ​៖ ឈុត ឈា​ណា​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែល​រស់នៅក្នុង​ទឹកសាប ដែលមាន​រស់នៅ ពាល​ពេញ​តាម​ដង​ទន្លេមេគង្គ​ទាំងមូល នា​ពាក់កណ្តាល​ជម្រៅ​ទឹក នា​តំបន់​ថ្ម​ប៉ប្រះ​ទឹក ដោយ​កូន​ត្រី​រស់​នៅតាម​ដៃទន្លេ​នានា​។ ប៉ុន្តែ បច្ចុប្បន្ន ដង់ស៊ីតេ​នៃ​ត្រី​ប្រភេទ​នេះ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ទាំង​កូន​ត្រី និង​ត្រី​ធំៗ ហូត​ដល់​ជាង ៩០​ភាគរយ​។


​ត្រី​ប៉ា​សា​ណាក មានឈ្មោះ​វិទ្យាសាស្ត្រ (Aaptosyax grypus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant salmon carp មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៣០ ស​.​ម និង​ទម្ងន់​អតិបរមា ៣០​គីឡូក្រាម​។ វា​ជា​ប្រភេទ​ត្រី បំ​សាហារ​សត្វ (​ស៊ីសាច់​ជា​អាហារ​) ដ៏​ធំ ចាប់​ត្រី​តូចៗ នៅ​ពាក់កណ្តាល​ជម្រៅ​ទឹក និង​ផ្ទៃ​ទឹក​ខាងលើ​ជា​អាហារ​។ ត្រី​ប៉ា​សា​ណាក ធ្វើចរាចរ​ផ្លាស់​ទី​ទៅ​ចាប់ពី​ខែមករា ដល់​គុ​ម្ភៈ ចូលទៅក្នុង​អន្លង់​ធំៗ​ក្នុង​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង ខាងក្រោម​ល្បាក់ខោន ដើម្បី​ពង​-​កូន​។​
 
​ត្រី​ប៉ា​សា​ណាក ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​។ បញ្ហា​ប្រឈម​ចំពោះ ត្រី​ប៉ា​សា​ណាក មានដូចជា ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com