កីឡាជាតិ
ជាតិ
ភាពអស្ចារ្យនិងស្រស់ស្អាតរបស់អង្គរវត្តបានទាក់ចិត្ត Debbie ឲ្យមកកម្ពុជាម្តងហើយម្តងទៀត
× កីឡាការិនីសិង្ហបុរី Debbie បានចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail បានពីរលើកហើយបើគិតទាំងឆ្នាំនេះ។ តែវាជាលើកទី៤សម្រាប់កីឡាការិនីស្រស់ស្អាតរូបនេះ ដែលបានមកទស្សនានិងដើរកម្សាន្តនៅកម្ពុជា។ នាងប្តេជ្ញានឹងមកកម្ពុជាជាបន្តបន្ទាប់ទៀត បើមានការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនៅទីនេះ។ តើកត្តាអ្វី ដែលជំរុញឲ្យនាងចង់មកទស្សនានៅកម្ពុជា?
ភាពអស្ចារ្យជាមួយក្បួនក្បាច់រចនានៃសំណង់ស្ថាបត្យកម្មរបស់ប្រាសាទអង្គរវត្ត និងប្រាសាទបុរាណដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរដទៃទៀត បានទាក់ទាញចិត្តកីឡាការិនីដ៏ស្រស់ស្អាតរបស់សិង្ហបុរី Debbie ឲ្យចង់មកទស្សនាកម្ពុជាម្តងហើយម្តងទៀតមិនជិនណាយ។ បដិសណ្ឋារកិច្ចល្អរបស់ម្ចាស់អាជីវកម្ម និងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ក៏កត្តារួមចំណែកទាក់ទាញកីឡាការិនីរូបនេះផងដែរ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយចូលរួមរត់លើវិញ្ញាសា៣២គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trail កីឡាការិនីរូបនេះបានរៀបរាប់ដូច្នេះថា៖«ខ្ញុំចូលចិត្តកម្ពុជា ព្រោះជាប្រទេសដ៏ស្រស់ស្អាត ដូច្នេះទើបធ្វើឲ្យខ្ញុំមកចូលរួមរត់នៅកម្ពុជាម្តងទៀត។ ទីនេះ(អង្គរវត្ត)មានប្រាសាទបុរាណដ៏ស្រស់ស្អាតជាច្រើន ដែលអាចទាក់ទាញចិត្តខ្ញុំ និងមនុស្សជាច្រើនទូទាំងពិភពឲ្យមកទស្សនានៅកម្ពុជា»។
ហេតុផងទាំងនេះបានធ្វើឲ្យកីឡាការិនីដ៏ស្រស់ស្អាតខាងលើសន្យាថា នាងនឹងមកកម្ពុជានៅលើកក្រោយជាបន្តបន្ទាប់ទៀត បើសិនកម្ពុជាមានការរៀបចំព្រឹត្តិការណ៍ប្រណាំង ជាពិសេស Angkor Ultra Trail នេះតែម្តង។ Debbie ធ្លាប់ចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ខាងលើបានចំនួនបើគិតទាំងឆ្នាំ២០១៩។ តែនាងមិនធ្លាប់ទទួលបានលទ្ធផលល្អនោះឡើយ។ នេះជាវត្តមានលើកទី៤នៅកម្ពុជា សម្រាប់ Debbie។ ក្រៅពីខេត្តសៀមរាប នាង ក៏ធ្លាប់មកលេងនៅរាជធានីភ្នំពេញផងដែរ៕
Tag:
រត់ប្រណាំង
Angkor Ultra Trail
Debbie
© រក្សាសិទ្ធិដោយ thmeythmey.com