ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​ថា​អ្វី​នឹង​កើតឡើង​ចំពោះ​រាងកាយ ក៏ដូចជា ខួរក្បាល នៅពេល​អ្នក​ស្រក​ទម្ងន់​?
22, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រាល់ ១០ ផោន​នៃ​ទម្ងន់​ដែល​អ្នក​បាត់បង់ ឬ​ស្រក​នោះ​ប្រមាណ​ជា​ជិត ៤ គីឡូក្រាម​ត្រូវបាន​បញ្ចេញ​ទៅក្នុង​ខ្យល់ ហើយ​នៅសល់​ទាំងអស់​ត្រូវ​បំ​លែង​ទៅជា​ញើស​, ទឹកភ្នែក​, ទឹកនោម និង​សារធាតុ​រាវ​ដទៃទៀត​ចេញពី​រាងកាយ​។ ការ​ស្រក​ទម្ងន់​មិន​ត្រឹមតែ​ធ្វើឱ្យ​ក្បាលពោះ​មាន​ភាពប្រែប្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ចំពោះ​រាងកាយ​ទាំងមូល​តែម្ដង​ដែល​ជួបប្រទះ​ការផ្លាស់ប្ដូរ​ជាច្រើន​។ ហើយ​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​នឹងមាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ ក៏ដូចជា​ខួរក្បាល​ទៅ​នៅពេល​អ្នក​ស្រក​ទម្ងន់​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​នូវ​អ្វីដែល​អាច​នឹង​កើតឡើង ៖
 
១. អ្នក​ឈប់​ស្រមុក​
 
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា ការ​ស្រក​ទម្ងន់​យ៉ាងហោចណាស់ ៥ ភាគរយ​អាចជួយ​ឱ្យ​អ្នក​គេង​លក់បាន​ស្រួល​ស្កប់ និង​យូរ​ជាង​មុន​នៅពេល​យប់​។ សូម្បីតែ​ការ​ស្រក​ទម្ងន់​ត្រឹមតែ​បន្តិចបន្តួច​ក៏ដោយ ក៏​វា​អាចជួយ​កាត់បន្ថយ​ទម្ងន់​ដែល​លើស​នៅ​ជុំវិញ​ក​របស់​អ្នក​ដែលជា​ញឹកញយ​រារាំង​ផ្លូវដង្ហើម​ខាងលើ ហើយ​ធ្វើឱ្យ​រោគសញ្ញា​នៃ​ការ​គេង​មិន​ដកដង្ហើម និង​ស្រមុក​កាន់តែ​ធ្ងន់ធ្ងរ​។​
 
២. ចំណង់​អាហារ​របស់​អ្នក​កើនឡើង​
 
​នៅពេល​អ្នក​ស្រក​ទម្ងន់ វា​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន leptin ដែល​បញ្ចេញ​ដោយ​កោសិកា​ខ្លាញ់​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​ថា​អ្នក​ឆ្អែត​។ ខណៈដែល​រាងកាយ​ព្យាយាម​ធ្វើឱ្យ​កម្រិត​អ័រម៉ូន leptin ត្រឡប់មក​ធម្មតា​វិញ គឺ​វា​អាច​នាំឱ្យ​ចំណង់​អាហារ​របស់​អ្នក​កើនឡើង និង​ឃ្លាន​ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ និង​កាឡូរី​ខ្ពស់​។ ប៉ុន្តែ​កុំ​ឆាប់​ចុះចាញ់ ក៏​ព្រោះ​ការ​ឃ្លាន​ទាំងនេះ​នឹង​បាត់ទៅ​វិញ​ដោយ​ឯកឯង​នៅពេល​រាងកាយ​ស៊ាំ​នឹង​របប​អា​ហរ ក៏ដូចជា​របៀប​នៃ​ការរស់នៅ​ថ្មី​របស់​អ្នក​។​
 
៣. ការចងចាំ​ប្រសើរឡើង​ជាង​មុន​
 
​ខួរក្បាល គឺជា​សរីរាង្គ​មួយទៀត​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​ស្រក​ទម្ងន់​។ ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​ឱ្យដឹងថា ការ​ស្រក​ទម្ងន់ ឬ​បាត់បង់​នូវ​ជាតិ​ខ្លាញ់​ដែល​លើស​អាច​បង្កើន​សមត្ថភាព​នៃ​ការចងចាំ​របស់​ខួរក្បាល រួមទាំង​ការរៀបចំ​គម្រោង​, បង្កើត​យុទ្ធសាស្ត្រ និង​រៀបចំ​អ្វីមួយ​។ ក្រោយ​ស្រក​ទម្ងន់​នោះ​ខួរក្បាល​របស់​អ្នក​ក៏​ប្រែជា​សកម្ម​ជាង​មុន​នៅពេល​រក្សាទុក​នូវ​ការចងចាំ​ថ្មីៗ​។​
 
៤. អ្នក​លែង​សូវ​ឈឺក្បាល​ញឹកញាប់​ដូច​មុន​
 
​ទោះបី​ជាការ​ធាត់​ជ្រុល​មិន​បង្ក​ឱ្យ​កើតមាន​បញ្ហា​ឈឺក្បាល​ដោយផ្ទាល់​ក៏ដោយ ក៏​វា​បង្កើន​ហានិភ័យ​នៃ​អាកា​រៈ​ឈឺក្បាល​ប្រកាំង​ដល់​ទៅ ៥០ ភាគរយ​។ កោសិកា​ខ្លាញ់​បង្កើន​បរិមាណ​នៃ​ការ​រលាក​ក្នុង​រាងកាយ​ដែល​អាច​បង្ក​ជា​អា​ការៈឈឺ​ក្បាល​ប្រកាំង​។ ដូច្នេះហើយ​ទើប​ការ​ស្រក​ទម្ងន់​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ឈឺក្បាល​។​
 
៥. វដ្ត​រដូវ​ប្រែប្រួល​
 
​កម្រិត​នៃ​អ័រម៉ូន គឺមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ទៅនឹង​ទម្ងន់​នៃ​រាងកាយ​។ ដូច្នេះ​នៅពេល​ស្រក ឬ​កើន​ទម្ងន់ នោះ​ប្រព័ន្ធ​អង់​ដូ​គ្រី​ន​របស់​អ្នកនឹង​ជួបប្រទះ​នូវ​ភាពប្រែប្រួល​ជាមិនខាន​។ ការឡើង ឬ​ធ្លាក់ចុះ​នូវ​កម្រិត​នៃ​អ័រម៉ូន estrogen និង testosterone អាច​បណ្ដាលឱ្យមាន​ភាព​មិន​ប្រក្រតី​នៃ​ការ​មក​ឈាមរដូវ​ដូចជា ឈាមរដូវ​តិច ឬ​ច្រើន និង​រយៈពេល​នៃ​ការ​មក​រដូវ​ខ្លី ឬ​វែង​។​
 
៦. ឈប់​ឈឺជង្គង់​ទៀត​
 
​ការ​ស្រក​ទម្ងន់​ត្រឹមតែ ១ ផោន បាន​កាត់បន្ថយ​សម្ពាធ​នៅលើ​សន្លាក់​ជង្គង់​ដល់​ទៅ ៤ ផោន​។ លើសពីនេះទៅទៀត ការ​ស្រក​ទម្ងន់ ឬ​ខ្លាញ់​នៅ​ជុំវិញ​ក្បាលពោះ​ច្រើន​អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​សន្លាក់​ដទៃទៀត​។​
 
៧. ស្បែក​របស់​អ្នក​ប្រែជា​ស្រស់ថ្លា​ជាង​មុន​
 
​ការ​ស្រក​ទម្ងន់​ដែល​លើស​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកមាន​សុខ​ភាពល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បង្កើន​សម្រស់​របស់​អ្នក​ផងដែរ ដោយ​ជួយ​ឱ្យ​ស្បែក​ប្រែជា​ស្រស់ថ្លា​ជាង​មុន និង​ឈប់​របក​, សក់​ក៏​ប្រែជា​កាន់តែ​ក្រាស់ ហើយ​ក្រចក​ប្រែជា​រឹងមាំ​។​

៨. ថាមពល​កើនឡើង​
 
​រឿង​ដំបូង​បំផុត​ដែល​អ្នកនឹង​ជួបប្រទះ​ក្រោយពេល​ស្រក​ទម្ងន់​ដែល​លើស​នោះ គឺ​ការកើនឡើង​នូវ​ថាមពល​រាងកាយ​។ មូលហេតុ​ដ៏​សាមញ្ញ​នោះ គឺ​ទម្ងន់​កាន់តែ​តិច​ធ្វើឱ្យ​អ្នក​អាច​សន្សំ​កម្លាំង​បាន​ច្រើន​សម្រាប់ធ្វើ​សកម្មភាព​សំខាន់​ផ្សេងៗ​។ ក្រៅពីនេះ ការ​ស្រក​ទម្ងន់​បង្កើន​ប្រសិទ្ធិភាព​នៃ​ការ​ស្រូបយក​អុកស៊ីសែន ដូច្នេះ​អ្នកនឹង​មិន​ជួបប្រទះ​បញ្ហា​ពិបាក​ដកដង្ហើម​ទៀត​ទេ​នៅពេល​ឡើងជណ្ដើរ ឬ​ក្រោយពី​រត់​បន្តិច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com