រាល់ ១០ ផោននៃទម្ងន់ដែលអ្នកបាត់បង់ ឬស្រកនោះប្រមាណជាជិត ៤ គីឡូក្រាមត្រូវបានបញ្ចេញទៅក្នុងខ្យល់ ហើយនៅសល់ទាំងអស់ត្រូវបំលែងទៅជាញើស, ទឹកភ្នែក, ទឹកនោម និងសារធាតុរាវដទៃទៀតចេញពីរាងកាយ។ ការស្រកទម្ងន់មិនត្រឹមតែធ្វើឱ្យក្បាលពោះមានភាពប្រែប្រួលប៉ុណ្ណោះទេ ប៉ុន្តែគឺចំពោះរាងកាយទាំងមូលតែម្ដងដែលជួបប្រទះការផ្លាស់ប្ដូរជាច្រើន។ ហើយតើអ្នកធ្លាប់ឆ្ងល់ទេថានឹងមានអ្វីកើតឡើងចំពោះរាងកាយ ក៏ដូចជាខួរក្បាលទៅនៅពេលអ្នកស្រកទម្ងន់?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងនូវអ្វីដែលអាចនឹងកើតឡើង ៖
១. អ្នកឈប់ស្រមុក
ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា ការស្រកទម្ងន់យ៉ាងហោចណាស់ ៥ ភាគរយអាចជួយឱ្យអ្នកគេងលក់បានស្រួលស្កប់ និងយូរជាងមុននៅពេលយប់។ សូម្បីតែការស្រកទម្ងន់ត្រឹមតែបន្តិចបន្តួចក៏ដោយ ក៏វាអាចជួយកាត់បន្ថយទម្ងន់ដែលលើសនៅជុំវិញករបស់អ្នកដែលជាញឹកញយរារាំងផ្លូវដង្ហើមខាងលើ ហើយធ្វើឱ្យរោគសញ្ញានៃការគេងមិនដកដង្ហើម និងស្រមុកកាន់តែធ្ងន់ធ្ងរ។
២. ចំណង់អាហាររបស់អ្នកកើនឡើង
នៅពេលអ្នកស្រកទម្ងន់ វាកាត់បន្ថយកម្រិតនៃអ័រម៉ូន leptin ដែលបញ្ចេញដោយកោសិកាខ្លាញ់បញ្ជូនសញ្ញាទៅខួរក្បាលថាអ្នកឆ្អែត។ ខណៈដែលរាងកាយព្យាយាមធ្វើឱ្យកម្រិតអ័រម៉ូន leptin ត្រឡប់មកធម្មតាវិញ គឺវាអាចនាំឱ្យចំណង់អាហាររបស់អ្នកកើនឡើង និងឃ្លានទទួលទានអាហារសម្បូរទៅដោយជាតិខ្លាញ់ និងកាឡូរីខ្ពស់។ ប៉ុន្តែកុំឆាប់ចុះចាញ់ ក៏ព្រោះការឃ្លានទាំងនេះនឹងបាត់ទៅវិញដោយឯកឯងនៅពេលរាងកាយស៊ាំនឹងរបបអាហរ ក៏ដូចជារបៀបនៃការរស់នៅថ្មីរបស់អ្នក។
៣. ការចងចាំប្រសើរឡើងជាងមុន
ខួរក្បាល គឺជាសរីរាង្គមួយទៀតដែលទទួលបានអត្ថប្រយោជន៍ពីការស្រកទម្ងន់។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យដឹងថា ការស្រកទម្ងន់ ឬបាត់បង់នូវជាតិខ្លាញ់ដែលលើសអាចបង្កើនសមត្ថភាពនៃការចងចាំរបស់ខួរក្បាល រួមទាំងការរៀបចំគម្រោង, បង្កើតយុទ្ធសាស្ត្រ និងរៀបចំអ្វីមួយ។ ក្រោយស្រកទម្ងន់នោះខួរក្បាលរបស់អ្នកក៏ប្រែជាសកម្មជាងមុននៅពេលរក្សាទុកនូវការចងចាំថ្មីៗ។
៤. អ្នកលែងសូវឈឺក្បាលញឹកញាប់ដូចមុន
ទោះបីជាការធាត់ជ្រុលមិនបង្កឱ្យកើតមានបញ្ហាឈឺក្បាលដោយផ្ទាល់ក៏ដោយ ក៏វាបង្កើនហានិភ័យនៃអាការៈឈឺក្បាលប្រកាំងដល់ទៅ ៥០ ភាគរយ។ កោសិកាខ្លាញ់បង្កើនបរិមាណនៃការរលាកក្នុងរាងកាយដែលអាចបង្កជាអាការៈឈឺក្បាលប្រកាំង។ ដូច្នេះហើយទើបការស្រកទម្ងន់អាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាឈឺក្បាល។
៥. វដ្តរដូវប្រែប្រួល
កម្រិតនៃអ័រម៉ូន គឺមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងទម្ងន់នៃរាងកាយ។ ដូច្នេះនៅពេលស្រក ឬកើនទម្ងន់ នោះប្រព័ន្ធអង់ដូគ្រីនរបស់អ្នកនឹងជួបប្រទះនូវភាពប្រែប្រួលជាមិនខាន។ ការឡើង ឬធ្លាក់ចុះនូវកម្រិតនៃអ័រម៉ូន estrogen និង testosterone អាចបណ្ដាលឱ្យមានភាពមិនប្រក្រតីនៃការមកឈាមរដូវដូចជា ឈាមរដូវតិច ឬច្រើន និងរយៈពេលនៃការមករដូវខ្លី ឬវែង។
៦. ឈប់ឈឺជង្គង់ទៀត
ការស្រកទម្ងន់ត្រឹមតែ ១ ផោន បានកាត់បន្ថយសម្ពាធនៅលើសន្លាក់ជង្គង់ដល់ទៅ ៤ ផោន។ លើសពីនេះទៅទៀត ការស្រកទម្ងន់ ឬខ្លាញ់នៅជុំវិញក្បាលពោះច្រើនអាចកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ និងជំងឺសន្លាក់ដទៃទៀត។
៧. ស្បែករបស់អ្នកប្រែជាស្រស់ថ្លាជាងមុន
ការស្រកទម្ងន់ដែលលើសមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើនសម្រស់របស់អ្នកផងដែរ ដោយជួយឱ្យស្បែកប្រែជាស្រស់ថ្លាជាងមុន និងឈប់របក, សក់ក៏ប្រែជាកាន់តែក្រាស់ ហើយក្រចកប្រែជារឹងមាំ។
៨. ថាមពលកើនឡើង
រឿងដំបូងបំផុតដែលអ្នកនឹងជួបប្រទះក្រោយពេលស្រកទម្ងន់ដែលលើសនោះ គឺការកើនឡើងនូវថាមពលរាងកាយ។ មូលហេតុដ៏សាមញ្ញនោះ គឺទម្ងន់កាន់តែតិចធ្វើឱ្យអ្នកអាចសន្សំកម្លាំងបានច្រើនសម្រាប់ធ្វើសកម្មភាពសំខាន់ផ្សេងៗ។ ក្រៅពីនេះ ការស្រកទម្ងន់បង្កើនប្រសិទ្ធិភាពនៃការស្រូបយកអុកស៊ីសែន ដូច្នេះអ្នកនឹងមិនជួបប្រទះបញ្ហាពិបាកដកដង្ហើមទៀតទេនៅពេលឡើងជណ្ដើរ ឬក្រោយពីរត់បន្តិច៕
ត្រួតពិនិត្យដោយ www.health.com.kh