កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ប្រាប់​ឲ្យ Floyd ចេញពី​ការចូលនិវត្តន៍​ដើម្បី​ឡើង​សង្វៀន​វាយ​គ្នា​ម្តងទៀត​
21, Jan 2019 , 12:04 pm        
រូបភាព
 Manny Pacquiao បបួល Floyd Mayweather ឲ្យ​បញ្ចប់​ខ្លួន​ពី​ការចូលនិវត្តន៍​ដើម្បី​ឡើង​សង្វៀន​វាយ​គ្នា​ម្តងទៀត បន្ទាប់ពី​រូបគេ​បាន​យកឈ្នះ​កីឡាករ​អាមេរិក Adrienne Broner ដោយ​ពិន្ទុ នា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA នៅ​ថ្ងៃទី​២០ ខែមករា នៅ​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក​។​



​ជ័យជម្នះ​របស់​ស្តេច​ប្រដាល់​ហ្វីលីពីន​លើក​នេះ បាន​នាំ​ឲ្យ​រូបគេ​រក្សា​កំណត់ត្រា​ឈ្នះ​៦១​ដង​ក្នុងចំណោម​៧០​ប្រកួត និង​ជាការ​ការពារ​ខ្សែក្រវាត់ WBA របស់គេ​លើកដំបូង បន្ទាប់ពី​ដណ្តើមបាន​ពី​អ្នក​ប្រដាល់​អា​ហ្ស​ង់​ទីន Lucas Matthysse កាលពី​ឆ្នាំមុន​។​
 
​បើ​ទោះ​ឈ្នះ​លើ​កីឡាករ Broner ក្តី ប៉ុន្តែ​នៅលើ​សង្វៀន​អំឡុង​ឆ្លើយ​សំណួរ​របស់​ពិធីករ Pacquiao បាន​បង្វែរ​ការចាប់អារម្មណ៍​ទៅកាន់​ដៃគូ​ចាស់​របស់គេ​គឺ Mayweather ឯណោះ​វិញ និង​ថែមទាំង​បបួល​ឡើង​ប្រកួត​សងសឹក​ជាមួយ​ខ្លួន​ថែមទៀត ខណៈដែល​កំពូល​អ្នក​ប្រដាល់​មិនដែល​ចាញ់​របស់​អាមេរិក​ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ​។​

«​ត្រឡប់​មកកាន់​សង្វៀន​វិញ​មក ហើយ​យើង​នឹង​ប្រកួត​គ្នា​ម្តងទៀត ប្រសិនបើ​គេច​ង់​»​។ Pacquiao និយាយ​សំដៅទៅ Floyd បែបនេះ​។​
 
​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន វ័យ​៤០​ឆ្នាំ​បន្ថែមថា​៖«​ប្រសិនបើ​គាត់ (Floyd) ចង់​ចាក​ចេញពី​ការចូលនិវត្តន៍​នោះ មក​វាយ​ជាមួយ​ខ្ញុំ​មក​។ ខ្ញុំ​ជា​ម្ចាស់​ជើងឯក ហើយ​ខ្ញុំ​មិន​ប្រកួត​ជាមួយ​អ្នកណា​ផ្សេង​ឡើយ​។ សារ​របស់ខ្ញុំ​ខាងលើនេះ​គឺ​នៅតែ​ទុកជា​ការ​បាន​រហូត ប្រសិនបើ​គាត់​វិល​ត្រលប់​មកកាន់​សង្វៀន​ដើម្បី​ប្រកួតប្រជែង​ខ្ញុំ​ដែលជា​ជើងឯក​។ ខ្ញុំ​នៅ​រង់ចាំ​មើលថា​តើន​រណា​នឹង​ឡើងមក​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​របស់ខ្ញុំ​»​។​
 
Pacquiao បាន​ចាញ់ Floyd ដោយ​ពិន្ទុ​ឯកច្ឆន្ទ នា​ជំនួប​នៃ​ព្រឹត្តិការណ៍ «The Fight of the Century» នៅ​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក កាលពី​ខែឧសភា ឆ្នាំ ២០១៥​។​
  

​អ្នក​ប្រដាល់​មិនដែល​ស្គាល់​ចាញ់​របស់​អាមេរិក​ដែល​បច្ចុប្បន្ន​មាន​វ័យ​៤១​ឆ្នាំ ធ្លាប់​បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​អ្នក​ប្រដាល់​របស់គេ​ក្រោយពី​ទទួលបាន​កំណត់ត្រា​ប្រកួត​៥០ ឈ្នះ​ទាំង​៥០​ដង ជាមួយនឹង​ជ័យជម្នះ​ចុងក្រោយ​លើ​កីឡាករ​វាយ​ក្នុង​ទ្រុង Conor McGegor នៅ​ខែសីហា ឆ្នាំ​២០១៧។
 
​តើ Floyd ពិតជា​ព្រម​ឡើង​សង្វៀន​តាម​ការ​បបួលរ​បស់ដៃ​គូ​ដ៏​ល្អ​របស់គេ Pacquiao ដែរឬទេ​?
 
​ 

Tag:
 ​ប្រដាល់​
  Manny Pacquiao
  Floyd Mayweather
  Adrienne Broner
© រក្សាសិទ្ធិដោយ thmeythmey.com