អន្តរជាតិ
Oxfam៖ មហាសេដ្ឋី​២៦​នាក់​មានទ្រព្យ​សម្បត្តិ​ស្មើនឹង​ទ្រព្យ​អ្នកក្រ​កន្លះ​ពិភពលោក​បញ្ចូល​គ្នា​
21, Jan 2019 , 10:59 pm        
រូបភាព
រូបភាព Business Today
រូបភាព Business Today
​អង្គការ Oxfam នៅ​ថ្ងៃទី​២០ ខែមករា បានចេញ​ផ្សាយ​របាយការណ៍​ដែល​បង្ហាញ​ពី​គម្លាត​យ៉ាង​ធំ​រវាង​អ្នកមាន និង​អ្នកក្រ​លើ​ពិភពលោក​។ បើតាម Oxfam មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ចំនួន​២៦​នាក់ មានទ្រព្យ​សម្បត្តិ​ស្មើនឹង​អ្នកក្រីក្រ​ពាក់កណ្ដាល​ពិភពលោក​។ ដើម្បី​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ អង្គការ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់​ពន្ធ​ឲ្យ​បាន​ច្រើន​លើ​ពួក​អ្នកមាន ដ្បិត​ភាពខុសគ្នា​នេះ​បង្ក​ជា​បញ្ហា​សង្គម​ច្រើន​។​

 
​អ្នកមាន​កាន់តែ​មាន ឯ​អ្នកក្រ​កាន់តែ​ក្រ​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ Oxfam ចេញផ្សាយ​ថ្ងៃទី​២១ ខែមករា​។ ពោល គឺ​គ្រាន់តែ​ទ្រព្យសម្បត្តិ​របស់​កំពូល​អ្នកមាន​ចំនួន​២៦​នាក់ ស្មើនឹង​ទ្រព្យ​របស់​អ្នកក្រ​បំផុត​កន្លះ​ពិភពលោក​បូក​បញ្ចូល​គ្នា​ទៅហើយ​។ ពីមួយ​ឆ្នាំទៅ​ទៅមួយ​ឆ្នាំ ទឹកប្រាក់​មហាសេដ្ឋី​ពាន់​លាន​ទាំងនោះ បាន​កើនឡើង​ក្រឺតៗ ដោយ​ក្នុង​ឆ្នាំ​២០១៨ ទ្រព្យសម្បត្តិ​របស់​ពួកគេ​កើន​២,៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​។   
 
​ក្នុង​របាយការណ៍​ដដែល ទ្រព្យ​របស់​ម្ចាស់​ក្រុមហ៊ុន Amazon ដែល​ទើប​លែងលះ​ប្រពន្ធ​ថ្មីៗ Jeff Bezos បាន​កើន​ដល់​១១២​ពាន់​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ។ ត្រឹម​មួយ​ភាគរយ​នៃ​ទ្រព្យសម្បត្តិ​សរុប​របស់លោក Bezos ស្មើនឹង​ថវិកា​ចំណាយ​លើ​វិស័យ​សុខាភិបាល​ទាំងមូល​របស់​រដ្ឋ​អាហ្វ្រិក​អេ​ត្យូ​ពី​ដែលមាន​ប្រជាជន​១០៥​លាន​នាក់​ទៅហើយ​។​
 
​បញ្ច្រស់​ពី​អ្នកមាន​កប់​ពពក អ្នកក្រីក្រ​ចំនួន​៣,៨​ពាន់​លាន​នាក់​ដែល​ស្ថិតក្នុង​ក្រោម​គេ បែរជា​មានការ​ថយចុះ​ទ្រព្យសម្បត្តិ​ចំនួន​១១​ភាគរយ​ទៅវិញ​។ នេះ​បើតាម​របាយការណ៍ Oxfam ដែល​រកឃើញ​ទៀតថា ភាពខុសគ្នា​ធំធេង​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រយុទ្ធប្រឆាំង​ភាពក្រីក្រ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ និង​ដុត​បញ្ឆេះ​កំហឹង​របស់​ប្រជាជន​ផង​។ នាយក​ប្រតិបត្តិ Oxfam លោក Winnie Byanyima ព្រមាន​ថា មនុស្ស​ជុំវិញ​ពិភពលោក​កំពុងតែ​ខឹងសម្បារ​ខ្លាំង​។​
 
​តាមរយៈ​របាយការណ៍​ដែល​ចេញផ្សាយ​មុន​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ Davos អង្គការ​របស់​អង់គ្លេស អះអាងថា រដ្ឋាភិបាល​ប្រទេស​ជាច្រើន​ធ្វើ​វិសមភាព​កាន់តែ​ធ្ងន់ធ្ងរ​តាមរយៈ​ការកាត់បន្ថយ​ធនធាន​លើ​សេវាសាធារណៈ​ដូចជា​សុខាភិបាល និង​អប់រំ ហើយ​ព្រម​គ្នា​ក៏​មិន​យកពន្ធ​ច្រើន​ដែរ​លើ​អ្នកមាន​។ ការដំឡើង​ពន្ធ​លើ​អ្នកមាន ជា​ដំណោះស្រាយ​ដែល​អាច​កាត់បន្ថយ​គម្លាត​អ្នកមាន និង​អ្នកក្រ​បាន​។ នេះ​ជាការ​ឲ្យ​យោបល់​របស់ Oxfam ។​
 
​ក្នុង​របាយការណ៍​ខាងលើ Oxfam ក៏​រកឃើញ​ទៀតថា ការស្នើ​ឲ្យ​អ្នកមាន​ជាងគេ​បង់ពន្ធ​បន្ថែម​ត្រឹមតែ​០.៥​ភាគរយ​ពី​ទ្រព្យសម្បត្តិ​របស់​ពួកគេ អាច​ប្រមូល​លុយ​ច្រើនជាង​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​លើ​ការអប់រំ​មនុស្ស​២៦២​លាន​នាក់ និង​ការផ្ដល់សេវា​សុខាភិបាល​ដើម្បី​សង្គ្រោះ​មនុស្ស​៣,៣​លាន​នាក់​ឯណោះ​៕
 

Tag:
 Oxfam
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com