កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមទម្លាក់កៀហ្ស៊ីស៊ីស្ថាន ដើម្បីទៅជួបអូស្ត្រាលីនៅវគ្គ១/៤ Ali Mabkhout អបអរក្រោយការស៊ុតបាល់បញ្ចូលទីនាំមុខសារជាថ្មីសម្រាប់ម្ចាស់ផ្ទះ។ រូបថត AFC Asian Cup
× គ្រាប់បាល់ប៉េណាល់ទីនៅនាទី១០៣របស់ខ្សែប្រយុទ្ធ Ahmed Khalil បាននាំឲ្យម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមឡើងបន្តទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup ជាមួយម្ចាស់ការពារតំណែងជើងឯកអូស្ត្រាលី។ ការប្រកួតរវាងអេមីរ៉ាតអារ៉ាប់រួម និងកៀហ្ស៊ីស៊ីស្ថាន បញ្ចប់ក្នុងលទ្ធផល ៣-២ ជាមួយនឹងជំនួបដ៏ស្វិតស្វាញ។
១៤នាទីដំបូងនាជំនួបនៅកីឡដ្ឋាន Zayed Sports City ខ្សែបម្រើ Khamis Esmaeel បានស៊ុតនាំមុខសម្រាប់ម្ចាស់ផ្ទះ ប៉ុន្តែជាង១០នាទីក្រោយមក ខ្សែប្រយុទ្ធ Mirlan Murzaev វាយបកតាមស្មើសម្រាប់ក្រុមភ្ញៀវ។
ខណៈការប្រកួតដំណើរការបានជាង១ម៉ោង Ali Mabkhout ជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខសារជាថ្មី។ ប៉ុន្តែការប្រកួតត្រូវបន្ថែមរហូតដល់១៥នាទីពីរដង បន្ទាប់ពី Tursunali Rustamov វាយបកតាមស្មើ ២-២ សម្រាប់កៀហ្ស៊ីស៊ីស្ថាននៅនាទី៩០+១។ Ahmed Khalil បានឱកាសស៊ុតបាល់ប៉េណាល់ទីរហូតបានសម្រេចនៅនាទី១០៣ ក្រោយរូបគេត្រូវបាន Bekzhan Sagynbaev ធ្វើឲ្យខ្លួនដួលនៅតំបន់គ្រោះថ្នាក់។
ជ័យជម្នះ ៣-២ នាំឲ្យអេមីរ៉ាតអារ៉ាប់រួម ឡើងទៅជួបអូស្ត្រាលីនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ រីឯកៀហ្ស៊ីស៊ីស្ថាន ត្រូវហាលអាវដូចក្រុម ថៃ អូម៉ង់ ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអ៊ូសបេគីស្ថាន។ សម្រាប់គូវគ្គ១/៤ផ្តាច់ព្រ័ត្រផ្សេងទៀត មាន អ៊ីរ៉ង់ ត្រូវតទល់ជាមួយចិន រីឯជប៉ុន ជួបវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com