ជាតិ
សេដ្ឋកិច្ច
ចិន ប្រកាសទិញអង្ករកម្ពុជា ច្រើនជាងមុនលើសទ្វេដង
× ភ្នំពេញ៖ ស្របពេលកម្ពុជានិងសហភាពអឺរ៉ុប ហាក់ល្អក់កករជាមួយគ្នាបន្តិច ពីរឿងសហភាពអឺរ៉ុប សម្រេចយកពន្ធលើអង្ករកម្ពុជា ចិនដែលជាប្រទេសមហាអំណាចទី២ផ្នែកសេដ្ឋកិច្ច ក៏ប្រកាសជួយទិញអង្ករកម្ពុជាឲ្យកាន់តែច្រើនជាងមុន។ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់មាត់ថា ចិន នឹងនាំចូលអង្ករ៤០ម៉ឺនតោន ពីកម្ពុជា ក្នុងឆ្នាំ២០១៩។
ក្នុងជំនួបកំពូលជាមួយសម្តេច ហ៊ុន សែន នៅថ្ងៃទី២១មករា លោក ស៊ី ជិនពីង បានអះអាងទៀតថា ចិន នឹងប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឲ្យកើនឡើងដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់ ៥,៦ពាន់លានដុល្លារ។
សំណេរក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរពីសម្តីរបស់លោក ស៊ី ជិនពីង ថា ក្រៅពីការដោះដូរពាណិជ្ជកម្ម និងការនាំចូលអង្ករ ចិន ថែមទាំងផ្តល់ជំនួយឥតសំណងជិត៦០០លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍនៅកម្ពុជា រយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៩ ដល់ ២០២១។
ជំនួបកំពូលទេ្វភាគី រវាង សម្តេច ហ៊ុន សែន ជាមួយនឹង លោក ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី២១ មករា ឆ្នាំ២០១៩ (រូបភាពបានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន)
កាលពីឆ្នាំ២០១៨ ចិន ជាអតិថិជនទី២ បន្ទាប់ពីសហភាពអឺរ៉ុប ដែលទិញអង្ករកម្ពុជាច្រើនជាងគេ ដែលមានជាង១៧ម៉ឺនតោន។ ដូច្នេះ ការនាំអង្ករកម្ពុជា ចូលទៅចិន ក្នុងឆ្នាំ២០១៩នេះ ត្រូវកើនឡើងលើសពីទ្វេដងឯណោះ។
ក្នុងឆ្នាំ២០១៨ដដែល កម្ពុជា បាននាំអង្ករជិត២៧ម៉ឺនតោន ទៅកាន់២៦ប្រទេសនៃសហភាពអឺរ៉ុប ដោយមិនបង់ពន្ធ។ ប៉ុន្តែ រយៈពេល៣ឆ្នាំជាប់គ្នា គឺចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១ ការនាំចូលអង្ករពីកម្ពុជា ត្រូវបានសហភាពអឺរ៉ុប សម្រេចយកពន្ធគយឡើងវិញ ដោយអត្រាជិត២០០ដុល្លារ ក្នុង១តោន នៅឆ្នាំទី១ និងធ្លាក់ចុះមកនៅត្រឹមជាង១៧០ដុល្លារ នៅឆ្នាំទី២ ហើយបន្តធា្លក់ចុះនៅជាង១៤១ដុល្លារ នៅឆ្នាំទី៣។
ការយកពន្ធលើអង្ករកម្ពុជាឡើងវិញនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com