ជាតិ
លោក សួន វិសាល ពន្យល់​ពី​នីតិវិធី​ដាក់ពាក្យ​សុំ​ធ្វើ​មេធាវី និង​បើក​ការិយាល័យ​មេធាវី
22, Jan 2019 , 11:58 am        
រូបភាព
​ភ្នំពេញ​៖ មាន​មនុស្ស​ច្រើនណាស់​មកហើយ ដែល​រអ៊ូរទាំ​ពី​ភាពយឺតយ៉ាវ​លើ​នីតិវិធី​ស្នើសុំ​ធ្វើ​មេធាវី និង​បើក​ការិយាល័យ​មេធាវី​នៅ​កម្ពុជា​។ ប៉ុន្តែ​ពួកគេ​កំពុង​យល់ច្រឡំ និង​រអ៊ូរទាំ​ខុសពី​ការពិត​។ ដើម្បី​កុំ​ឲ្យ​ពួកគេ​បន្ត​ភ​ន្ត​ច្រឡំ​ទៀត លោក សួន វិសាល ប្រធាន​គណៈមេធាវី បកស្រាយ​ចម្ងល់​នេះ តាមរយៈ​សារព័ត៌មាន​ថ្មីៗ​។​

 
​ខាងក្រោម​នេះ គឺជា​ការបកស្រាយ​រប​ស់លោក សួន វិសាល ប្រធាន​គណៈមេធាវី ដែល​សាកសួរ​ដោយ​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ​៖
 
​លោក រំដួល ចិ​ត្រា ៖ លោក សួន វិសាល​! ខ្ញុំ​ឃើញ​មជ្ឈដ្ឋាន​ទូទៅ​មានប្រតិកម្ម​បែប​រិះគន់ ទៅលើ​ការដាក់​ពាក្យស្នើសុំ​ចូលធ្វើ​មេធាវី និង​ការបើក​ការិយាល័យ​មេធាវី​ថា ដំណើរការ​ស្នើសុំ​នេះ មាន​នីតិវិធី​ស្មុគស្មាញ និង​ប្រើ​រយៈពេល​យូរ ហើយ​គ្មាន​កាលបរិច្ឆេទ​កំណត់​ឲ្យ​ជាក់លាក់​។ ជាក់ស្ដែង​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏​និយាយ​ពី​បញ្ហា​នេះ ដោយ​គាត់​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា គាត់​សុំ​ចុះបញ្ជី​ទទួលស្គាល់​តាម​នីតិវិធី ដើម្បីឲ្យ​កូនប្រុស​គាត់​មក​បើក​ការិយាល័យ​មេធាវី​នៅ​ស្រុក​ខ្មែរ អស់​រយៈពេល​ជិត​២​ខែ​ហើយ​នៅ​មិនទាន់មាន​ដំណឹង ដោយ​គណៈមេធាវី​នៅ​បន្ត​នីតិវិធី​ស៊ើបអង្កេត ខណៈដែល​កូនប្រុស​គាត់ មានបទពិសោធន៍​ពី​តុលាការ​ព្រហ្មទណ្ឌ ICC នៅ​ឡាអេ​។ ដូច្នេះ​តើ​លោក​មានការ​បកស្រាយ​ដូចម្ដេច​ដែរ​?
 
​លោក សួន វិសាល​៖ ចំណុច​នេះ យើង​ចែក​ឲ្យ​ដាច់​ជា​ពីរ គឺ​មួយ​សុំ​បើក​ការិយាល័យ ហើយ​មួយទៀត​ដាក់​ពាក្យសុំ​ប្រកប​វិជ្ជាជីវៈ​មេធាវី​។ ហើយ​ក្នុងករណី​កូន​របស់គាត់​(​កែវ រ៉េមី​) នេះ មិនទាន់​ចូល​ជា​មេធាវី​នៅក្នុង​ប្រទេស​ខ្មែរ​នៅឡើយ​ទេ​។ អ៊ីចឹង​កូន​គាត់ មិនទាន់​អាច​បើក​ការិយាល័យ​បានទេ ដូច្នេះ​កូន​គាត់​មិនទាន់​បើក​អ្វី​បានទេ ដោយសារតែ​កូន​គាត់​មិនទាន់​ក្លាយជា​មេធាវី​នៅក្នុង​ប្រទេស​កម្ពុជា ។ នេះ​ជា​ចម្លើយ​ទី​១ ដែល​ខ្ញុំ​សូមបញ្ជាក់​ជូន​។ ទី​២ ទាក់ទង​នឹង​បញ្ហា​យឺត​នេះ ខ្ញុំ​ថា​មិនយឺត​ទេ ព្រោះ​អ្វី​គាត់​ដាក់ពាក្យ​ឲ្យ​កូន​គាត់​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​មកដល់ពេលនេះ គឺមាន​រយៈពេល​ជាង​១​ខែ ប៉ុន្តែ​បើតាម​នីតិវិធី​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នេះ ពេលខ្លះ​វា​អាច​ចំណាយពេល​១​ឆ្នាំ ២​ឆ្នាំ ហើយ​អ្នកខ្លះ​៥​ឆ្នាំ ទើបបាន​ចូល​ក៏មានដែរ នាពេល​កន្លងទៅ​។ ដូច្នេះ​ករណី​របស់​កូន​គាត់​នេះ គឺជា​ករណី​លឿន​បំផុត​ហើយ​។ ហើយ​ខ្ញុំ​ចង់​ជម្រាប​ថា គ្មាន​បេក្ខជន​មេធាវី​ណា អាចដាក់​ពាក្យ​ចូលធ្វើការ​ភ្លាម​ត្រឹម​រយៈពេល​២​ខែ​ទេ គឺ​យ៉ាងតិច​១​ឆ្នាំ​ដែរ តិច​បំផុត​។ ដូច្នេះ​រាល់​កា​រិះគន់​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ​។​
 
​ខ្ញុំ​ចង់​ជម្រាបជូន​នីតិវិធី​បន្តិច នៅពេល​ដាក់ពាក្យ​ចូលមក​ភ្លាម គឺ​យើង​មាន​នីតិវិធី​រដ្ឋបាល​ចូលមក ហើយ​មក​ដល់ដៃ​អគ្គលេខាធិការ ទើប​មកដល់​ខ្ញុំ​ត្រួតពិនិត្យ​ហើយ បញ្ជូន​ទៅខាង​អធិការកិច្ច ដែល​ខាង​អធិការកិច្ច​នេះ ដើម្បី​ត្រួតពិនិត្យ ដូច្នេះ​ករណី​កូន​គាត់ (​កែវ រ៉េមី​) បាន​ចាត់តាំង​អធិការកិច្ច​រួចរាល់​ហើយ​។ ហើយ​ខាង​អធិការកិច្ច​នេះ គាត់​ធ្វើ​ការងារ​ដោយ​ស្ម័គ្រចិត្ត​ទេ ចុះ​ទម្រាំ​សេវាសាធារណៈ​មាន​ប្រាក់ខែ​គ្រប់គ្រាន់​នៅតែ​យឺត ហើយ​ទម្រាំ​ខាង​មេធាវី​អធិការកិច្ច​នេះ ភាគច្រើន​ពួកគាត់​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នោះ​។ ប៉ុន្តែ​ខ្ញុំ​បាន​ឲ្យ​គាត់​ធ្វើ​អធិការកិច្ច​លើ​ករណី​កូន​គាត់​រយៈពេល​១​ខែ​ឲ្យ​ខ្ញុំ​ហើយ​។​
 
​លោក រំដួល ចិ​ត្រា ៖ មូលហេតុ​អ្វី​បានជា​ត្រូវធ្វើ​អធិការកិច្ច​ទៀត បើ​គាត់​ជា​មេធាវី​នៅក្រៅ​ប្រទេស​សុំ​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​មេធាវី​នៅ​កម្ពុជា​?
 
​លោក សួន វិសាល​៖ ដោយសារតែ​ជួនកាល​ព័ត៌មាន​នេះ យើងត្រូវការ​ទំនាក់ទំនង​ឲ្យ​ដឹងព័ត៌មាន​គ្រប់គ្រាន់ យើង​មិនត្រូវ​ជឿ​លើ​បេក្ខជន ដូចគាត់​លើកឡើងថា កូន​គាត់​ធ្វើការ​នៅក្រៅ​ប្រទេស​ទេ​ហើយ ម៉េច​បានជា​នីតិវិធី​របស់​គណៈមេធាវី​នៅតែ​យឺត​។ ហើយចុះ​ធ្វើ​ម៉េច​បានជា​យើង​ដឹងថា គាត់​ធ្វើ​មេធាវី​នៅក្រៅ​ប្រទេស ? យើង​មិនដឹង​រឿងនេះ​ឯណា! ដូច្នេះ​យើង​ត្រូវ​ផ្ញើរ​អី​ម៉ែ​ល​ទៅ​សួរ​កន្លែងធ្វើការ​គាត់​នៅក្រៅ​ប្រទេស ហើយ​ត្រូវ​មើល​សញ្ញាបត្រ​គាត់​ត្រឹមត្រូវ​ឬ​អត់​? ព្រោះ​មាន​ពាក្យស្នើសុំ​ចូលធ្វើ​មេធាវី​ច្រើនណាស់​រហូតដល់​១០០០​នាក់ ដូច្នេះ​មិនមែន​នៅតែ​ចាំ​ត្រួត​ពិនិត្យមើល និ​ដោះស្រាយ​តែ​ករណី​គាត់​មួយ​ទេ។ ដូច្នេះ​ឲ្យ​យល់​ពី​បញ្ហា​ហ្នឹង ហើយ​វា​នៅមាន​នីតិវិធី​បន្ត​វែងឆ្ងាយ​ទៀត ព្រោះ​ក្រោយពី​ការត្រួតពិនិត្យ​សញ្ញាបត្រ និង​សាកសួរ​ព័ត៌មាន​ហើយ ក្រុមអធិការកិច្ច​នឹង​ធ្វើ​របាយការណ៍​ឲ្យ​ខ្ញុំ​ក្នុង​រយៈពេល​១​ខែ ហើយ​ឥឡូវនេះ មិនទាន់​ដល់​រយៈពេល​១​ខែ​ទេ​។ បន្ទាប់ពី​បញ្ចប់​អធិការកិច្ច​នេះ គឺ​យើង​នឹង​ហៅ​បេក្ខជន​មក​សម្ភាស​ផ្ទាល់មាត់​ហើយ យើង​នឹង​បញ្ជូន​ពាក្យស្នើសុំ​នេះ​ទៅ​សាលាឧទ្ធរណ៍ ហើយ​ទៅដល់​សាលាឧទ្ធរណ៍​នេះ វា​អាច​ប្រើ​រយៈពេល​១​ខែ ទៅ​១​ខែ​កន្លះ​ទៀត​។ 
 
​ត្រឡប់​ពី​សាលាឧទ្ធរណ៍​វិញ គឺ​យើង​នឹង​យកទៅ​ឲ្យ​ក្រុមប្រឹក្សា​សម្រេច ប៉ុន្តែ​ដាក់ចូល​ក្រុមប្រឹក្សា​សម្រេច បើ​ពាក្យស្នើសុំ​គាត់​មក​យឺត គឺ​ត្រូវ​រងចាំ​តាម​លំដាប់លំដោយ​នៃ​ពាក្យស្នើសុំ​ទាំងអស់​យ៉ាងតិច​ក៏​១​ខែ​ទៀត ព្រោះ​យើង​មិនអាច​យក​របស់គាត់​ម​ក​ភ្លាម ដាក់​សម្រេច​ភ្លាម​ទេ​។ ហើយ​ពាក្យស្នើសុំ​សម្រេច​អ្នកខ្លះ​ដល់​៣​ទៅ​៤​ខែ​ឯណោះ មុននឹង​ក្រុមប្រឹក្សា​សម្រេច ព្រោះ​មាន​ពាក្យ​អ្នក​មក​មុនៗ​ជាច្រើន​ទៀត ទោះបីជា​មានការ​ស្នើសុំ​ពឹងពាក់​អ្វី​ក៏ដោយ ក៏​យើង​ត្រូវ​ធ្វើតាម​លំដាប់លំដោយ​ដែរ ដូច្នេះ​វា​ត្រូវការ​ពេលវេលា​យូរ​បន្តិច​។ ហើយ​មក​ចំណុច​ចុងក្រោយ​នេះ មាន​ពាក្យស្នើសុំ​ធ្វើ​មេធាវី​ខ្លះ ក៏​មិន​ប្រាកដថា​ជាប់​ទាំងអស់​ដែរ ព្រោះ​ខ្ញុំ​ជា​ប្រធាន​គណៈមេធាវី​ក៏​គ្មាន​សិទ្ធិ​សម្រេច​ដែរ គឺ​វា​អាស្រ័យ​លើ​ក្រុមប្រឹក្សា​មេធាវី​៣៣​នាក់ ជា​អ្នកបោះឆ្នោត​សម្រេច​ជ្រើសរើស​។ ក្រោយ​មានការ​សម្រេច​ជ្រើសរើស​ហើយ យើង​ក៏​ប​ញ្ចូ​ន​បេក្ខជន​ជាប់​នោះ​ទៅ​ស្បថ​នៅ​សាលាឧទ្ធរណ៍​ទៀត ហើយ​បើ​ចៅក្រម​សាលា​ឧ​ទ្ធ​រ​ណ៏​មានការ​រវល់ ទៅ​កម្មវិធី​នេះ កម្មវិធី​នោះ វា​អាច​ពន្យា​ពេល​១​ខែ ទៅ​២​ខែ​ទៀត ។ ហើយ​ចេញ​ផុតពី​ការស្បថ​នេះ ទើបបាន​គេ​ដាក់​គ្រូ​កម្មសិក្សា ដែល​គាត់​ត្រូវធ្វើ​កម្មសិក្សា​ជាមួយ​គ្រូ​មួយ​ដំណាក់កាល​ទៀត​។​
 
​ដូច្នេះ​សរុប​ជារួម​មក ទាំងនេះ​វា​ជា​នីតិវិធី ដែល​ខ្ញុំ​ឆ្លើយបំភ្លឺ​ដល់​សាធារណៈជន​យល់​ពី​បញ្ហា​ហ្នឹង​។ ហើយ​ខ្ញុំ​សោកស្ដាយ​ដែរ ដែល​គិតថា​នីតិវិធី​នេះ​យឺត ប្រហែលជា​គាត់​មិន​យល់​ពី​នីតិវិធី​របស់​យើង​។ ហើយ​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​ថា មុននឹង​ចូលធ្វើ​មេធាវី ត្រូវដាក់​ពាក្យស្នើសុំ​ចូល​យ៉ាងតិច​ក៏​រយៈពេល​ជិត​១​ឆ្នាំ​ដែរ បើ​ធ្វើ​លឿន​បំផុត​រយៈពេល​៨​ខែ ហើយ​យឺត​ដល់​២​ឆ្នាំទៅ​៣​ឆ្នាំ​ក៏មានដែរ​។​
 
​លោក រំដួល ចិ​ត្រា​៖ ដូច្នេះ​បានន័យថា ទាល់តែ​ចូល​បម្រើ​ការងារ​ជា​មេធាវី​នៅ​កម្ពុជា រយៈពេល​១​ឆ្នាំ​សិន ទើប​អាច​បើក​ការិយាល័យ​បាន​?
 
​លោក សួន វិសាល​៖ បើក​ការិយាល័យ​មេធាវី​បាន គឺ​ក្រោយពេល​គាត់​ពេញ​សិទ្ធ បន្ទាប់ពី​បញ្ចប់​កម្មសិក្សា​រួចរាល់​ហើយ បានន័យថា ក្រោយ​ចូល​ធ្វើជា​មេធាវី​មួយឆ្នាំ​ហើយ ទើប​អាច​បើក​ការិយាល័យ​បាន​។ ដូច្នេះ​សំនួ​រថា មូល​ហេតុអ្វី​នីតិវិធី​បើក​ការិយាល័យ​យឺត​ម្ល៉េះ បានន័យថា គាត់​មិន​យល់​ពី​នីតិវិធី​មេធាវី​ទេ​។ អ៊ីចឹង​វា​ជាការ​យល់ច្រឡំ ហើយ​បាន​សួរ​ខ្ញុំ​នូវ​សំនួរ​ហ្នឹង ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ ដើម្បី​អាច​ឲ្យ​ខ្ញុំ​ពន្យល់​សាធារណៈជន​ទាំងអស់​ឲ្យ​យល់​អំពី​នីតិវិធី​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី និង​ការបើក​ការិយាល័យ​មេធាវី​។ ហើយ​បើ​គាត់​មិនបាន​សួរ​ខ្ញុំ​ពី​ចំណុច​នេះ គឺ​ខ្ញុំ​មិន​ដឹងពី​ចម្ងល់​សាធារណៈ ហើយពួកគាត់​នៅតែ​គិតថា​យើង​ធ្វើការ​ងារ​យឺត តាមពិត​យើង​ប្រឹងប្រែង​ព្យាយាម​ធ្វើ​បំផុត​ហើយ មិនយឺត​ទេ​។​

​លោក រំដួល ចិ​ត្រា​៖ ជា​សំនួរ​ចុងក្រោយ លោក​មេធាវី សួន វិសាល ! តើ​មក​ដល់ពេលនេះ​មាន​ពាក្យស្នើសុំ​ចូល​បម្រើ​ការងា​រ​ជា​មេធាវី ចំនួន​ប៉ុន្មាន នៅក្នុង​ដៃ​គណៈមេធាវី​?
 
លោក សួន វិសាល​៖ ពាក្យស្នើសុំ​នោះ មាន​ច្រើន ហើយ​រហូតមក​ដល់ពេលនេះ មាន​ជាង​៧០០​នាក់ ដែល​សល់តៗ​ជំនាន់​មក​។ ហើយ​មេធាវី​របស់​យើង ជ្រើស​ចូល​បម្រើ​ការងារ​ក្នុង​មួយឆ្នាំ តែ​១០០​នាក់ ទៅ​២០០​នាក់​។   
 
សូមបញ្ជាក់ថា អ្វីដែល​លោក សួន វិសាល ប្រធាន​គណៈមេធាវី បកស្រាយ​ខាងលើនេះ មិនមែន​ឆ្លើយតប​ជាមួយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា តែ​ម្នាក់​នោះទេ ពោលគឺ​លោក វិសាល ចង់​បកស្រាយ​បង្ហាញ​ដល់​សាធារណៈជន​ទូទៅ ដែលមាន​បំណង​ចង់​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​ប្រកប​វិជ្ជាជីវៈ​មេធាវី និង​បើក​ការិយាល័យ​មេធាវី ឲ្យ​យល់​ពី​ដំណើរការ​នីតិវិធី​របស់​គណៈមេធាវី​។ 
 

Tag:
 សួន វី​សាល​
  មេធាវី​
 ​ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com