ក្លិប Huddersfield Town បានសម្រេចតែងតាំងលោក Jan Siewert ជាអ្នកចាត់ការទូទៅថ្មីដើម្បីជំនួសកៅអីលោក David Wagner ដែលបានបញ្ចប់តំណែងកាលពីដើមសប្តាហ៍មុន។
Siewert វ័យ៣៦ឆ្នាំ បានចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុម Borussia Dortmund កម្រិតទី២ ដើម្បីចូលរួមជាមួយក្រុមដែលស្ថិតក្នុងលីគលំដាប់កំពូលអង់គ្លេស Premier League លើកិច្ចសន្យាមួយដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២១។
Huddersfield កំពុងត្រដាបត្រដួសដោយស្ថិតនៅបាតតារាងប្រឈមនឹងការកាត់ចេញទៅលីគលំដាប់ទី២រដូវកាលក្រោយ ដ្បិតទទួលបានត្រឹម១១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ការប្រកួត ២៣លើកចុងក្រោយ។ Huddersfield នៅក្រោមក្រុមឈរនៅតំបន់សុវត្ថិភាពចំនួន១០ពិន្ទុ ខណៈការប្រកួតសល់ ១៥លើកទៀត។
ជារឿងគួរឲ្យអស់សំណើចមួយដែរ នៅជុំវិញការតែងតាំងអ្នកចាត់ការថ្មីសញ្ជាតិអាល្លឺម៉ង់រូបនេះ។
ក្លិប Huddersfield បានប្រកាសការតែងតាំងគ្រូថ្មីនេះ នៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួនដោយភ្ជាប់ជាមួយវីដេអូបែបចំអកលេងសើចរបស់អ្នកគាំទ្រក្រុម Manchester City ម្នាក់មកពីក្រុង Wakefield ដែលត្រូវអ្នកកាសែតទូរទស្សន៍ Sky News ច្រឡំថាជាលោក Siewert អំឡុងពេលក្រុមទាំងពីរប៉ះគ្នានៅឯកីឡដ្ឋាន John Smith។
ដោយសារអ្នកគាំទ្រនោះមានមុខមាត់ស្រដៀងនឹងអ្នកចាត់ការថ្មីពេក ទើបអ្នកកាសែតនោះសម្រេចដើរទៅរកបុរសម្នាក់នោះហើយសួរថា តើអ្នកឈ្មោះ Siewert និងជាគ្រូថ្មីមែនទេ? បុរសនោះសើចហើយឆ្លើយថា ទេ ទេ មិនមែនខ្ញុំទេ ខ្ញុំគឺ Martin មកពីទីក្រុង Wakefield។
ចំណែកលោក Siewert ក៏បាននិយាយបែបឌឺដងដាក់ខាងទូរទស្សន៍ Sky News ដែរថា៖«ខ្ញុំមិនមែន Martin មកពី Wakefield ទេ។ សួស្តីខ្ញុំ Siewert ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុម Huddersfield»។
ជាមួយគ្នានេះ Huddersfield បានសរសេរដោយភ្ជាប់ hashtag #NotMartinFromWakefield ដែលមានន័យថា គ្រូបង្វឹកថ្មីរបស់ខ្លួន មិនមែនជាលោក Martin មកពី Wakefield នោះឡើយ។
ការប្រកួតលើកដំបូងរបស់ Huddersfield ក្រោមការដឹកនាំរបស់ Siewert នឹងត្រូវជួបជាមួយ Everton នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ ក្នុងក្របខណ្ឌ Premier League៕