ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជា​អ្នក​ប្រឹក្សា​យោបល់ ជា​អ្នកសិល្បៈ ជា​អ្នកជំនួញ DJ NaNa ចង់​បង្ហាញថា ស្ត្រី​អាចធ្វើ​បាន​
10, Mar 2019 , 8:39 am        
រូបភាព
​ភ្នំពេញ៖ ឌី​ជេ ណា​ណា (DJ NaNa) ឈ្មោះ​ដើម នាង សុ​វាត់​នា ជា​ស្ត្រី​ម្នាក់​កំពុង​លេចធ្លោ​ក្នុងសង្គម​។ ជា​មនុស្ស​រួសរាយ​រាក់ទាក់ រួមជាមួយ​ភាពជឿជាក់​ពោរពេញ​ដោយ​ថាមពល នារី​វ័យ​៣៣​ឆ្នាំ​រូបនេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់​ចំណេះដឹង ការលើកទឹកចិត្ត​ស្ត្រី និង​យុ​វ័យ​ឲ្យ​ក្លាហាន​,​ចេះ​គិតគូរ និង​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ​។ តាមរយៈ​គំនិត​សេរីនិយម នាង​ក៏​ជំរុញ​ឲ្យ​អ្នកគាំទ្រ ហ៊ាន​ធ្វើ​អ្វីដែល​ខ្លួនឯង​យល់ថា​ត្រឹមត្រូវ​ដែរ​។

 
​ជា​កូនស្រី​ច្បង ក្នុងចំណោម​បងប្អូន​៤​នាក់ សុ​វាត់​នា ជា​អ្នករ៉ាប់រង​អ​ម្រែ​កមួយ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ ដែលមាន​ឪពុក​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ម្តាយ​កាលណោះ​ជា​អ្នកលក់ដូរ​។ ដូច្នេះ​គ្រប់​កាលៈទេសៈ​នៃ​ដំណើរ​ជីវិត​របស់​យុវតី​ដែលមាន​វោហារ​ចាក់ទឹកមិនលិច​រូបនេះ ចាត់ទុក​រឿង​ការងារ រក​ចំណូល​បន្ថែម​គឺជា​រឿង​អាទិភាព​ជានិច្ច​។ 
 
​ក្រោយ​រៀន​ចប់​បាក់​ឌុប សុ​វាត់​នា បាន​ផ្តើម​ការងារ​ជា​ជំនួយការ​គម្រោង​នៅក្នុង​អង្គការ​អន្តរជាតិ​មួយ ដែលជា​ផ្នែក​មួយ​នៃ​ចំណូល​ដែល​ផ្គត់ផ្គង់​ការរៀន​បន្ត​របស់ខ្លួន​នៅ​សាកលវិទ្យាល័យ​ផងដែរ​។ ទោះ​មាន​ការងារ​ពេញ​ម៉ោង​ពេល​ថ្ងៃ និង​រៀន​ពេលយប់ ដែល​ស្ទើរ​គ្មាន​ពេល​សម្រាក​ក៏ដោយ  តែ​យុវតី​រូបនេះ មិន​ស្កប់ស្កល់​ចិត្ត​ឡើយ ដោយសារតែ​នាង​មើលឃើញ​ឱកាស​រកប្រាក់​ចំណូល​ប​ន្ថែ​ម​។ 
 
​នៅ​ឆ្នាំ​២០០៩ គ្រា​ដែល​ខ្លួន មាន​វ័យ​២២​ឆ្នាំ នាង​បាន​ក្លាយជា​អ្នកដោះស្រាយ​នៅក្នុង​កម្មវិធី​វិទ្យុ ហើយ​ចាប់តាំងពី​ពេល​នោះមក អ្នក​ខេត្តកំពង់ចាម​រួប​នេះ ទទួលបាន​រហស្សនាម​ថ្មី​គឺ ឌី​ជេ ណា​ណា មកដល់​បច្ចុប្បន្ន​។ ឌី​ជេ ណា​ណា រំឭក​ដូច្នេះ​ថា​៖«​កាលណោះ​មាន​គេ​ពឹង​ខ្ញុំ​ឲ្យ​ជួយ​រក​ពិធី​ការិនី​ដែល​អាច​និយាយ​កម្មវិធី​វិទ្យុ  ម៉ោង​៨-៩​យប់​ប៉ុន្តែ​ខ្ញុំ​រក​អត់​បាន​។ អ៊ីចឹង​ខ្ញុំ​ក៏​ប្រាប់​គេ​ថា​ខ្ញុំ​ចាប់អារម្មណ៍ បើទោះជា​កាលណោះ​ខ្ញុំ​រៀន​វេន​យប់​ចប់​ម៉ោង​៨​កន្លះ​ក៏ដោយ ព្រោះ​សម្រាប់​ខ្ញុំ​ដោយសារ​បញ្ហា​ជីវភាព និង​ទំនួល​ខុសត្រូវ ការងារ​គឺជា​អាទិភាព​ជានិច្ច​។

ពេល​សម្ភាស​ទើប​ខ្ញុំ​ដឹងថា វា​ជា​កម្មវិធី​ដោះស្រាយ​វិបត្តិ ហើយ​កម្មវិធី គេ​ហៅ​ទូរ​សព្ទ​សួរ​រឿង​វិបត្តិ​របស់គេ ក៏​ចេះតែ​ឆ្លើយៗ​ទៅ​កាល​ហ្នុ​ង ដល់​អីចឹង​ទៅ​ក៏​ចេញ​ទៅជា​អ្នកដោះស្រាយ​វិបត្តិ​អីចឹង​ទៅ​»​។​
 
​ជាការ​ងារ​ដែល​បានមក​ដោយ​ចៃដន្យ ប៉ុន្តែ​វា​បាន​បើកផ្លូវ​ឲ្យ​រូបនាង​រកឃើញ​សក្តានុពល​វោហារ​សព្ទរ​បស់​ខ្លួន និង​កសាង​កេរ្តិ៍ឈ្មោះ ឈានទៅ​ចាប់យក​អាជីព​ផ្សេងៗ​ទៀត ដូចជា​ពិធី​ការិនី​ឯករាជ្យ អ្នក​ប្រឹក្សា​យោបល់ អ្នកសិល្បៈ និង​ជា​អ្នកជំនួញ​ជាដើម​។​
 
​ចេះ​ក្តាប់​ឱកាស និង​ប្រើប្រាស់​វា​ឲ្យ​អស់​លទ្ធភាព​
 
​ឌី​ជេ ណា​ណា អះអាង​អមដោយ​កាយវិការ​យ៉ាង​ស្វាហាប់​ថា ខ្លួន​ជាម​នុស្ស​ដែល​ចាប់យក​គ្រប់​ឱកាស និង​ព្យាយាម​ប្រើប្រាស់​វា​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នកគាំទ្រ​របស់ខ្លួន​ដែរ​។ ស្រប​ពេលដែល​បច្ចេកវិទ្យា កាន់តែ​រីកចម្រើន ហើយ​និន្នាការ​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​ក៏​កាន់តែ​ទូលាយ ឌី​ជេ​ណា​ណា បាន​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទាំងពីរ​គឺ DJ Nana TV និង DJ NanaTips ដែលមាន​អ្នកគាំទ្រ​សរុប​ជាង​១​លាន ជា​មធ្យោបាយ​ក្នុង​ការរកចំណូល​ផង និង​ជាពិសេស​បណ្តុះ​គំនិត​វិជ្ជមាន​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​។ ណា​ណា បញ្ជាក់​ដូច្នេះ​៖ «​មានរឿង​ក្នុងសង្គម​ច្រើនណាស់​ដែល​ខ្ញុំ​ទើស ប៉ុន្តែ​ជាម​នុស្ស​ដែល​គិតថា​ខ្ញុំ​អាចធ្វើ​អ្វី​បាន​។ ខ្ញុំ​អត់​សួរថា​អ្នកណា​ផ្សេង​ធ្វើ​អ្វី​បានទេ​។  បើ​ខ្ញុំ​ទើស​អ្វី ខ្ញុំ​ធ្វើ​ហ្នឹង​។ គ្រប់​ការងារ​របស់ខ្ញុំ​ទាំងអស់ វា​កើតឡើង​គឺ​គ្រាន់តែ​ចង់​បង្កើន​ចំណូល​សម្រាប់​ខ្លួនឯង ប៉ុន្តែ​បើ​វា​ជា​របរ​ដែល​យើង​រកលុយ​បាន ហើយ​យើង​ជួយ​គេ​បាន​ទៀត ឲ្យ​គេ​សប្បាយចិត្ត​ទៀត មិនល្អ​ទាំងអស់គ្នា​។ យើង​ជួយ​គេ​បាន​ម្នាក់ ប្រសើរ​ជាង​អត់​សោះ​។ ជួយ​បាន​៥​នាក់​ប្រសើរ​ជាង​ម្នាក់​។ ជួយ​បាន​កាន់តែច្រើន កាន់តែ​ល្អ ជួយ​តាម​លទ្ធភាព​»​។​
 
 
សូមលោកអ្នកស្តាប់កិច្ចសម្ភាស រវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និង Dj Nana ខាងក្រោមនេះ៖



 
​ទោះជា​មិនមាន​តួលេខ​ជាក់ស្តែង បញ្ជាក់ថា​គំនិត​សេរីនិយម​របស់ខ្លួន រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកនេះ បាន​ជ្រួតជ្រាប​ដល់​អ្នកគាំទ្រ​រប​ស់​ខ្លួន​បាន​កម្រិតណា ប៉ុន្តែ​អ្នក​ប្រឹក្សា​យោបល់​រូបនេះ មើលឃើញ​មាន​និន្នាការ​ផ្លាស់ប្តូរ​។ ណា​ណា មើលឃើញថា ស្ត្រី​មាន​ភាពក្លាហាន​ជាង​មុន ចេះ​គិតគូរ ពិចារណា​វែងឆ្ងាយ​ជាង​មុន​។  ជាក់ស្តែង នៅក្នុង​កម្មវិធី​ប្រឹក្សា​ដែល​ណា​ណា​កំពុង​ធ្វើ​រាល់ថ្ងៃ ប្រិយមិត្ត​ជា​ដែល​បាន​ទូរ​សព្ទ​ចូលរួម ស្ទើរតែ​៩៩​ភាគរយ សួរនាំ​ពី​រឿង​ការងារ និង​ការសិក្សា និង​បញ្ហា​ផ្សេងៗ​ទៀត​។ និន្នាការ​នេះ គឺ​ផ្ទុយស្រឡះ​ពី​ពេលដែល​ណា​ណា​ប្រឡូក​នឹង​ការដោះស្រាយ​វិបត្តិ​ដំបូងៗ ដែលមាន​ប្រិយមិត្ត​ស្ទើរ​ទាំងអស់​សួរ​រឿង​ស្នេហា​នោះ​។ ណា​ណា ចាត់ទុក​ការផ្លាស់ប្តូរ​នេះ គឺជា​រឿង​ដ៏​វិជ្ជមាន​មួយ ហើយ​នាង​ក៏​ត្រេកអរ​ណាស់ដែរ ដែល​ខ្លួន​បានរួម​ចំណែក​ដ៏​ស្តួចស្តើង​ក្នុងការ​បញ្ជ្រាប​ការគិត​បែប​វិជ្ជមាន​នៅក្នុង​សង្គម​។​
 
មនុស្ស​ស្រី គួរតែមាន​គោលការណ៍​ដោយ​ខ្លួនឯង ហើយ​កំណត់ដោយ​ខ្លួនឯង​
 
​បើទោះបីជា ក្នុងសម័យ​សាកលភាវូបនីយកម្ម​នេះ ស្ត្រី​មានឱកាស​ច្រើន​ប៉ុន្តែ ក៏​នៅមាន​ស្ត្រី​ជាច្រើន​ទៀត​ដែរ ដែល​មិនទាន់​ចេះ​ក្តោប​ក្តាប់​ឱកាស និង​ប្រើប្រាស់​វា​ជា​ប្រយោជន៍​សម្រាប់​ជីវិត​។ បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នកផ្តល់​ប្រឹក្សា​ដែលមាន​ថ្វីមាត់ ណា​ណា មិន​សប្បាយចិត្ត គឺ​ពួកគាត់​បានអនុញ្ញាត​ឲ្យ​អ្នក​នៅ​ជុំវិញខ្លួន ជា​អ្នកកំណត់​ឱកាស កំណត់​ការគិត​ជំនួស​ខ្លួន​ទៅទៀត​។​
​ត្រង់ចំណុច​នេះ ណា​ណា ហាក់​ស្រពោន​ចិត្ត​បន្តិច និង​ប្រែ​ពី​ទឹកមុខ​ញញឹម​ជាប់ ទៅជា ទឹកមុខ​ស្មើ រួច​ទើប​បន្តថា មនុស្ស​ស្រី​គួរតែមាន​គោលការណ៍​ផ្ទាល់ខ្លួន និង​កំណ​ត់វា​ដោយ​ខ្លួនឯង​។ ណា​ណា បញ្ជាក់​ដោយ​សង្កត់​សំដី​ដូច្នេះ​៖« មនុស្ស​ស្រី​មួយចំនួន គាត់​បាត់បង់​ឱកាស​ដោ​យ​សារ​តែ​ខ្លួន​គាត់​កំណត់​ខ្លួនឯង ថា​គាត់​អាចធ្វើ​អ្វី​បាន ធ្វើ​អ្វី​មិនបាន​។ ខ្ញុំ​បានមក​ដល់​រាល់ថ្ងៃ ដោយសារតែ​ខ្ញុំ​មិនសូវ​ស្តាប់​អ្នកដទៃ គឺ​ខ្ញុំ​ស្តាប់​ខ្លួនឯង​ច្រើន ហើយ​ខ្ញុំ​ប្រកាន់​គោលការណ៍​៤ គឺ​តើ​វា​ខុសច្បាប់​ឬ​អត់​,​ខ្ញុំ​និយាយ​ក្នុង​ចេតនា​ល្អ និង​និយាយ​ដោយ​ក្តី​ស្រឡាញ់ និង​ត្រូវ​ស្ថានភាព​ឬ​អត់​? ខ្ញុំ​យល់ថា​មនុស្ស​ស្រី គួរតែមាន​គោលការណ៍​ផ្ទាល់ខ្លួន   ហើយ​កំណត់ដោយ​ខ្លួនឯង មិនមែន​កំណត់ដោយ​គេ​។  រឿង​ដែល​សំខាន់បំផុត​ជ្រើសរើស​ដៃគូ​ជីវិត​ឲ្យ​ត្រឹមត្រូវ និង​រៀន​ឲ្យ​បាន​ច្រើន​»​។​
 
 
 
​សម្រាប់​ណា​ណា ទោះជា​ទទួលស្គាល់ថា​សំដី​របស់ខ្លួន​មាន​ឥទ្ធិពល ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​សង្គម ដែលមាន​ទស្សនៈ​អវិជ្ជមាន​ដ៏​លើសលប់​នេះ​។ កម្ពុជា​ត្រូវការ អ្នកមាន​ឥទ្ធិពល​ដែល​ទាំង​ចំណេះ សុ​វ​ជីវ​ធម៌ និង​គុណធម៌​ជាច្រើន​ទៀត មក​ចូលរួម បន្ថយ​គំនិត និង​រូបភាព​អវិជ្ជមាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com