ជាតិ
កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី​១៦
22, Jan 2019 , 9:59 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
​ក្រសួង​ព័ត៌មាន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ឆ្នាំ​២០១៩ (AMS) លើក​ទី​១៦ ដែល​គ្រោង​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ខេត្តសៀមរាប​។ ការរៀបចំ​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព ថ្មីៗ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នៅក្នុង​កិច្ចប្រជុំ​នេះ នឹងមាន​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​ប្រមាណ​ជិត​១០០​ប្រទេស​ចូលរួម​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​នៅ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​។

 
 
​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​២០១៩ (AMS) លើក​ទី​១៦  កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ គឺធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ គឺ​កម្ពុជា​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​។ ប្រទេស​ចូលរួម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រមាណ​ជិត​១០០​ប្រទេស ជា​សមាជិក ដើម្បី​ជួបជុំគ្នា​ពិភាក្សា​ទាក់ទង​នឹង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង តំបន់ និង​ពិភពលោក​។ 
 
​លោក មាស សុ​ភ័​ណ្ឌ បាន​លើកឡើងថា ការរៀបចំ​កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង ជួបពិភាក្សា​គ្នា​អំពី​ការវិវត្ដន៍​ថ្មីៗ​លើ​វិស័យ​ព័ត៌មាន និង​ការ​រិះរក​មធ្យោបាយ​ធ្វើយ៉ាងណា​ជំរុញ ដល់​ការអភិវឌ្ឍ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក ចម្រើន​ផ្នែក​បច្ចេក វិទ្យា​នាពេល​បច្ចុប្បន្ននេះ​។ លោក​បាន​លើកទឹកចិត្ដដ​ល់ប​ណ្ដា​ប្រព័ន្ធ ផ្សព្វផ្សាយ​ទាំង​ជាតិ និង​អន្ដរជាតិ​ចូលរួម​ក្នុង​ព្រឹ​ត្ដិ​ការណ៍​នេះ ឱ្យបាន​ច្រើន ដើម្បី​ផ្សព្វផ្សាយ អំពី​ការអភិវឌ្ឍ​រីកចម្រើន​ផ្នែក​សារព័ត៌​មាននៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​ឱ្យបាន​កាន់តែ​ទូលំ ទូលាយ​ទៅកាន់​ពិភពលោក​ទាំងមូល​។​
 
​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​សង្កត់ធ្ងន់ថា ព្រឹ​ត្ដិ​ការណ៍​នេះ​គឺ​ពិត​ជាមាន​សារសំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​ក្រសួង​ព័ត៌មាន​ដែល​ទទួល​ភារកិច្ច​ក្នុងការ​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​នានា​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ ផ្សព្វផ្សាយ​អាស៊ី​២០១៩​នេះ ដំណើរការ​ប្រ​ព្រឹ​ត្ដទៅ​ប្រកបដោយ​ជោគជ័យ​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​២០១៩(AMS) លើក​ទី​១៦ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ ហៅ​កាត់​ថា (AIBD) គឺ​បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ គឺ​កម្ពុជា​រៀបចំ​ធ្វើជា ម្ចាស់ផ្ទះ​៕
 

Tag:
 ព័ត៌មាន​
  ប្រព័ន្ធ​ផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com