កីឡាអន្តរជាតិ
អន្តរជាតិ
យន្តហោះដែលដឹកកីឡាករ Sala ចំណូលថ្មីថ្លៃបំផុតរបស់ Cardiff បាត់ការទាក់ទង
× ខ្សែប្រយុទ្ធ Emiliano Sala ដែល Cardiff City ទើបទិញពីក្រុម Nantes ក្នុងតម្លៃឯតទគ្គកម្មក្លិប ១១លានផោន (១៤លានដុល្លារអាមេរិក) នោះ ឥឡូវនេះត្រូវគេរាយការណ៍ថាបានបាត់ខ្លួនជាមួយយន្តហោះដែលរូបគេធ្វើដំណើរពីប្រទេសបារាំងទៅក្រុង Cardiff ប្រទេសវែលិ៍។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃទី ២២ ខែមករានេះ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ២៨ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមពីរនាក់នៅលើយន្តហោះឯកជនម៉ាក Piper Malibu ដែលបានបាត់ការទាក់ទងកាលពីថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ខាងអាកាសយានដ្ឋានក្រុង Cardiff បានអះអាងថាយន្តហោះនេះត្រូវទៅដល់ព្រលានរបស់ខ្លួនដែលធ្វើដំណើរពីទីក្រុង Nantes នោះ បែជាបាត់ការទាក់ទងទៅវិញ ហើយអ្នកនាំពាក្យពីព្រលានខាងលើ ក៏មិនបាននិយាយលម្អិតពីព័ត៌មាននេះដែរ ខណៈក្លិបកំពុងបន្តស៊ើបអង្តេតជុំវិញការបាត់ខ្លួននេះ។
អ្នកកាសែតម្នាក់មកពី Ouest France ក៏បានអះអាងដែរថា Sala គឺនៅលើយន្តហោះនោះ ប៉ុន្តែក៏មិនមានការបញ្ជាក់អ្វីឲ្យច្បាស់ការនោះដែរ។
យ៉ាងណាក៏ដោយ នៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយបញ្ចាក់ថាអតតីខ្សែប្រយុទ្ធ Bordeaux រូបនេះពិតជាបាត់ខ្លួនជាមួយយន្តហោះ ឬយ៉ាងមិចនោះនៅឡើយទេ។
Sala ដែលស៊ុតបញ្ចូលទី១៣គ្រាប់ពីគ្រប់ការប្រកួតក្នុងរដូវកាលនេះឲ្យ Nantes នោះ បាននាំឲ្យរូបគេក្លាយជាអ្នករកគ្រាប់បាល់ច្រើនបំផុតលំដាប់ទី៣ ក្នុងក្របខណ្ឌ Ligue 1 បន្ទាប់ពី Kylian Mbappe ខ្សែប្រយុទ្ធរបស់ PSG និង Nicolas Pepe របស់ Lille៕
Tag:
បាល់ទាត់
Emiliano Sala
Cardiff City
© រក្សាសិទ្ធិដោយ thmeythmey.com