កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កូរ៉េខាងត្បូង ឈ្នះបារ៉ែនទាំងប្រផឹតប្រផើយ ដើម្បីឡើងទៅវគ្គ ១/៤ កីឡាករ Hee-Chan Hwang របស់កូរ៉េខាងត្បូងអបអរក្រោយការស៊ុតបាល់បញ្ចូលទី។ រូបថត បណ្តាញសង្គមផ្លូវការ Asian Cup
× លទ្ធផល ២-១ លើក្រុមបារ៉ែន គ្រប់គ្រាន់ដើម្បីនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ ដោយត្រូវរង់ចាំជំនួបរវាងកាតា និងអ៊ីរ៉ាក់ដែលប្រជែងគ្នានៅវេលាម៉ោង ១១:០០នាទីយប់នេះ។
ខ្សែប្រយុទ្ធពាក់ផ្លាកលេខ១១ Hee-Chan Hwang ជាអ្នករកគ្រាប់បាល់នាំមុខសម្រាប់កូរ៉េខាងត្បូងដែលកើតឡើងតាំងពីនាទី៤៣ នាជំនួបវគ្គ១/៨ផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Maktoum bin Rashid Al Maktoum ក្នុងក្រុងឌូបៃ។ ឈានដល់វគ្គទី២ នាទី៧៧ ខ្សែប្រយុទ្ធ Mohamed Marzooq អាចរកគ្រាប់បាល់តាមស្មើឲ្យបារ៉ែនវិញ ហើយលទ្ធផល ១-១ នេះបានបន្តរហូតដល់ចប់ការប្រកួតផ្លូវការ៩០នាទីតែម្តង។
កូរ៉េខាងត្បូង និងបារ៉ែនត្រូវបន្តលេងក្នុងម៉ោងបន្ថែម១៥នាទីពីរដង។ ក្នុងម៉ោងបន្ថែមលើកទី១ នៅចុងម៉ោងទៅហើយ ពោលគឺក្នុងនាទី១០៥ កីឡាករ Jin-Su Kim ដែលទើបប្តូរចូលជំនួសខ្សែការពារ Chul Hong នោះជាអ្នកសម្រេចគ្រាប់បាល់ទី២ និងជាគ្រាប់ជ័យជម្នះសម្រាប់កូរ៉េខាងត្បូងឡើងទៅវគ្គបន្ត ដ្បិតក្រុមទាំងពីរបន្តលេងនៅម៉ោងបន្ថែមលើកទី២ដោយគ្មានគ្រាប់បាល់។
ដូច្នេះលទ្ធផល ២-១ ក្នុងរយៈពេលប្រកួត ១២០នាទីនេះ បាននាំកូរ៉េខាងត្បូងឡើងទៅអង្គុយចាំកាតា ឬអ៊ីរ៉ាក់នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ សម្រាប់ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីលើកទី១៧នេះ។ កាតា និងអ៊ីរ៉ាក់នឹងត្រូវតទល់គ្នានៅម៉ោង ១១:០០នាទី បន្តិចទៀតនេះ នាកីឡដ្ឋាន Al Nahyan Stadium៕
© រក្សាសិទ្ធិដោយ thmeythmey.com