កីឡាអន្តរជាតិ
អន្តរជាតិ
​មិនទាន់មាន​តម្រុយ​ឡើយ​ជុំវិញ​ការបាត់​យន្តហោះ​ដែល​ដឹក​កីឡាករ Sala
23, Jan 2019 , 10:47 am        
រូបភាព
Emiliano Sala ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់ Cardiff City ដែល​ស្ថិតនៅលើ​យន្តហោះ​ធុន​ស្រាល​មួយគ្រឿង​បាន​បាត់​នៅលើ​កោះ Channel Islands ដែល​ស្ថិតនៅ​ប្រជុំ​កោះ​ក្នុង​តំបន់​អឺរ៉ុប​ចន្លោះ​ពី​ប្រទេស​បារាំង​ទៅ​ចក្រភព​អង់គ្លេស​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៨​ឆ្នាំ​រូបនេះ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នៅលើ​យន្តហោះ​ឯកជន​ម៉ាក Piper Malibu ដែល​បាន​បាត់​ការទាក់ទង​នៅលើ​កោះ​នោះ​កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២១ ខែមករា ឆ្នាំ​២០១៩​។​


 
​ប៉ូលិស​ក្នុង​តំបន់​ដែល​ស្ថិត​លើ​កោះ Channel Islands នោះ និយាយថា​មិនទាន់​រកឃើញ​មាន​ដាន​អ្វី​អំពី​យន្តហោះ​នោះឡើយ ខណៈ​ការស្វែងរក​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​សិន​។ រីឯ​កងកម្លាំង​ប្រចាំ​តំបន់​នោះ​ក៏​លើកឡើង​ដូចគ្នានេះដែរ​។​
 
​ពួកគេ​បាន​អះអាងថា ប្រសិនបើ​យន្តហោះ​នោះ​ធ្លាក់​ទៅក្នុង​ទឹក ឱកាស​រស់​គឺមាន​តិចតួច​ប៉ុណ្ណោះ​។​


 
 Sala ត្រូវបាន Cardiff City ទិញ​ពី​ក្រុម Nantes ក្នុងតម្លៃ​ឯតទគ្គ​កម្ម​ក្លិប ១១​លាន​ផោន (១៤​លាន​ដុល្លារ​អាមេរិក​)​។ រូបគេ​បានធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​ក្រុង Cardiff ប្រទេស​វែ​លិ៍ ប៉ុន្តែ​ជា​អកុសល យន្តហោះ​ដែល​រូបគេ​ជិះ​បាន​បាត់​ការទាក់ទង​រហូតមក​ទល់​ពេលនេះ​។ 
 
​ជុំវិញ​ការបាត់​ខ្លួន​នេះ ក្រុម​អ្នកគាំទ្រ​របស់​ក្រុម Nantes នៃ​លី​គ​កំពូល​បារាំង​រាប់ពាន់​អ្នក​បាន​ចេញមក​បួងសួង​ដើម្បី​ជូនពរ​ឲ្យ Sala មាន​សុវត្ថិភាព និង​មាន​ដំណឹង​ឆាប់ៗ​៕

Tag:
 បាល់ទាត់​
  Emiliano Sala
© រក្សាសិទ្ធិដោយ thmeythmey.com