ជាតិ
ប្រមុខ​ការទូត​អាស៊ាន ប្ដេជ្ញា​ជួយ​ស្វែងរក​ដំណោះស្រាយ​ដល់​មី​យ៉ាន់​ម៉ា លើ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា នៅ​រដ្ឋ​រ៉ា​ក់​ខាន​
23, Jan 2019 , 11:14 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ប្តេជ្ញា​ជួយ​ស្វែងរក​ដំណោះស្រាយ​ដល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លើ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា នៅ​រដ្ឋ​រ៉ា​ក់​ខាន​។ ការប្ដេជ្ញា​របស់​ប្រមុខ​ការទូត​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​មី​យ៉ាន់​ម៉ា បានលើកឡើង​ពី​បញ្ហា​នេះ នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៧-១៨  ខែមករា ។​


 
​បញ្ហា​ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំងអស់ បាន​ផ្លាស់ប្តូរ​យោបល់​នោះ គឺ​ផ្ដោតទៅលើ​បញ្ហា​តំបន់ និង​អន្តរជាតិ  ដែល​រួមមាន​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ហិង្សា​ជ្រុលនិយម  នៅ​រដ្ឋ​រ៉ា​ក់​ខាន ,​ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។​
 
​និយាយ​ដល់​បញ្ហា​ហិង្សា​នៅ​តំបន់​រ៉ា​ក់​ខាន ប្រទេស​មី​យ៉ាន់​ម៉ា នោះ ប្រមុខ​ការទូត​អាស៊ាន សន្យា​ប្ដេជ្ញា​គាំទ្រ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន​ទូលំទូលាយ​និង​យូរអង្វែង ដែល​នាំមក​នូវ​សន្ដិភាព ស្ថិរភាព ដើម្បី​លើកកម្ពស់​សុខដុម​នីយកម្ម និង​ការផ្សះផ្សា​ក្នុងចំណោម​សហគមន៍​នានា ។ ជាពិសេស​ធានា​នូវ​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​សមធម៌ នៅ​រដ្ឋ​រ៉ា​ក់​ខាន នេះ​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បានបង្ហាញ​ពី​របាយការណ៍​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​រដ្ឋមន្ដ្រី​ទាំងអស់​ក៏បាន​ផ្លាស់ប្ដូរ​ទស្សនៈ ថា​តើ​អាស៊ាន​អាចជួយ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​យ៉ាងដូចម្តេច និង​តួនាទី​របស់​មជ្ឈមណ្ឌល​សម្របសម្រួល​ជំនួយ​មនុស្សធម៌​អាស៊ាន ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដទៃទៀត ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​»​។​
 
​ទាក់ទង​នឹង​បញ្ហា​នៅ​រដ្ឋ​រ៉ា​ក​ខាន​នេះ ខាង​ក្រុម​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​រកឃើញ​ភស្តុតាង​ថា វា​មាន​ករណី​សម្លាប់​រង្គាល រំលោភ​សេពសន្ថវៈ ធ្វើ​ទារុណកម្ម និង​ដុតបំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​រដ្ឋ​រ៉ា​ក់​ខាន ដែល​អាច​ចាត់​ចូល​ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​និង​ប្រល័យពូជសាសន៍​។ ស្ថាប័ន​នេះ​ក៏បាន​ទាមទារ​ឲ្យ​មាន​ការនាំ​ក្រុម​ឧ​ត្ត​ម​សេនីយ៍​យោធា​មី​យ៉ាន់​ម៉ា​ទៅ​កាត់ទោស ដើម្បី​ឆ្លើយតប​នឹង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ាងនេះ​។ ប៉ុន្តែ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ទាត់ចោល​របាយការណ៍​នោះ​ដោយ​ចាត់ទុកថា វា​មាន​ភាពលម្អៀង​ខ្លាំង​។​
 
​ដោយសារតែ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា នៅ​រដ្ឋ​រ៉ា​ក​ខាន​នេះហើយ ទើប​ធ្វើ​ឲ្យ​សហគម​អន្តរជាតិ​មួយចំនួន អស់ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ។ ពួកគេ​ទាំងនោះ ក៏បាន​ដកយក​ពានរង្វាន់ ដែល​ធ្លាប់​ប្រគល់​ឲ្យ​លោកស្រី ស៊ូ​ជី កាល​នៅ​ជា​ប្រមុខ​ប្រឆាំង​មកវិញ​ផងដែរ​។ រដ្ឋធានី​បារី​ស​បានប្រកាសថា ខ្លួន​នឹង​សម្រេច​ដក «​ពានរង្វាន់​សេរីភាព​ប៉ារីស​»​ដែល​បាន​ប្រគល់ជូន​ទីប្រឹក្សារ​ដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដើម្បី​ឆ្លើយតប​នឹង​ភាព​ស្ងៀមស្ងាត់ និង​មិន​ឈឺឆ្អាល​ចំពោះ​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​រដ្ឋ​រ៉ា​ក់​ខាន​ប្រឆាំង​ប្រជាជន​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​។ ចំណែក​មូលនិធិ​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​ដកហូត​ពានរង្វាន់​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ខ្លួន​បានផ្តល់​ឲ្យ​កាលពី​ឆ្នាំ​២០០៤​កន្លងទៅ​ដែរ​។​
 
​តាមពិតទៅ​លោក ស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​គេ​ចាត់ទុកជា​និមិត្តរូប​នៃ​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​បក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់ខ្លួន​ក្នុង​ជំនាន់​ឆ្នាំ ១៩៩០ ប្រឆាំងនឹង​របប​ដឹកនាំ​យោធា និង​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋ​ជា​ផ្លូវការ​ក្រោយ​បក្ស​លោកស្រី​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ឆ្នាំ ២០១៥ ។ ប៉ុន្តែ​លោកស្រី​រង​ការ​ថ្កោលទោស​ពី​សំណាក់​លោកខាងលិច​ដោយ​សារភាព​ស្ងៀមស្ងាត់ និង​គ្មាន​សកម្មភាព​ចំពោះ​ការ​បំពារបំពាន​សិទ្ធិមនុស្ស​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ក់​ខាន​កន្លងមកនេះ​៕
 

Tag:
 អាស៊ាន​
  មី​យ៉ាន់​ម៉ា​
 ​រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com