កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ព្រម​បង់ពន្ធ​២១​លាន​ដុល្លារ​ឲ្យ​អាជ្ញាធរ​អេ​ស្ប៉ា​ញ​ដើម្បី​បញ្ចប់​ក្តី​
23, Jan 2019 , 1:46 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo យល់ព្រម​បង់ប្រាក់​យ៉ាងច្រើន​សន្ធឹក​រហូតដល់ ១៨,៨ លាន​អ៊ឺ​រ៉ូ (២១​លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​អាជ្ញាធរ​ពន្ធដារ​អេ​ស្ប៉ា​ញ​ដើម្បី​បញ្ចប់​ក្តី និង​រួច​ផុតពី​ការជាប់​ពន​ធនាគារ​រយៈពេល​២​ឆ្នាំ ជុំវិញ​បទ​ចោទ​បន្លំ​ពន្ធ​អំឡុង​រូបគេ​ស្នាក់នៅ​ជាមួយ​ក្រុម Real Madrid កន្លងមក​។​


 
​កីឡាករ​ចំណូល​ថ្មី​របស់ Juventus រូបនេះ រួមទាំង​មិត្តស្រី​របស់ខ្លួន​នាង Georgina Rodriguez បានធ្វើ​ដំណើរ​ទៅកាន់​តុលាការ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​បញ្ចប់​ក្តីក្តាំ​ពន្ធដារ​របស់ខ្លួន​ជាច្រើន​ឆ្នាំ​មក ដោយ​រូបគេ​បង្ហាញខ្លួន ចំពោះមុខ​ព្រះរាជអាជ្ញា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​
 
​អាជ្ញាធរ​ពន្ធដារ​អេ​ស្ប៉ា​ញ ក៏បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទទួលយក​ប្រាក់​២១​លាន​ដុល្លារ​អាមេរិក​នេះ ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​បញ្ចប់​ក្តី រួមទាំង​អាច​គេច​ផុតពី​ការកាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល​២៣​ខែ​ទៀតផង​។ 
 
​តាមច្បាប់​ក្នុងប្រទេស​អេ​ស្ប៉ា​ញ អ្នក​ជាប់ទោស​ក្រោម​រយៈពេល​២​ឆ្នាំ សម្រាប់​អ្នកមាន​ទោស​លើកដំបូង គឺអាច​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​បាន ហើយ Ronaldo ស្ថិតក្នុង​លក្ខខណ្ឌ​បែបនេះ​។​
​អ្នកច្បាប់​នៅ​អេ​ស្ប៉ា​ញ​បាន​ប្រាប់​បណ្តាសារ​ព័ត៌មាន​ថា អតីត​ខ្សែប្រយុទ្ធ Real Madrid និង Manchester United វ័យ​៣៤​ឆ្នាំ​រូបនេះ មានទោស​កំហុស​ចំនួន​៤​ករណី ជុំវិញ​ការ​គេចវេះ​ពី​ការបង់ពន្ធ​។​
 
​កន្លងមក ព្រះរាជអាជ្ញា​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់ថា អត្ត​ព​លិ​ក​ដែលមាន​ប្រាក់ខែ​ខ្ពស់​លើ​លោក​នេះ មិនបាន​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​គិត​ចាប់តាំងពី​ឆ្នាំ ២០១០ មក​។​
 
​ករណីនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​ការទាញយក​ប្រយោជន៍​ពី​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​មួយ ដែល​បាន​បង្កើត​នៅ​ឆ្នាំ ២០១០ ដើម្បី​លាក់​ប្រាក់ចំណូល​ដែល​រកបាន​នៅ​អេ​ស្ប៉ា​ញ​របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យកាល ក្នុង​ចន្លោះ​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១៤ ពោលគឺ​ក្នុងអំឡុងពេល ដែល​រូបគេ​ត្រូវបាន​គេ​គិតថា បាន​គេចវេស​បង់ពន្ធ​ចំនួន ១៤,៧ លាន​អ៊ឺ​រ៉ូ (១៧,១២​លាន​ដុល្លារ​)​។​
 
​តែ​ចុងក្រោយ Ronaldo នៅតែ​យល់ព្រម​បង់​ឲ្យ​អាជ្ញាធរ​ពន្ធដារ​អេ​ស្ប៉ា​ញ​ដដែល ដើម្បី​បញ្ចប់រឿង​៕

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com