អន្តរជាតិ
អាជ្ញាធរ​ថៃ​ប្រើប្រាស់​ដ្រូ​ន​បាញ់​ទឹក ដើម្បី​ទប់ទល់​នឹង​ខ្យល់​កខ្វក់​ក្នុង​ក្រុង​បាងកក​
23, Jan 2019 , 7:39 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​ថៃ​បាន​ដាក់ចេញ​វិធានការ​ថ្មី​មួយ ដោយ​ប្រើប្រាស់​ដ្រូ​ន​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ខ្យល់​កខ្វក់ ដែល​កំពុង​វាយប្រហារ​លើ​រាជធានី​បាងកក និង​ខេត្ត​មួយចំនួន​ដែល​នៅក្បែរនោះ​ ​ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍​កន្លងមកនេះ​។​

 
​ការសាកល្បង​នេះ គឺ​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​នៅក្នុង​សបា្តហ៍​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Preecha Pradapmuk ប្រធាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​ការពា​រ​។ ចំពោះ​ការសាកល្បង​នេះ លោក​បាន​អះអាងថា ស្ថាប័ន​របស់លោក កំពុង​សហការ​ជាមួយ​ភ្នាក់ងារ​ពាក់ព័ន្ធ​របស់​រដ្ឋ​ផ្សេងៗ ក្នុង​គោលដៅ​ប្រយុទ្ធ​ទៅនឹង​ការបំពុល ដោយ​ប្រើប្រាស់​ដ្រូ​ន​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត Bangkok Post លោក Preecha បាន​និយាយថា ដ្រូ​ន​ចំនួន ១២ គ្រឿង ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​ស្ថាប័នរដ្ឋ​និង​ឯកជន សម្រាប់​បើក​ការសាកល្បង​នេះ​។ នៅ​ថ្ងៃ​អង្គារ ទី​២២ មករា ដ្រូ​ន​ទាំងនោះ​គឺ​ត្រូវបាន​អាជ្ញាធរ​ដាក់ពង្រាយ​នៅលើ​ឧទ្យាន​មួយកន្លែង​ក្នុង​ក្រុង​បាងកក​ឈ្មោះថា Vachirabenjatas  ដែល​ស្ថិតក្នុង​សង្កាត់ Chatuchak ។ 
 
​យោងតាម​ការអះអាងរ​ប​ស់លោក Preecha ដដែល ដ្រូ​ន​ទាំង​១២​នោះបាន​បើក​ប្រតិបត្តិ​ការបាញ់ទឹក​ពីលើ​អាកាស​ក្នុង​រយៈកម្ពស់ ២៥ ម៉ែត្រ សម្រាប់​រយៈពេល​ប្រមាណ ៣០ ទៅ ៤០ នាទី​។ ក្រោយ​ប្រតិបត្តិការ​នេះ លទ្ធផល​បង្ហាញ ផង់​ធូលី​ល្អិតៗ​នៅក្នុង​ខ្យល់​ត្រូវបាន​កាត់បន្ថយ​។ លើសពីនេះ អាជ្ញាធរ​ថៃ​ក៏​កំពុង​ពិចារណា​ដាក់ពង្រាយ​ដ្រូ​ន​ទាំងនេះ​នៅ​តំបន់​មួយចំនួនទៀត​ក្នុង​ទីក្រុង​បាងកក ដែល​រង​ប៉ះពាល់​ខ្លាំង​ដោយ​ខ្យល់​កខ្វក់​។​
 
​ទាក់ទិន​នឹង​ការប្រើប្រាស់​ដ្រូ​ន​នេះដែរ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានចាត់ទុក​ការសាកល្បង​នេះ​ថា​ជា ភាពជោគជ័យ​មួយ​។ ត្រង់ចំណុច​នេះ លោក ប្រា​យុទ្ធ បាន​លើកឡើងថា ចិន​ក៏​ធ្លាប់បាន​ប្រើប្រាស់​ដ្រូ​ន​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ខ្យល់​កខ្វក់​ផងដែរ ដោយ​រួមមាន ការបាញ់​រូបធាតុ​គីមី​នៅក្នុង​ខ្យល់​ជាដើម​។ លោក​ថា «​យើង​ត្រូវតែ​ស្វះ​ស្វែងរក​វិធានការ​ចម្បងៗ​ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល​ខ្យល់​នេះ​»៕
 

Tag:
 ថៃ​
  បាងកក​
  ខ្យល់​កខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com