ភ្នំពេញ៖ ការបន្តនីតិវិធីស៊ើបអង្កេត និងពិចារណា នៃការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ» (Everything But Arms) លើកម្ពុជា នៅតែជាក្តីព្រួយបារម្ភរបស់ក្រុមសហជីព ដែលបានវាយតម្លៃថា ការនាំចេញផលិតផលកាត់ដេរទៅអឺរ៉ុប អាចនៅទ្រឹង ឬធ្លាក់ចុះក្នុងឆ្នាំ២០១៩។ ប៉ុន្តែខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅតែមើលឃើញពីភាពវិជ្ជមាននៃការនាំចេញនេះ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានវាយតម្លៃជាមុនថា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាក្នុងឆ្នាំ២០១៩ អាចនឹងមានការថយចុះជាងឆ្នាំ២០១៨ ដោយសារបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះ។ មូលហេតុដែលលោក អាត់ ធន់ លើកឡើងបែបនេះ ដោយសារលោកបានឭពាក្យត្អូញត្អែរ និងក្តីព្រួយបារម្ភរបស់អ្នកបញ្ជាទិញពីកម្ពុជា។
ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey លោក អាត់ ធន់ បាននិយាយដូច្នេះថា៖ «ចំនួនអ្នកបញ្ជាទិញ និងអ្នកផលិតមួយចំនួនធំ បានត្អួញត្អែរ និងបានលើកយកបញ្ហាEBA មកនិយាយច្រើន។ ដូច្នេះ ចង់ឬមិនចង់ ចំនួននៃការបញ្ជាទិញទំនិញរបស់កម្ពុជា ពីសហភាពអឺរ៉ុបនឹងការថយចុះ មិនខាន់។ ប៉ុន្តែយើងមិនអាចកំណត់បានក្នុងទំហំថយចុះណាមួយជាក់លាក់ឡើយ ដោយត្រូវរង់ចាំមើលរបាយការណ៍នាំចេញក្នុងឆមាសទីមួយ ឆ្នាំ២០១៩»។
ការនាំចេញទំនិញវាយនភណ្ឌ មានការកើនឡើងជាលំដាប់ ក្នុងរយៈពេល៤ឆ្នាំជាប់គ្នា។ ឆ្នាំ២០១៥ មាននាំចេញមានទំហំទឹកជាង៦,៨០០លានដុល្លារ, ឆ្នាំ២០១៦ មានទំហំ ៧,៣០០លានដុល្លារ, ឆ្នាំ២០១៧ មានទំហំជាង៨,១០០លានដុល្លារ។ ចំពោះការនាំចេញទំនិញក្នុងឆ្នាំ២០១៨ នៅតែល្អប្រសើរ ដោយមានការកើនជាង៤០ភាគរយ នៅឆមាសទីមួយ ក្នុងទំហំទឹកជាង៤,០០០លានដុល្លារ។ ប៉ុន្តែចំនួននេះកើនឡើង ដោយសារតែសហរដ្ឋអាមេរិក មិនយកពន្ធនៃការបញ្ជាទិញកាបូបគ្រប់ប្រភេទ និងស្បែកជើង ពីកម្ពុជា។ ចំណែករោងចក្រវាយនភណ្ឌនៅកម្ពុជា បានកើនឡើងដល់១,៥០០កន្លែង ក្នុងឆ្នាំ២០១៨កន្លងទៅ ដែលភាគច្រើនជារោងចក្រផលិតកាបូប ដែលជាតម្រូវតាមទីផ្សារអាមេរិកប៉ុណ្ណោះ។ នេះបើតាមលោក អាត់ ធន់ ដែលរៀបរាប់ពីរបាយការណ៍នេះ។
ផ្ទុយពីការលើកឡើងរបស់សហជីពខាងលើ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានលើកឡើងថា ការនាំចេញផលិតផលវាយនភណ្ឌពីរោងចក្រកាត់ដេរកម្ពុជា នឹងនៅតែបន្តភាពវិជ្ជមានក្នុងឆ្នាំ២០១៩។ ការនាំចេញនៅតែវិជ្ជមាន ដោយសាររដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងឡាយ បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់គណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុបជាច្រើន ដែលទទួលបានការឆ្លើយតបយ៉ាងល្អប្រសើរត្រឡប់មកវិញ។
« ជាក់ស្តែងយើងមិនទាន់ដឹងនៃការបញ្ជាទិញផលិតផលកាត់ដេរគ្រប់ប្រភេទរបស់កម្ពុជាពីបរទេស ពិសេសអឺរ៉ុបបានទេ នៅក្នុងឆ្នាំ២០១៩នេះ។ ប៉ុន្តែការនាំចេញផលិតផលកាត់ដេរកម្ពុជា មានការកើនឡើងខ្ពស់មួយឆ្នាំទៅមួយឆ្នាំ ពិសេសនៅឆមាសទីមួយឆ្នាំ២០១៨ កើនឡើងជាង៤០ភាគរយ។ ជាជំហរវិជ្ជមានរបស់ខ្ញុំ កម្ពុជានឹងនៅតែបន្តកើនឡើងនៃការនាំចេញផលិតផលកាត់ដេរ និងបន្តអនុវត្តនូវប្រព័ន្ធអនុគ្រោះពន្ធ(EBA) ពីសហភាពអឺរ៉ុប»។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC)។
សូមបញ្ជាក់ថា មកដល់ពេលនេះ សហភាពអឺរ៉ុប ពុំទាន់សម្រេចដកការអនុគ្រោះពន្ធពីកម្ពុជាឡើយ ពោលគឺសហភាពអឺរ៉ុប ទើបតែនឹងចាប់ផ្តើមដំណើរការលើនីតិវីធីស្តីពីការដកការអនុគ្រោះពន្ធប៉ុណ្ណោះ។ សម្រាប់នីតិវិធីនិងដំណើរការនេះ មានរយៈពេលដល់ទៅ១២ខែឯណោះ ទើបឈានដល់ការសម្រេចចុងក្រោយថា ដកឬមិនដកការអនុគ្រោះពន្ធ៕