អន្តរជាតិ
ព្រឹទ្ធសភា​អាមេរិក​ត្រៀម​បោះឆ្នោត​អនុម័ត​វិធានការ​ពីរ​សំដៅ​បើក​រដ្ឋាភិបាល​សហព័ន្ធ​ទាំងស្រុង​ឡើងវិញ​
23, Jan 2019 , 9:19 pm        
រូបភាព
​មេដឹកនាំ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងពីរ​បក្ស​បាន​ឯកភាពគ្នា​បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​សំខាន់​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ឈានទៅ​បើក​ដំណើរ​ការងារ​ភ្នាក់ងារ​រដ្ឋាភិបាល​សហ​ព័ន្ធ​ដែល​ត្រូវ​បិទ​អស់​រយៈពេល​មួយខែ​នេះ​ឡើងវិញ​។ សំណើរ​ធំៗ​មាន​ពីរ​ដែល​ត្រូវដាក់​ឲ្យ​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត ក្នុងនោះ​មាន​ក្នុងនោះ​មាន​សំណើរ​មួយ​ចែង​ពី​កញ្ចប់​ថវិកា​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​តាម​ការទាមទារ​របស់លោក ត្រាំ​ផង​។


 
​ការបិទ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​ដោយ​ផ្នែក​ចូលដល់​ខែ​ទី​ពីរ​ហើយ​គិត​ត្រឹម​ថ្ងៃ ២២ ខែមករា​ឆ្នាំ ២០១៩​នេះ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មានការ​ស្រុះស្រួល​គ្នា​រវាង​ប្រធានាធិបតី និង​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​បើក​ដំណើរការ​រដ្ឋាភិបាល​ជា​ប្រក្រតី​វិញ​ឡើយ​។ ផ្ទុយ​ទៅ​គេ​គ្រាន់តែ​ឃើញ​ការ​ឯកភាពគ្នា​បើក​ឲ្យ​មានការ​បោះឆ្នោត​អនុម័ត​សំណើរ​ពីរ​នៅក្នុង​ព្រឹទ្ធសភា​ប៉ុណ្ណោះ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​លោក Mitch McConnell  ដែល​មេដឹកនាំ​ក្រុម​ភាគ​ភាគច្រើន និង​សមាជិក​បក្ស​ប្រជាធិបតេយ្យ​លោក Chuck Schumer មេដឹកនាំ​ក្រុម​ភាគតិច​បាន​ឯកភាពគ្នា​លើ​ការបោះឆ្នោត​នេះ​នៅ​ថ្ងៃ​អង្គារ​ទី ២២​ខែមករា​។​
 
​អ្នកនយោបាយ​ទាំងពីរ​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​សាកល្បង​លើ​សំណើរ​ធំៗ​ពីរ​។ ទីមួយ​សំណើរ​នោះ​គឺ​ចេញ​វិធាន​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​ស្ថាប័ន​និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ត្រូវបាន​បិទ​ទាំងអស់​រហូតដល់​ខែកញ្ញា និង​ផ្តល់​កញ្ចប់​លុយ ៥,៧​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​តាម​ការទាមទារ​របស់​លោក ដូ​ណា​ល់ ត្រាំ​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ផង​។​
 
​ចំពោះ​សំណើរ​ទី​ពីរ​គឺ ជា​គម្រោង​ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​បក្ស​ប្រធានាធិបតី ហើយ​វិធានការ​នេះ​មាន​គោលដៅ​ផ្តល់​ហិរញ្ញវត្ថុ​ដល់ទី​ភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​ត្រឹម​ថ្ងៃ ៨​ខែកុម្ភៈ​ប៉ុណ្ណោះ ហើយ​គ្មាន​កញ្ចប់​លុយ​សង់​ជញ្ជាំង​ទេ​។ ប៉ុន្តែ​បើកផ្លូវ​សម្រាប់​ការចរចា​លើ​បញ្ហា​សន្តិសុខ​ព្រំដែន​និង​អន្តោប្រវេសន៍​បន្ថែមទៀត​។ វិធានការ​នេះ​ក៏​អនុញ្ញាត​ឲ្យ​លោក ត្រាំ ចូល​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ក្នុង​សភា​មុន​ដាច់​ខែ​ដែរ​។ 
 
​យ៉ាងណាក៏ដោយ ដើម្បី​អាច​ឆ្លង​ផុត​ព្រឹទ្ធសភា វា​ត្រូវការ​សំឡេងគាំទ្រ​រហូតដល់ ៦០ ក្នុង​សំឡេង​សរុប ១០០​។  បច្ចុប្បន្ន បក្ស​សាធារណរដ្ឋ​កាន់កាប់​អាសនៈ​សរុប ៥១ ប៉ុណ្ណោះ​។ វា​មានន័យថា ទោះជា​សំណើរ​ទីមួយ​ត្រូវចិត្ត​លោក ដូ​ណា​ល់ ត្រាំ ក៏ដោយ សមាជិក​បក្ស​សាធារណរដ្ឋ​នៅតែ​ត្រូវការ​សំឡេងគាំទ្រ​ចំនួន ៩​ទៀត ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ដដែល​។ វា​ទំនងជា​រឿង​ដែល​មិនអាច​កើតឡើង​នោះឡើយ​។​
 
​ចំពោះ​ចំណាត់ការ​ទី​ពីរ​វិញ​នោះ ថ្វីបើ​វា​មាន​គោលដៅ​ផ្តល់​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ដំណើរការ​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ត្រូវ​បិទ​បណ្តោះអាសន្ន និង​បើកផ្លូវ​ឲ្យ​មាន​ការជជែក​គ្នា​បន្ថែម​ក្តី​លើ​កា​រព​ង្រឹ​សន្តិសុខ​ព្រំដែន​ក៏ពិតមែន វា​មិនមែនជា​អ្វីដែល​លោក ត្រាំ​ចង់បាន​ឡើយ​។ ដូច្នេះ ទោះ​វិធានការ​ត្រូវ​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​អនុម័ត​ដោយ​ជោគជ័យ​ក៏ដោយ បើ​ប្រធានាធិបតី​លោក ត្រាំ បដិសេធ​ចុះហត្ថលេខា វា​ក៏​គ្មាន​ន័យ​អ្វី​ដែរ​។​
 
​យ៉ាងណាមិញ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​បាន​ជំរុញ​ឲ្យ​បណ្តា​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​ចូលរួម​គ្នា​ដើម្បី​ឈានទៅ​បើក​រដ្ឋាភិបាល​ស​ហ័ព​ន្ធ​ទាំងស្រុង​ឡើងវិញ​សិន ដោយ​ជ្រើសរើស​វិធានការ​ទី​ពីរ​។ យ៉ាងហោចណាស់ វា​ក៏​ផ្តល់​ពេលវេលា​បន្ថែម​សម្រាប់​ការជជែក និង​ដេញដោល​គ្នា ដោយ​មិនចាំបាច់​យក​រដ្ឋាភិបាល​ជា​ចំណាប់ខ្មាំង​ដូច​បច្ចុប្បន្ន​ទៀត​៕
 

Tag:
 ​ព្រឹទ្ធសភា​
  អាមេរិក​
  ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com