ជាតិ
អ្នកកាសែត​ខ្មែរ​ដំបូង​ក្រោយ​សម័យ​ប៉ុលពត ជួបជុំ​រំឭក​ខួប​៤០​ឆ្នាំ​នៃ​កាសែត​កម្ពុជា​
24, Jan 2019 , 10:23 am        
រូបភាព
​ក្រុមអ្នកកាសែត​ជំនាន់​ទីមួយ​ក្រោយ​របប ប៉ុល ពត នឹង​ជួបជុំគ្នា​នា​ថ្ងៃ​សុក្រ​ទី​២៥​ខែមករា​នេះ ដើម្បី​ប្រារព្ធ​ពិធី​រំឭក​ខួប​៤០​ឆ្នាំ​នៃ​ការបង្កើត​សារព័ត៌​មានឈ្មោះ «​កម្ពុជា​»​។​

 
​ត្រឹមតែ​១៨​ថ្ងៃ ក្រោយ​ថ្ងៃ​ដួលរលំ​នៃ​របប​ខ្មែរក្រហម ទិនានុប្បវត្តិ​ឈ្មោះ «​កម្ពុជា​» បានចេញ​ផ្សាយ​លេខ​ទី​១​របស់ខ្លួន​ភ្លាម​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៩៧៩​។  ៤០​ឆ្នាំក្រោយ ទាំង​អតីត​ថ្នាក់ដឹកនាំ អតីត​សហការី​នៃ​កាសែត​កម្ពុជា និង​ភ្ញៀវកិត្តិយស​សរុប​ប្រមាណ​២០០​នាក់ នឹង​ប្រារព្ធ​ពិធី​ជួបជុំ​រំឭក​ខួប​ឆ្នាំ​ទី​៤០​នៃ​ការបង្កើត​សារព័ត៌មាន «​កម្ពុជា​» ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន ឡោ​ទី​ហ្វា​ង​។​
 
​លេខ​ទីមួយ​នៃ​កាសែត កម្ពុជា បានចេញ​ផ្សាយ​ប្រវត្តិ​របស់លោក ហេង សំរិន និង​លោក ប៉ែន សុវណ្ណ ដែល​ត្រូវបាន​សរសេរ​នៅក្រោម​រូប​ទង់ជាតិ បទ​ភ្លេងជាតិ និង​ទន្ទឹមគ្នា​នឹង​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​។​
 
​ការជួបគ្នា​ក្នុង​ពិធី​ខួប​ឆ្នាំ​ទី​៤០​នៃ​សារព័ត៌មាន​កម្ពុជា នឹង​ផ្តល់ឱកាស​ឲ្យ​អតីត​សហការី​នៃ​ក្រុមអ្នកកាសែត​ខ្មែរ​ដំបូង​ក្រោយ​របប​ប្រល័យពូជសាសន៍​បាន​ជួបជុំ​រំឭក​អនុស្សាវរីយ៍ និង​ចែករំលែក​បទពិសោធន៍​ដល់​អ្នកកាសែត​ជំនាន់​ក្រោយ​ផងដែរ​។​
 
​យោងតាម​ឯកសារ​របស់​ក្រុមការងារ​រៀបចំ​ពិធី កាសែត​កម្ពុជា គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។ ឯកសារ​ដដែល​សរសេ​រថា​៖«​ការចេញផ្សាយ​ច្បាប់​ដំបូង​របស់​កាសែត​នេះ ធ្វើឡើង​ដោយ​ការ​វាយ​អង្គុលីលេខ​ក្នុង​ទំហំ A3 ហើយ​មាន​៨​ទំព័រ ដែល​ត្រូវបាន​បោះពុម្ព​នៅ​ប្រទេស​វៀតណាម​»​។​
 
​បុគ្គលិក​ប្រមាណ​៣០ ដែល​ដឹកនាំ​ដោយ​លោក ចាន់ មិន ជា​ប្រធាន និង​លោក ព្រហ្ម បាយ័ន ជា​ប្រធាន​មន្ទីរ​ព័ត៌មាន គឺជា​ក្រុម​នុស្ស​ដំបូង​ដែល​បានរៀបចំ​ការចេញផ្សាយ​លេខ​ទី​១​នៃ​កាសែត​កម្ពុជា​ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់​។​
 
​ឯកសារ​ដដែល​បាន​បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​១៩៨០ លោក ខៀវ កាញារីទ្ធ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​អគ្គ​និពន្ធ​នាយក និង​មាន​អគ្គ​និពន្ធ​នាយករង​ចំនួន​២​រូប​ទៀត​គឺ លោក ប៉ែន បញ្ញា និង​លោក ព្រហ្ម​ញាណ​វិចិត្រ​៕

Tag:
 ខៀវ កាញារីទ្ធ
  កាសែត​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com