ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អ្នកនឹង​ជួបប្រទះ​អាកា​រៈទាំង​នេះ ប្រសិនបើ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​
25, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹក ជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​រាងកាយ និង​ទ្រទ្រង់​ជីវិត​មនុស្ស​គ្រប់រូប​។ ពេលខ្លះ​ទឹក​ធម្មតា​មួយ​កែវ​អាច​ផ្ដល់​ភាពស្រស់​ស្រាយ​បានល្អ​ជាង​កាហ្វេ ឬ​ទឹកក្រូច​កំប៉ុង​ទៀតផង​។ អ្នកជំនាញ​ជាច្រើន​ណែនាំ​ឲ្យ​ទទួលទាន​ប្រមាណ​ជា ២ លីត្រ ឬ​ពី ៨ ទៅ ៩ កែវ​ក្នុង​មួយថ្ងៃ​ដើម្បី​រក្សាបាន​សុខភាព​ល្អប្រសើរ​ជៀស​ផុតពី​បញ្ហា​ផ្សេងៗ​។ ទោះជា​យ៉ាងណា ភាគច្រើន​នៃ​ពួកយើង​មិនបាន​ទទួលទាន​ទឹក​គ្រប់គ្រាន់​ជាប្រចាំ​ឡើយ​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​នឹង​លេចឡើង​នៅពេល​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់ ៖
 
១. ស្ងួត​មាត់​
 
​នោះ​ក៏​ព្រោះតែ​ជាធម្មតា​ការទទួល​ទាន​ទឹក​ជួយ​សម្រួល​ដល់​ភ្នាស​ទឹករំអិល​ក្នុង​មាត់ និង​បំពង់ក ដែល​ធ្វើឱ្យ​មាត់​មាន​សំណើម​ជាប់​រហូត​ជាមួយ​ទឹកមាត់​។ ដូច្នេះហើយ​ទើប​ក្នុង​មាត់ និង​បំពង់ក​ប្រែជា​ស្ងួត​នៅពេល​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​។​
 
២. ស្បែក​ស្ងួត​
 
​ស្បែក គឺជា​សរីរាង្គ​ដ៏​ធំ​បំផុត​នៃ​រាងកាយ ដូច្នេះ​វា​ត្រូវការ​រក្សាបាន​នូវ​ជាតិ​សំណើម ឬ​ជាតិ​ទឹក​ជាប់​ជានិច្ច​។ ជា​ញឹកញយ ស្បែក​ស្ងួត​ជា​អា​ការៈដែល​លេចឡើង​ដំបូង​បំផុត​នៃ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​បង្កបញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ​។ លើសពីនេះទៅទៀត កង្វះ​ជាតិ​ទឹក​មានន័យថា កង្វះ​ញើស ជាហេតុ​បណ្ដាលឱ្យ​យ​រាងកាយ​អសមត្ថភាព​ក្នុងការ​សម្អាត​ភាព​កង្វក់ និង​ប្រេង​ដែល​បាន​ប្រមូលផ្ដុំ​។​
 
៣. ស្ងួត​ភ្នែក​
 
​ក្នុងការ​ទទួលទាន​ទឹក មិន​ត្រឹមតែ​ជះឥទ្ធិពល​តែ​លើ​មាត់​, បំពង់ក និង​ស្បែក​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួមទាំង​ភ្នែក​ផងដែរ​។ ការទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​អាច​បណ្ដាលឱ្យ​ភ្នែក​ប្រែជា​ស្ងួត និង​ក្រហម​។ ហើយ​កង្វះ​នៃ​ជាតិ​ទឹក​ក្នុង​រាងកាយ ក៏​ប៉ះពាល់​ដល់​ក្រពេញ​ទឹកភ្នែក​ផងដែរ​។​

៤. ឈឺសន្លាក់​
 
​ឆ្អឹងខ្ចី និង​ឆ្អឹងខ្នង​បាន​បង្កើតឡើង​ពី​ជាតិ​ទឹក​ប្រមាណ ៨០ ភាគរយ​។ ទឹក គឺ​ចាំបាច់​ណាស់​ក្នុងការ​រក្សា​ឆ្អឹង​ពី​ការ​សង្កៀត​គ្នា​នៅពេល​យើង​ធ្វើ​ចលនា​។ ដូច្នេះ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ទេនោះ អ្នកនឹង​ជួបប្រទះ​បញ្ហា​ឈឺសន្លាក់​ជាក់​ជាមិនខាន​ក្រោយពេល​ចលនា​ភ្លាមៗ​ដូចជា រត់ ឬ​លោត​។​
 
៥. បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​
 
​ទឹក​ជួយ​សម្រួល​ដល់​ដំណើរការ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នោះ​បរិមាណ​នៃ​ជាតិ​រំអិល​ក្នុង​ក្រពះ​ត្រូវ​កាត់បន្ថយ​ដែល​បណ្ដាលឱ្យ​អាស៊ីត​ក្រពះ​អាច​បង្ក​ប៉ះពាល់​ខ្លាំង​ដល់​ផ្នែក​ខាងក្នុង​នៃ​រាងកាយ​ដូចជា ក្រហាយ​ទ្រូង និង​ពិបាក​រំលាយ​អាហារ​។​
 
៦. អស់កម្លាំង​
 
​នៅពេល​រាងកាយ​ជួបប្រទះ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​នោះ​វា​នឹង​ខ្ចី​ជាតិ​ទឹក​ពី​ឈាម ហើយ​កង្វះ​ជាតិ​ទឹក​ក្នុង​​ឈាម​នាំឱ្យ​ខ្វះ​អុកស៊ីសែន​ដែល​ត្រូវបាន​នាំយកទៅ​ក្នុង​រាងកាយ​។ កង្វះ​នៃ​អុកស៊ីសែន​ក្នុង​រាងកាយ​នឹង​បណ្ដាលឱ្យ​ងងុយគេង ហើយ​អស់កម្លាំង​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ងងុយគេង និង​អស់កម្លាំង ចូរ​ទទួលទាន​ទឹក​មួយ​កែវ​ភ្លាម​។​

៧. ឈឺ​រមួល​សាច់ដុំ​
 
​សាច់ដុំ​ត្រូវការ​ជាតិ​ទឹក​ដើម្បី​ដំណើរការ​មុខងារ​បាន​ប្រសើរ និង​ត្រឹមត្រូវ​។ ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​ច្រើនជាង ១ កែវ​ក្នុង​មួយថ្ងៃ នោះ​អ្នក​កំពុង​ធ្វើ​ឲ្យ​សាច់ដុំ​បាត់បង់​នូវ​អ្វីដែល​វា​ត្រូវការ​ហើយ​។ ជា​លទ្ធផល អ្នកនឹង​ជួបប្រទះ​ការឈឺចាប់​រមួល​សាច់ដុំ និង​ខ្សោយ​សាច់ដុំ​ផងដែរ​។​
 
៨. ទល់លាមក​
 
​ផលប៉ះពាល់​ទូទៅ​បំផុត​នៃ​ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នោះ គឺ​ទល់លាមក​។ ជាពិសេស ប្រសិនបើ​របប​អាហារ​របស់​អ្នក​គ្មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ហើយ​អ្នក​ចំណាយពេល​អង្គុយ​យូរៗ​ថែមទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com