កីឡាអន្តរជាតិ
អន្តរជាតិ
Higuain បញ្ចប់​ការផ្ទេរ​ពី Juventus ទៅ Chelsea តាម​បំណង​
24, Jan 2019 , 11:15 am        
រូបភាព
រូបភាពពីគេហទំព័រផ្លូវការរបស់ក្លិប Chelsea
រូបភាពពីគេហទំព័រផ្លូវការរបស់ក្លិប Chelsea
Chelsea បាន​ចុះហត្ថលេខា​ខ្ចី​ជើង​ខ្សែប្រយុទ្ធ Gonzalo Higuain ពី Juventus សម្រាប់​រដូវ​កាលដែល​នៅ​សេសសល់​ជាមួយនឹង​លក្ខខណ្ឌ​ក្នុងការ​ទិញយក​ផ្តាច់​ក្នុងតម្លៃ ៣១,៣ លាន​ផោន (៤១​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​ផ្លូវការ​របស់​ក្លិប Chelsea ​។​


 
​ក្រៅពី​លក្ខខណ្ឌ​ទិញ​ផ្តាច់ ក្លិប​រហស្សនាម​តោ​ខៀវ​ក៏មាន​ជម្រើស​ក្នុង​ការបន្ត​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣១​ឆ្នាំ​រូបនេះ​រហូតដល់​ឆ្នាំ​២០២០ ដោយ​ត្រូវ​ចំណាយ​ប្រាក់ ២០​លាន​ដុល្លារ​ទៅ​ក្លិប​យក្ស​របស់​អ៊ីតាលី​។​
 
Higuain បាន​ចំណាយពេល​ពាក់កណ្តាលរ​ដូ​វ​កាល ២០១៨-២០១៩​នេះ ជាមួយ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Juventus បន្ទាប់ពី​វត្តមាន​របស់ Cristiano Ronaldo​។ 
 
«​នៅពេល​ឱកាស​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ Chelsea មកដល់ ខ្ញុំ​ក៏​ចាប់យក​ឱកាស​នោះ​តែម្តង​។ នេះ​ជា​ក្រុម​មួយ​ដែល​ខ្ញុំ​ពេញចិត្ត និង​ជា​ក្រុម​មាន​ប្រវត្តិ​ល្បីល្បាញ​ហើយ​ស្ថិតក្នុង​ក្របខណ្ឌ Premier League ជាលី​គ​ដែល​ខ្ញុំ​តែងតែ​ចង់​លេង​»​។ Higuain និយាយ​ដូច្នេះ​។​
 
​ការចូលរួម​របស់​អតីត​សមាជិក Real Madrid នៅ​ទឹកដី​អង់គ្លេស​នេះ មានន័យថា Higuain នឹងត្រូវ​ធ្វើការ​ជាមួយ​អ្នកចាត់ការ​លោក Maurizio Sarri ជាថ្មី​ម្តងទៀត ដ្បិត​អ្នក​ទាំងពីរ​ធ្លាប់ជា​គ្រូ​និង​សិស្ស​កាល​នៅ Napoli ក្នុង​រដូវ​កាល ២០១៥-២០១៦​។​
 
​ខណៈ​កិច្ចព្រមព្រៀង​នេះ​មិនទាន់​បញ្ចប់​មុន​ថ្ងៃទី​២៣ ខែមករា​នេះ​ដូច្នេះ Higuain មិនអាច​លេង​ឲ្យ Chelsea នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន Carabao Cup ទល់នឹង​ក្រុម Tottenham នៅ​យប់​ថ្ងៃ​២៤ ខែមករា ឆ្នាំ​២០១៩ នេះ​បានទេ​៕
 
 

Tag:
 បាល់ទាត់​
  Gonzalo Higuain
© រក្សាសិទ្ធិដោយ thmeythmey.com