កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Cardiff ចូល​ហ្វឹកហាត់​ទាំង​ក្រៀមក្រំ ខណៈ​ឱកាស​រស់​របស់ Sala លែងមាន​
24, Jan 2019 , 11:49 am        
រូបភាព
​គ្មាន​ឱកាស​ទៀត​ទេ​ក្នុងការ​ស្វែងរក​កីឡាករ Emiliano Sala ដែល​ស្ថិតនៅលើ​យន្តហោះ​ធុន​ស្រាល​មួយគ្រឿង​ដែល​គេ​ជឿជាក់ថា បាន​ធ្លាក់ចូល​សមុទ្រ​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ក្បែរ​កោះ Channel Islands​។ យន្តហោះ​ធុន​ស្រាល​មួយគ្រឿង​នោះ បាន​បាត់​ការទាក់ទង​តាំងពី​យប់​ថ្ងៃទី​២២ ខែមករា​មក​។ នេះ​បើតាម​សម្តី​របស់​ប៉ូលិស​ក្នុង​តំបន់ Guernsey ដែល​ស្ថិត​លើ​កោះ​នោះ​។​


 
​លោក Neil Warnock អ្នកចាត់ការ​ទូទៅ​ក្រុម Cardiff City រួមទាំង​កីឡាករ​របស់លោក​ទាំង​អស់​បាន​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ​ជាមួយ​អារម្មណ៍​ក្រៀមក្រំ​ក្រោយពេល​ក្រុម​អ្នក​ជួយសង្គ្រោះ​របស់​អង់គ្លេស​នៅ​តំបន់​ដៃសមុទ្រ​សារភាពថា​គ្មាន​ឱកាស​រក Sala ឃើញ​ឡើយ​។​


 
Sala ត្រូវបាន Cardiff City ទិញ​ពី​ក្រុម Nantes ក្នុងតម្លៃ​ឯតទគ្គ​កម្ម​ក្លិប ១៥​លាន​ផោន (១៩​លាន​ដុល្លារ​អាមេរិក​)​។ រូបគេ​បានធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​ក្រុង Cardiff ប្រទេស​វែ​លិ៍ ប៉ុន្តែ​ជា​អកុសល យន្តហោះ​ដែល​រូបគេ​ជិះ​បាន​បាត់​ការទាក់ទង​រហូតមក​ទល់​ពេលនេះ​។​
 
​សមា​ជិ​ក្រុម​ទាំងមូល​បានបង្ហាញ​ការភ័យខ្លាច និង​ស្រងូតស្រងាត់​ក្រោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ផ្ញើ​សារ​សំឡេង​តាមរយៈ WhatsApp ទៅកាន់​មិត្ត​ភ័ក្ដិ អំឡុងពេល​រូបគេ​កំពុងមាន​ការភិតភ័យ​លើ​យន្តហោះ​ឯកជន​ម៉ាក Piper Malibu មុនពេល​បាត់​ការទាក់ទង​ជាមួយ​អ្នកបើកបរ​ម្នាក់ទៀត​។ យន្តហោះ​នោះ​ត្រូវបាន​គេ​ជឿជាក់ថា​បាន​ធ្លាក់ចូល​សមុទ្រ ចន្លោះ​ពី​ប្រទេស​បារាំង​ទៅ​ចក្រភព​អង់គ្លេស​។​


 
​បើតាម​ការអះអាង​រប​ស់លោក John Fitzgerald ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ Channel Island Air Search បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន AFP ថា​ទឹកសមុទ្រ​នៅ​ទីនោះ​ត្រជាក់​ខ្លាំង ហើយ​មាន​ខ្យល់​បក់​ខ្លាំង​ទៀតផង​។ លោក​បន្ថែមថា​ទោះបី​មនុស្ស​រឹងមាំ​ប៉ុណ្ណា​ក៏​មិនអាច​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង​បែបនេះ​បានដែរ​៕
 
 

Tag:
 Emiliano Sala
  Cardiff City
© រក្សាសិទ្ធិដោយ thmeythmey.com