អន្តរជាតិ
ផែនការ​ផលិតផល​ធ្វើ​នៅ​ប្រទេស​ចិន​ឆ្នាំ​២០២៥​ប្រឈម​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​
24, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
ការវិនិយោគ​របស់​ចិន​ក្នុង​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅពេលដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ខិតខំ​ដោះស្រាយ​បញ្ហា​ការ​រឹតត្បិត​បច្ចេកវិទ្យា​ពី​ប្រទេស​លោកខាងលិច​ហើយនឹង​គិត​ឡើងវិញ​ពី​ការ​ប្រឈម​នៃ​ផែនការ​ផលិតផល​ធ្វើ​នៅក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២៥ ឬ Made in China 2025​។​

 
​ទោះបី​គេ​មិនទាន់​ច្បាស់​នៅឡើយ​ថា តើ​សហរដ្ឋអាមេរិក​និង​ចិន នឹង​អាចធ្វើ​ទៅតាម​ការកំណត់​រយៈពេល​៩០​ថ្ងៃ​និង​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី​២ ខែ​មិនា ក៏ ដោយ ជម្លោះ​ពាណិជ្ជកម្ម​នោះ កំពុង​បន្ថែម​ភាពមិនប្រាកដប្រជា​អំពី​ជោគវាសនា​នាពេល​អនាគត​នៃ​ផែនការ​យុត្តិសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន​ដែលមាន​ឈ្មោះថា ធ្វើ​នៅក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២៥​ឬ Made in China 2025​។​
 
​ផែនការ​នេះ​ភាគច្រើន​ដូចគ្នា​ទៅនឹង​គោលដៅ​របស់​ប្រទេស​ផ្សេងៗ​ទៀត​ដើម្បី​លើក​ដំកើង​សង្វាក់​តម្លៃ​ឧស្សាហកម្ម​។​យោងតាម​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រាប់​ឲ្យ​ដឹងថា ចិន មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​ក្លាយជា​មេដឹកនាំ​ពិភពលោក​នៅក្នុង​ផ្នែក​សំខាន់ៗ​ចំនួន​១០​ដូចជា មនុស្ស​យន្ត បច្ចេកវិទ្យា​ព័ត៌មាន និង​ខួរក្បាល​សិប្ប​និមិត្ត​នៅ​កំណត់​ឆ្នាំ​២០២៥​។​
 
​ទោះជា​យ៉ាងណាក៏ដោយ អ្វីដែល​បាន​បង្កើន​ការ​ព្រួយ​កង្វល់​គឺថា​តើ​ចិន​នឹង​សម្រេច​គោលដៅ​នោះ​តាម​វិធី​ណា​។​
 
​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​បរទេស បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​អំពី​ផែនការ​និង​គោលនយោបាយ​ចិន​និង​ការអនុវត្ត​ដែល​បង្ខិតបង្ខំ​ក្រុមហ៊ុន​នានា​ឲ្យ​ប្រគល់​បច្ចេកវិទ្យា​នៅក្នុង​ការដោះដូរ​ទៅនឹង​ការចូល​ទីផ្សារ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ចិន​។​
 
​នៅពេល​ជាមួយគ្នា​នោះដែរ ពួក​អ្នកវិភាគ​ជឿថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ចិន​កុំ​ឲ្យ​លួច​បច្ចេកវិទ្យា​តាមរយៈ​ការរកស៊ី​នៅ​ឯនាយសមុទ្រ​របស់ខ្លួន​។​
 
​លោកស្រី Anna Holzman ជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Mercator នៃ​ការសិក្សា​អំពី​ចិន​ដែលមាន​ទីតាំង​ក្នុង​ទីក្រុង​ប៊ែ​ឡាំង​បាន​និយាយថា ការតបត​ពី​បរទេស​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​រួចទៅហើយ​ដល់​ការអនុវត្ត​ផែនការ​ផលិតផល​ធ្វើ​នៅក្នុង​ប្រទេស​ចិន​ឬ Made in China 2025​។​
 
​លោកស្រី​បាន​និយាយថា «​ជំហរ​ដ៏​ម៉ឺងម៉ាត់​ដែល​បាន​កើតមានឡើង​បន្ទាប់ពី​ការចាត់វិធានការ​ដោយ​សហរដ្ឋអាមេរិក​បាន​បង្កើន​ភាព​បន្ទាន់​ក្នុងចំណោម​ពួក​អ្នកតាក់តែង​គោលនយោបាយ​ចិន​ឲ្យ​បង្កើន​ការអភិវឌ្ឍ​សមត្ថភាព​នៅក្នុង​ស្រុក​»​។​ក្រៅពី​ឱនភាព​ពាណិជ្ជកម្ម ការផ្ទេរ​បច្ចេកវិទ្យា​ដោយ​ការបង្ខំ ជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​។​ការណ៍​នេះ​ក៏​ជា​សមាសភាព​ដ៏​សំខាន់​មួយ​នៃ​ការចរចា​កំពុង​ធ្វើឡើង​រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ដ៏​ធំ​បង្អស់​២​របស់​ពិភពលោក​។​
 
​ក្នុងអំឡុង​នៃ​ការចរចា​កាលពីពេល​ថ្មីៗ​នេះ ចិន​បាន​និយាយថា ភាគី​ទាំង​២​បានធ្វើ​ឲ្យ​មានការ​រីកចម្រើន​លើ​ការដោះស្រាយ​បញ្ហា​នៃ​ការផ្ទេរ​បច្ចេកវិទ្យា​និង​បញ្ហា​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​។​
 
​ក៏ប៉ុន្តែ ជម្លោះ​ពាណិជ្ជកម្ម ការកើនឡើង​នូវ​ការ​រឹតត្បិត​ការវិនិយោគទុន​លើ​ក្រុមហ៊ុន​របស់​ចិន​ក្នុងប្រទេស​លោកខាងលិច និង​ការធ្លាក់ចុះ​ក្នុង​សេដ្ឋកិច្ច​ឧស្សាហកម្ម​របស់ខ្លួន​ផ្ទាល់ នាំ​ឲ្យ​អ្នកខ្លះ​ជជែក​ដេញដោល​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​ត្រូវ​បង្ខំ​ធ្វើ​ឲ្យ​បន្ថយ​ឬ​ពន្យា​ផែនការ​។​
 
​កាលពី​បី​-​បួន​ខែ​កន្លងមកនេះ ពួក​មន្ត្រី​បាន​បញ្ឈប់​រំ​ឮ​ក​ផែនការ​នោះ​ឡើងវិញ​។​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចិន​កុំ​បង្ខំ​ក្រុមហ៊ុន​បរទេស​ដែលមាន​ទីតាំង​ក្នុងប្រទេស​ចិន​ប្រគល់​បច្ចេកវិទ្យា​របស់ខ្លួន​។​ហើយ ជា​លើកទីមួយ​ក្នុង​ប៉ុន្មាន​ឆ្នាំនេះ ផែនការ​ធ្វើ​ផលិតផល​នៅ​ប្រទេស​ចិន​ឆ្នាំ​២០២៥​ឬ Made in China 2025 មិនបាន​ស្ថិតនៅក្នុង​បញ្ជី​នៃ​អាទិភាព​នៃ​ការអភិវឌ្ឍ​ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល​កណ្តាល​សម្រាប់​ឆ្នាំ​២០១៩​។​
 
​លោក Scott Kennedy​នាយករង​នៃ​កម្មវិធី Freeman Chair សម្រាប់​ការសិក្សា​អំពី​ចិន​នៅឯ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុត្តិសាស្ត្រ​និង​អន្តរជាតិ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន តោន បាន​និយាយថា ចំណាត់ការ​ដោយ​ពួក​មន្ត្រី​ដើម្បី​និយាយ​សម្រួល​និង​ឈប់​និយាយ​ផែនការ​នោះ​និង​វិធានការ​ផ្សេងៗ​ទៀត​ឡើងវិញ​កាលពីពេល​ថ្មីៗ​នេះ​ដើម្បី​បើកចំហរ​សេដ្ឋកិច្ច​របស់​ចិន​នោះ ជា​សញ្ញា​វិជ្ជមាន​។​
 
​លោក និយាយទៀតថា​៖ «​ក៏ប៉ុន្តែ ពួក​មន្ត្រី​ចិន នឹង​ត្រូវការ​ការគាំទ្រ​ដ៏​ទូលំទូលាយ ច្បាស់លាស់ តម្លាភាព ការផ្លាស់ប្តូរ​ក្នុង​គោលនយោបាយ​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​ដើម្បី​ឲ្យ​គេ​អាច​មើលឃើញ ដែលមាន​ឥទ្ធិពល​លើ​ពួកគេ ប្រសិនបើ ពួកគេ ប្រាកដ​ចង់​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត​ឲ្យ​ឃើញថា ចិន​កំពុង​ធ្វើ​ឲ្យ​ជឿន លឿន​ក្នុងការ​បន្ធូ​បន្ថយ​សេដ្ឋកិច្ច​»​។​
 
​ក៏ប៉ុន្តែ ខណៈដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន រង់ចាំ​ចិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន ចិន សហរដ្ឋអាមេរិក​មិន​ទំនង​ធ្វើការ​ផ្លាស់ប្តូរ​ជំហរ​ដ៏​តឹងរ៉ឹង​របស់ខ្លួន​លើ​បច្ចេកវិទ្យា​ដែល​បាន​ប៉ះពាល់​រួចហើយ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំខាន់ៗ​របស់​ចិន​ដូចជា​ក្រុមហ៊ុន​Huawei​និង​ក្រុមហ៊ុន ZTE​។​ប្រទេស​កាន់តែ​ច្រើនឡើង កំពុង​ចាត់វិធានការ​ដើម្បី​ហាមឃាត់​ក្រុមហ៊ុន Huawei កុំ​ឲ្យ​ចូលរួម​នៅក្នុង​ការស្ថាបនា បណ្តាញទូរស័ព្ទ 5G​។​
 
​លោក Lourdes Casanova​នាយក​នៅឯ​វិទ្យាស្ថាន​ទីផ្សារ​ងើបឡើង​របស់​សាកល​វិទ្យា ល័យ​Cornell បាន​និយាយ​សំដៅ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​២​សំខាន់ៗ​របស់​ចិន​ថា​៖ «​បញ្ហា​បច្ចេកវិទ្យា នឹង​នៅតែមាន​ជា​បន្ត​។​ប្រធានាធិបតី​ត្រាំ មាន​គោលជំហរ​យ៉ាងខ្លាំង​ប្រឆាំងនឹង​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន ZTE​។​ដូច្នេះ ការណ៍​នេះ​នឹង​បន្ត​»​។​
 
​កាលពី​សប្តាហ៍​មុន ប្រទេស​ប៉ូឡូញ បាន​ចាប់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Huawei លើ​បទចោទប្រកាន់​ពី​ចារកម្ម​។​អាជ្ញាធរ​ប៉ូឡូញ​និយាយថា មិនមាន​ការទាក់ទិន​រវាង​ការចាប់ខ្លួន​ទៅនឹង​ក្រុមហ៊ុន​នោះទេ ក៏ប៉ុន្តែ នៅពេល​ជាមួយគ្នា​នោះដែរ ពួកគេ​បាន​ចាត់​វិធាន ការ​ដើម្បី​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​និង​អង្គការ​អូតង់​ហាមឃាត់​រួមគ្នា​ក្នុង​ការប្រើ​ផលិតផល​ក្រុមហ៊ុន Huawei ។​
 
​ការចាប់ខ្លួន​បុគ្គលិក​របស់​ក្រុមហ៊ុន Huawei នៅក្នុង​ប្រទេស​ប៉ូឡូញ កើតមានឡើង​បន្ទាប់ពី​ការ​ឃុំឃាំង​លោកស្រី Meng Wanzhou ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កាណាដា​។​
 
​ក្រុមហ៊ុន​ចិន ជារឿយៗ​បានដាក់​ប្រាក់​ចូលក្នុង​ការវិនិយោគទុន​នៅក្នុង​សហរដ្ឋ​អា​មេ រិ​ក​ដើម្បី​ទទួលបាន​បច្ចេកវិទ្យា​ថ្មី​ហើយនឹង​សិក្សា​ពី​វិធី​ថ្មីៗ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​។​ក៏ប៉ុន្តែ ឥឡូវនេះ ការបង្កើន​ការពិនិត្យ​ពិ​ច្ច័​យ​ការវិនិយោគទុន​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​កាន់តែ​យ៉ាប់យ៉ឺន​ឡើងៗ​រវាង​សហ រដ្ឋ​អាមេរិក​និង​ចិន បាន​នាំ​ឲ្យ​ការវិនិយោគទុន​ក្នុង​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​យ៉ាងខ្លាំង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com