កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង​ចាប់ផ្តើម​ស៊ើបអង្កេត ជុំវិញ​ការរំលោភបំពាន​ផ្លូវភេទ​ក្នុង​វិស័យ​កីឡា​
24, Jan 2019 , 7:39 pm        
រូបភាព
នាង Shim Suk-hee ម្ចាស់មេដាយមាសអូឡាំពិក២សម័យ
នាង Shim Suk-hee ម្ចាស់មេដាយមាសអូឡាំពិក២សម័យ
​កូរ៉េខាងត្បូង​នឹង​បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក​ជុំវិញ​ការរំលោភបំពាន​ផ្លូវភេទ​ក្នុង​វិស័យ​កីឡា​របស់ខ្លួន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កូរ៉េខាងត្បូង (NHRC) នៅ​ថ្ងៃទី ២២ ខែមករា ការចោទប្រកាន់​របស់​ម្ចាស់​មេដាយមាស​អូឡាំពិក កីឡា​ស្គី​ល្បឿន​លឿន (Speed Skating) ទៅលើ​អតីត​គ្រូ​របស់ខ្លួន​។

 
​លោកស្រី Choi Young-a ប្រធាន NHRC បាន​និយាយថា​ការស៊ើបអង្កេត​នេះ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​រំលោភបំពាន​ជា​ប្រព័ន្ធ​ក្នុង​កីឡា​ដែល​បានកើត​ឡើងជា​យូរ​មកហើយ ប៉ុន្តែ​អ្នកខ្លះ​មិន​ហ៊ាន​រាយ​កាណ៍​ដ្បិត​ខ្លាច​មានការ​បណ្តេញចេញ​ពី​ក្រុមកីឡា​របស់​ពួកគេ​។​
 
​លោកស្រី Choi បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា លោកស្រី​នឹង​ស៊ើបអង្កេត​រក​ការពិត​ជុំវិញ​ករណីនេះ​ដែលមាន​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​។​
 
​បើតាម​ការលើកឡើង​ពី​មន្ត្រី​គណៈកម្មាការ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ប្រមាណ ៣​ម៉ឺន​នាក់​ដែល​ក្នុងនោះ​មាន​ទាំង​អត្ត​ពលិកម​ក​ពី​គ្រប់​ប្រភេទ​កីឡា គ្រូបង្វឹក ក្រុមមន្ត្រី ទំនងជា​នឹង​ត្រូវគេ​ស៊ើបសួរ​ក្នុងអំឡុង​នៃ​ការស៊ើបអង្កេត​រយៈពេល​ពេញ​មួយឆ្នាំ​។​


រូបភាពពី AFP
 
​យុទ្ធនាការ #MeToo ទទួលបាន​លទ្ធផល​វិជ្ជមាន​យ៉ាង​ឆាប់រហ័ស​ក្នុងការ​បង្ក្រាប​បុរស​កូរ៉េខាងត្បូង​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ផ្លូវភេទ​ជា​យូរ​មកហើយ​។ ប៉ុន្តែ​បញ្ហា​នេះ​បាន​ផ្ទុះឡើង​នៅក្នុង​ពិភព​កីឡា​ទៅវិញ​បន្ទាប់ពី​កីឡាការិនី​ស្គី​ល្បឿន​លឿន​នាង Shim Suk-hee អាយុ ២១ ឆ្នាំ​បាន​ចោទប្រកាន់​អតីត​គ្រូបង្វឹក​របស់​នាង​គឺ​លោក Cho Jae-beom ពីបទ​រំលោភ​ផ្លូវភេទ​។
​លោក Jae-beom ដែលជា​អតីត​គ្រូបង្វឹក​កីឡា​ស្គី​ល្បឿន​លឿន​ជម្រើសជាតិ​កូរ៉េខាងត្បូង​ត្រូវបាន​គេ​កាត់ទោស​ឲ្យ​ជាប់គុក​១០​ខែ កាលពី​ខែកញ្ញា​ឆ្នាំមុន ពីបទ​រំលោភបំពាន​ទៅលើ​ម្ចាស់​ជើងឯក​អូឡាំពិក​ពីរដង​នាង Suk-hee ដោយ​ទាត់​និង​ដាល់​នាង​អំឡុងពេល​ហ្វឹកហាត់​។​


លោក Cho Jae-beom អតីតគ្រូកីឡាស្គី (Speed Skating)
 
​រហូតដល់​ខែធ្នូ​កន្លងទៅ​នាង Suk-hee បាន​បន្ត​ចោទប្រកាន់​អតីត​គ្រូ​របស់​នាង​ដដែល​នេះ​ពីបទ​រំលោភបំពាន​ផ្លូវភេទ​ម្តងទៀត​។ ប៉ុន្តែ​លោក Jae-beom បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​


 
​ចាប់តាំងពី​មានការ​ប្តឹងផ្តល់​គ្នា​ជុំវិញ​ករណីនេះ​មក មាន​អត្ត​ព​លិ​ក​ជាច្រើន​មកពី​កីឡា​ផ្សេងៗ រួមមាន​កីឡា​យូ​ដូ កីឡា​បាញ់​ព្រួញ​ជាដើម​ចាប់ផ្តើម​បង្ហាញ​ព័ត៌មាន​ពី​ការរំលោភ និង​ការបំពាន​ផ្លូវភេទ​ជា​ហូរហែ​៕
 

Tag:
 រំលោភបំពាន​ផ្លូវភេទ​
  កូរ៉េខាងត្បូង​
  #Metoo
© រក្សាសិទ្ធិដោយ thmeythmey.com