កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ រាត្រី​នេះ វៀតណាម​ជួប​ជប៉ុន មុន​ចិន​ប៉ះ​អ៊ីរ៉ង់​សម្រាប់​កៅអី​វគ្គ​១/២
24, Jan 2019 , 4:18 pm        
រូបភាព
​វៀតណាម​ជា​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ពី​តំបន់​អាស៊ាន​តែមួយគត់​ដែល​អាច​បន្ត​ដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩​នេះ ដោយ​ត្រូវ​តទល់​ជាមួយ​ក្រុម​ខ្លាំង​ជប៉ុន​នៅ​ថ្ងៃទី​២៤ ខែមករា វេលា​ម៉ោង ៨:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។​

 
​វៀតណាម​បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយ​ក្នុងនោះ​ពួកគេ​បាន​ដណ្តើមយក​ពាន​ប្រចាំ​តំបន់​អាស៊ាន Suzuki Cup ឆ្នាំ​២០១៨ មក​គ្រប់គ្រង​ជា​លើក​ទី​២​ទៀតផង​។ 
 
​នៅក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​លោក Park Hang-seo ក្រុម​រហស្សនាម​ផ្កាយ​មាស​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការ​ណ៍ប្រចាំ​ទ្វី​បអាស៊ី Asian Cup ជា​លើក​ទី​៤ ពោលគឺ​ក្នុង​ឆ្នាំ ១៩៥៦,១៩៦០ និង​ចុងក្រោយ​ឆ្នាំ​២០០៧​។​


លោក Park Hang-seo គ្រូជម្រើសជាតិវៀតណាម
 
​អ្វីដែល​ជាការ​កត់សម្គាល់​នោះ មិន​ត្រឹមតែ​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះទេ ប៉ុន្តែ​វៀតណាម​អាចធ្វើ​ព្យុះភ្លៀង​ដោយ​ទម្លាក់​ហ្សកដានី​ដែលជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី​ខាងលិចដើម្បី​ឈាន​មកដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ​។​
 
​បន្ត​មកដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នេះ វៀតណាម​ត្រូវធ្វើ​ការងារ​ធ្ងន់​ទៀតហើយ​ដោយ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​គីឡូ World Cup ជប៉ុន ដែល​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ចាត់ទុកថា​ជា​ក្រុម​មាន​កម្រិត​ខ្ពស់​ជាងគេ​លំដាប់​ទី​៣​បន្ទាប់ពី​អូស្ត្រាលី និង​អ៊ីរ៉ង់​។​
 
​យ៉ាងណាក៏ដោយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ វៀតណាម​ក៏បាន​សាង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ពួកគេ​ផងដែរ​ដោយបាន​យកឈ្នះ​ជប៉ុន​នៅក្នុង​ការប្រកួត Asian Games ឆ្នាំ​២០១៨ លើ​វិញ្ញាសា​បាល់ទាត់​បុរស ដែល​ឥណ្ឌូណេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​ជម្រើសជាតិ​វៀតណាម​ក្រោម​អាយុ​២៣​ឆ្នាំ​ដែល​ដឹកនាំ​ដោយ​គ្រូ​សញ្ញា​តិ​កូរ៉េខាងត្បូង វ័យ​៦០​ឆ្នាំ​ដដែល​នេះ ទទួលបាន​ជ័យជម្នះ​លើ U-23 ជប៉ុន ដោយ​លទ្ធផល ១-០ នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល D ដែល​សម្រេច​ទី​បាន​ដោយ​កីឡាករ Nguyen Quang Hai​។​


កីឡាករ Nguyễn Quang Hải​ ឬ Messi វៀតណាម។ រូបភាពពីទំព័រហ្វេសប៊ុក Asian Cup
 
​តើ​ក្នុងជំនួប​នៅ​យប់​នេះ លោក Park Hang-seo អាច​បន្ត​ដឹកនាំ​ម្ចាស់​ជើងឯក Suzuki Cup 2018 យកឈ្នះ​ជប៉ុន​ម្តងទៀត​ដែរឬទេ ហើយ Nguyen Quang Hai វ័យ​២១​ឆ្នាំ ដែល​គេ​ឲ្យ​រហស្សនាម​ថា Messi វៀតណាម​នោះ អាច​សម្រេច​ទី​ក្រុម​សា​ម៉ូ​រ៉ៃ​ជប៉ុន​សម្រាប់​វៀតណាម​ជា​លើក​ទី​២ បានដែរ​ឬ​យ៉ាងណា​?
 
​ដោយឡែក​បន្ទាប់ពី​ជំនួប​វៀតណាម និង​ជប៉ុន ក៏មាន​ការប្រកួត​មួយគូ​ទៀតផង​ដែរ​រវៀង​ចិន និង​អ៊ីរ៉ង់​ក្នុង​វគ្គ​១/៤ ដូចគ្នានេះ ដែល​ធ្វើឡើង​នៅវេលា​ម៉ោង ១១:០០​នាទី​យប់​ថ្ងៃ​ដដែល​៕
 

Tag:
 បាល់ទាត់​
  Asian Cup
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com