ជាតិ
សង្គមជាតិ
ពលរដ្ឋ​៦​នាក់​នៅ​ព្រះសីហនុ ត្រូវ​ចាប់ខ្លួន ក្រោយ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ឧកញ៉ា​
24, Jan 2019 , 4:51 pm        
រូបភាព
ជម្លោះដីធ្លី
ជម្លោះដីធ្លី
​ប្រជាពលរដ្ឋ​៦​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ពួកគេ​បាននាំគ្នា​តវ៉ា​រឿង​ទំនាស់​ដីធ្លី នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នេះ​។ ការតវ៉ា​នេះ ក៏មាន​ការប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ផងដែរ​។


 
​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​តវ៉ា​ដោយ​ដុត​កង់ឡាន និង​បិតផ្លូវ ជំទាស់​នឹង​អាជ្ញាធរ ដែល​បម្រុង​នឹង​រុះរើ​ផ្ទះ​របស់​ពួកគេ ដើម្បី​យក​ដី​ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ តាម​សាលដីកា​តុលាការកំពូល។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី ជាប សុធា​រី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ ដោយ​អ្នកស្រី អះអាងថា កងកម្លាំង​សមត្ថកិច្ច​មាន​ប្រមាណ​២០០​នាក់ ប្រដាប់​ដោយ​កាំភ្លើង ខែល និង​គ្រឿងចក្រ​៤​គ្រឿង ឡានទឹក និង​សម្ភារ​ជាច្រើន​ទៀត​។  
 
​អ្នកស្រី ជាប សុធា​រី បានផ្តល់​បទ​សម្ភាស​ដ​ល់​សារព័ត៌​ថ្មីៗ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​មាន​ប្រមាណ​២០០​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​បាន​អះអាង​ប្រាប់​អ្នកស្រី​ថា ពួកគេ​បានមក​រស់នៅក្នុង​តំបន់​នោះ​យូរហើយ ហើយ​អ្នកខ្លះ​ទៀតថា​បាន​ទិញ​ដី​នៅ​កន្លែងកើតហេតុ​ខាងលើ​ក្នុងតម្លៃ​៤ ទៅ ៥ ពាន់​ដុល្លារ នៅ​ចន្លោះ​ឆ្នាំ​២០១០ ឬ ២០១២ និង​មក​រស់នៅ​ទីនោះ​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែរ​។ 
 
​អ្នកស្រី​និយាយថា​៖« ចំពោះ​រឿង​ហ្នឹង ខ្ញុំ​ក៏​មិនដែល​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ពីមុនមក​ដែរ ខ្ញុំ​ទើបតែ​ទទួលដំណឹង​ពី​ម្សិលមិញ​ទេ ថា តុលាការ​នឹង​ចុះទៅ​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ឈូសឆាយដី​ឲ្យ​ភាគី​ឈ្នះក្តី គឺ​ជំទាវ​ឈ្មោះ ហុង សួន និង ឈ្មោះ ស៊ីវ គង់​ទ្រី​វ ដែលជា​ប្ដី​ប្រពន្ធ​»​។ 
 
​អ្នកស្រី បន្តថា  ក្រុម​អ្នកភូមិ​បាននាំគ្នា​ដុត​កង់ឡាន​បិទផ្លូវ មានការ​គប់​ដុំថ្ម និង​ដប​សាំង​។ អ្នកស្រី បន្ថែមថា ខាង​សម្ថ​កិច្ច ក៏បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ផងដែរ​។ ប៉ុន្តែ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ភាគី​ទាំងសងខាង​បាន​បំបែក​គ្នា​អស់ហើយ​។ 
 
​យ៉ាងណាក៏ដោយ លោក ជួន ណារិន ស្នងការ​ខេត្ត​ព្រះសីហនុ អះអាងថា មកដល់ពេលនេះ លោក ទទួលបាន​មនុស្ស​៤​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ចាប់ខ្លួន​និង​បញ្ជូនទៅ​ឲ្យ​លោក​នៅ​ស្នងការ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមត្ថកិច្ច គ្រាន់តែអនុវត្តតាមសាលដីកា​តុលាការ​កំពូល​ប៉ុណ្ណោះ៕ 

Tag:
 ​ទំនាស់​ដីធ្លី​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com