កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ VAR រួមចំណែកជួយ​ជប៉ុន​ឈ្នះ​វៀតណាម ខណៈ​អ៊ីរ៉ង់​ស៊ី​ចិន ៣-០ ឡើង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
25, Jan 2019 , 9:00 am        
រូបភាព
​ការផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​ទៅ​ឲ្យ​ជប៉ុន​ក្រោយ​អាជ្ញាកណ្តាល​ពិនិត្យមើល​វីដេអូ​ជំនួយការ (VAR) ជាការ​បញ្ចប់​ក្តី​ស្រមៃ​របស់​វៀតណាម​ដើម្បី​ឈានទៅ​ប្រជែង​ពាន AFC Asian Cup2019 នៅត្រឹម​វគ្គ​៨​ចុង​ក្រោយនេះ​តែម្តង​។ ចំណែក​អ៊ីរ៉ង់​បាន​ទម្លាក់​ចិន​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​៣​គ្រាប់ ដើម្បី​បន្ត​ជួប​ជប៉ុន​នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​។​


​ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Rashid Al-Maktoum Stadium ជប៉ុន​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ខ្លាំង​នៅ​តំបន់​អាស៊ី​បាន​បើក​ការ​វាយ​សម្រុក​ទៅលើ​វៀតណាម​ជាច្រើន​ដង​តែ​ធ្វើ​មិនបាន​សម្រេច​។ យ៉ាងណា​វៀតណាម​ក៏មាន​ឱកាសល្អ​ដើម្បី​ស៊ុត​ទី​គូប្រកួត​មួយ​ជើង​ដែរ​ទោះ​មិន​បំប៉ោង​សំណាញ់ បន្ទាប់ពី​អ្នកចាំទី​និង​ខ្សែការពារ​ជប៉ុន​លេងសើច​នៅមុខ​ទី ហើយ​ក្រុម​ទាំងពីរ​បញ្ចប់​វគ្គ​ទី​១​ដោយ​លទ្ធផល​សូន្យ​ស្មើ​។​
 
​ចូលដល់​វគ្គ​ទី​២​ម្ចាស់​ពាន Asian Cup ៤​សម័យ​នៅតែ​រក្សា​ការគ្រប់គ្រង​បាល់ និង​បង្កើត​ឱកាស​រហូត​ធ្វើបាន​សម្រេច​គ្រាប់​បាល់​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​។ អាជ្ញាកណ្តាល​កាត់សេចក្តី​ប្រកួត​នេះ​ដែល​តម្រូវ​ឲ្យ​ធ្វើការ​ជាមួយ​ប្រព័ន្ធ VAR បានសម្រេច​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ភាគី​ជប៉ុន​បន្ទាប់ពី​និត្យ​វីដេអូ​រួច​ឃើញថា​ខ្សែការពារ​វៀតណាម​ពិតជា​បាន​ឈូស​ជើង​ខ្សែប្រយុទ្ធ​ជប៉ុន​មែន​។​
 
​ដូច្នេះ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Ritsu Doan នៅ​នាទី​៥៧ ជា​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​រហស្សនាម​សា​ម៉ូ​រ៉ៃ និង​ជាការ​បញ្ចប់​ក្រុម​ផ្កាយ​មាស​ដើម្បី​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​បន្ត​ផងដែរ​។​
 
​ដោយឡែក​អ៊ីរ៉ង់​ដែលជា​ក្រុម​ខ្លាំងជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​បាន​ទម្លាក់​ចិន​ពី​ព្រឹត្តិការណ៍​នេះ​ជាមួយ​លទ្ធផល ៣-០ ហើយ​ត្រូវ​ឡើងទៅ​ប៉ះ​ជប៉ុន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕ 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com