កីឡាអន្តរជាតិ
អន្តរជាតិ
Monaco បណ្ដេញ Henry ហើយ​ដាក់​គ្រូ​ចាស់​វិញ​ដើម្បី​គេច​ពី​តំបន់​កាត់ចោល​
25, Jan 2019 , 11:37 am        
រូបភាព
លោក Thierry Henry (ឆ្វេង) និងលោក Leonardo Jardim
លោក Thierry Henry (ឆ្វេង) និងលោក Leonardo Jardim
​ក្លិប AS Manaco បានបញ្ចប់​តំណែង Thierry Henry ដែល​ទើប​ឡើង​ដឹកនាំ​ក្រុម​បាន ២០​ប្រកួត ហើយ​តែងតាំង​គ្រូ​ចាស់ Leonardo Jardim ជា​អ្នកចាត់ការ​ទូទៅ​វិញ​សម្រាប់​ការប្រកួត​ដែល​នៅ​សេសសល់​រដូវ​កាល​នេះ​។​


 
​លោក Henry អាយុ​៤១​ឆ្នាំ ដែល​បាន​ឡើងទៅ​ជំនួស​តំណែង​របស់លោក Jardim កាលពី​ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ មិនអាច​មានលទ្ធភាព​ជួយ​ស្រោចស្រង់​ក្រុម​រួច​ផុតពី​តំបន់​ត្រូវ​កាត់ចោល​ក្នុង​ក្របខណ្ឌ Ligue 1 បាន​នោះទេ​។ Monaco បាន​ធ្លាក់​ពី​ចំណាត់ថ្នាក់​ទី​១៨ ទៅ​១៩ អំឡុង​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង​នេះ ចំនួន ១២​ប្រកួត​ចុងក្រោយ​។​
 
​អតីត​ខ្សែប្រយុទ្ធ Arsenal, Barcelona និង Juventus រូបនេះ ត្រូវបាន Monaco ផ្តល់​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ឯណោះ​សម្រាប់​តំណែង​អ្នកចាត់ការ​ទូទៅ​នេះ បន្ទាប់ពី​លោក​ចាក​ចេញពី​តំណែង​ជំនួយការ​របស់លោក Roberto Martinez នៅ​ជម្រើសជាតិ​បែលហ្ស៊ិក​។​
 
​ប៉ុន្តែ​ដោយសារ​មើលឃើញ​ពី​ទម្រង់​លេង​ធ្លាក់ចុះ​របស់​ក្រុម​ខ្លាំងពេក​ដូច្នេះ Manaco បានសម្រេច​ដក Henry ហើយ​យក​អ្នកចាត់ការ​ចាស់ Jardim សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៤៤​ឆ្នាំ ដែល​បាន​ធ្លាប់​ដឹកនាំ​ក្រុម​រយៈពេល​៤​ឆ្នាំ ឈ្នះ​ពាន Ligue 1 មួយ​លើក និង​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ទៀតផង​នោះមក​ស្តារ​ក្រុម​វិញ​។​
 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​បារាំង​ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៩ ដែលជា​តំបន់​ត្រូវ​កាត់ចោល ដោយ​រក​បានតែ​១៥​ពិន្ទុ​ប៉ុណ្ណោះ តាម​ពីក្រោយ​ក្រុម​លេខ​១៧​ចំនួន​៣​ពិន្ទុ ក្នុងចំណោម​ការប្រកួត​២១​លើកចុងក្រោយ​។​
 
​ដូច្នេះ​ការប្រកួត​ដែល​នៅ​សេសសល់​១៧​ប្រកួត​ទៀត នឹងត្រូវ​សម្រេច​លើ​លោក Jardim ដើម្បី​ជួយ​ស្រោចស្រង់ Monaco ឲ្យ​បន្ត​លេង​ក្នុង​ក្របខណ្ឌ Ligue ១ នេះ​ទៀត​៕
 
 

Tag:
 បាល់ទាត់​
  Thierry Henry
  Monaco
  Leonardo Jardim
© រក្សាសិទ្ធិដោយ thmeythmey.com