ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! មិន​ចង់ឱ្យ​ស្បែក​ជួប​បញ្ហា​ច្រើន កុំ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​ទាំងនេះ​
26, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​ខ្លះ​ដែល​យើង​ចូលចិត្ត​ទទួលទាន​អាច​ផ្ដល់​ផលប៉ះពាល់ ឬ​ជាតិពុល​គួរអោយ​ព្រួយបារម្ភ​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ ក៏ដូចជា​ស្បែក​។ ហើយ​បញ្ហា​ស្បែក​ជា​ញឹកញយ​តែង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​មិន​ស្រួល និង​ថែមទាំង​បាត់បង់​នូវ​រូប​សម្រស់​ទៀតផង​។


 
​ដូច្នេះ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​អោយដឹងពី​អាហារ និង​ភេសជ្ជៈ​មួយចំនួន​ដែល​អ្នក​គួរ​ឈប់​ទទួលទាន ដើម្បី​អាច​ជៀស​ផុតពី​បញ្ហា​ស្បែក ៖
 
១. ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​
 
​អ្នកជំនាញ​ផ្នែក​ថែរក្សា​ស្បែក​បានអោយដឹងថា ការទទួល​ទាន​ជាតិ​អាល់កុល គឺជា​រឿង​ដ៏​អាក្រក់​បំផុត​មួយ​ចំពោះ​សុខភាព​ស្បែក​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ​ផ្ដល់​ប៉ះពាល់​ជាច្រើន ហើយ​ទីមួយ​នោះ គឺ​ជាតិ​អាល់កុល​បង្ក​ការរំខាន​ដល់​អ័រម៉ូន​ដែល​នឹង​នាំអោយ​កើតមុន​។ ទី​ពីរ​នោះ គឺ​វា​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ត្រូវ​ចុះខ្សោយ​ដោយ​ការជំនួស​បាក់តេរី​សំខាន់ៗ​នៅក្នុង​ពោះវៀន​។ ទី​បី​នោះ គឺ​ជាតិ​អាល់កុល​ធ្វើអោយ​ស្បែក​ប្រែជា​ស្ងួត​, បាត់បង់​សំណើម ហើយ​ថែមទាំង​ធ្វើអោយ​អ្នក​មើលទៅ និង​មាន​អារម្មណ៍​ថា​ហើម​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​គ្រឿង​ស្រវឹង ឬក៏​ទទួលទាន​ត្រឹម​កម្រិត​តិចតួច​។​
 
២. ស៊ូ​ស៊ី (Sushi)
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​អាហារ​ឆ្ងាញ់​នេះ​អាច​នាំឱ្យ​ស្បែក​ចាស់​មុន​អាយុ និង​កើតមុន​? នោះ​ក៏​ព្រោះតែ​អាហារ​នេះ​មាន​ផ្ទុក​បរិមាណ​អំបិល​ច្រើន​ដែលជា​សត្រូវ​ដ៏​អាក្រក់​បំផុត​ចំពោះ​សុខភាព និង​ថែមទាំង​បណ្ដាលឱ្យ​ស្បែក​បាត់បង់​សំណើម ហើយ​ប្រែជា​ស្រអាប់​។ លើសពីនេះទៅទៀត អាហារ​ប្រៃ​ធ្វើឱ្យ​កោសិកា​រក្សា​សារធាតុ​រាវ​បង្ក​ជា​បញ្ហា​ហើម​មុខ​។ ស៊ូ​ស៊ី​ក៏មាន​ផ្ទុក​ស​ន្ទ​ស្សន៍ glycemic ខ្ពស់​ដែល​អាច​បណ្ដាលឱ្យ​ស្បែក​ស្ងួត និង​ចាស់​មុន​វ័យ​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នកទទួល​ទាន​ស៊ូ​ស៊ី ចូរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​, ធ្វើ​លំ​ហាត់ប្រាណ​ផ្ទៃមុខ និង​គេង​បន្ទន់ខ្លួន ដូច្នេះ​ទើប​សារធាតុ​រាវ​មិន​ប្រមូលផ្ដុំ​ក្នុង​មុខ ហើយក៏​កុំ​ភ្លេច​ស្អំ​ត្រជាក់ និង​ជៀសវាង​ការទទួល​ទាន​គ្រឿង​ស្រវឹង​ដើម្បី​ទប់ស្កាត់​ការ​ហើម​។​

៣. អាហារ​ធ្វើឡើង​ពី​ទឹកដោះគោ​
 
​ទឹកដោះគោ​ស្រស់​មាន​ផ្ទុក​អ័រម៉ូន​លូតលាស់​ដែល​ធ្វើឱ្យ​ក្រពេញ​ខ្លាញ់​កាន់តែ​សកម្ម ជា​លទ្ធផល​ស្បែក​របស់​អ្នកនឹង​ឡើង​ខ្លាញ់​ច្រើន​ដែល​ងាយ​កើតមុន​។ លើសពីនេះទៅទៀត ទឹកដោះគោ​គុណភាព​ទាប​ដែលមាន​ប្រភពពី​គោ​ដែល​ត្រូវបាន​ចិញ្ចឹម​ឱ្យ​ស៊ី​ពោត និង​សណ្ដែកសៀង មិនមែន​ស្មៅ​ឡើយ គឺ​សម្បូរ​ណាស់ ហើយ​ប្រសិនបើ​អ្នកទទួល​ទាន​ចំ​ទឹកដោះគោ​គ្មាន​គុណភាព​ច្រើន​អ្នក​ប្រាកដជា​ងាយ​នឹង​ជួបប្រទះ​បញ្ហា​នៃ​រោគ​មុន​។ ហើយ​ចំពោះ​អ្នកចាញ់​ឡាក់​តូ​ស​វិញ ប្រសិនបើ​ទទួលទាន​ទឹកដោះគោ​ក៏​អាច​នឹង​ជួបប្រទះ​បញ្ហា​ស្បែក​ជាច្រើន​ដូចជា រោគ​មុន និង​ជំងឺ​សើ​ស្បែក​ត្រអក​។​
 
៤. សាច់​កែច្នៃ​
 
​សាច់​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាចធ្វើឱ្យ​អ្នកមាន​អាកា​រៈ​ហើម​។ សាច់​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន និង​ភាពបត់បែន​ក្នុង​ស្បែក​ផងដែរ​។ ការទទួល​ទាន​សាច់​កែច្នៃ​ក៏​អាចធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផងដែរ ដោយ​វា​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដើម្បី​ទ្រទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​គ្រោះថ្នាក់ កុំ​ទទួលទាន​សាច់​កែច្នៃ​ច្រើនពេក និង​មិនត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ​។​
 
៥. ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​
 
​ទឹក​ផ្លែឈើ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​មិន​ចាញ់​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​ឡើយ​! ជាតិ​ស្ករ​នៅក្នុង​ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​ផ្ដល់​ផល​អាក្រក់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ស្បែក ដោយ​វា​បំបែក​កូ​ឡា​ជែ​ន​ដ៏​សំខាន់​ក្នុង​ស្បែក​។ លើសពីនេះទៅទៀត ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​គ្មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​ស្បែក​ត្រូវការ​ចាំបាច់​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចំពោះ​សុខភាព​ស្បែក​ជៀស​ផុតពី​ជាតិពុល ក៏ដូចជា​បញ្ហា​នានា ហើយ​ទទួលបាន​នូវ​វីតាមីន និង​ជាតិ​រ៉ែ​ល្អៗ អ្នក​អាច​កិន​ផ្លែឈើ​ស្រស់ ឬ​បន្លែ​ជា​ភេសជ្ជៈ​យកមក​ទទួលទាន​ដោយ​ខ្លួនឯង ជំនួស​ការទិញ​ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​មក​ទទួលទាន​។​អ្នក​ក៏​អាច​ទទួលទាន​ផ្លែឈើ​ស្រស់ៗ​តែម្ដង ដើម្បី​ទទួលបាន​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ពេញលេញ​ដែលមាន​ផ្ទុក​ក្នុង​ផ្លែឈើ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com