កីឡាជាតិ
ជាតិ
កីឡាការិនី កែ ឡេង មិនបានសំឡេងគាំទ្រគ្រប់គ្រាន់សម្រាប់ពានអត្តពលិកឆ្នើមពិភពលោកឡើយ
× លទ្ធផលនៃការបោះឆ្នោតអនឡាញដែលរៀបចំដោយសមាគមកីឡាអន្តរជាតិ International World Games Association បានបង្ហាញថា កីឡាការិនីប៉េតង់ កែ ឡេង មិនមានឱកាសឈានបន្តសម្រាប់ពានរង្វាន់អត្តពលិកឆ្នើមពិភពលោក (THE WORLD GAMES ATHLETE OF THE YEAR) ប្រចាំឆ្នាំ២០១៨ឡើយ ដោយម្ចាស់ជើងឯកពិភពលោក៣សម័យកាលរូបនេះ ទទួលបានសំឡេងតែ៣៩០៤ប៉ុណ្ណោះ ពីអ្នកគាំទ្រ ជាពិសេសជនរួមជាតិរបស់ខ្លួន។
សមាគមកីឡាអន្តរជាតិ International World Games Association ដែលមានទីស្នាក់ការនៅក្រុង Lausanne ប្រទេសស្វីស បានរៀបចំការបោះឆ្នោតតាមអនឡាញនៅគេហទំព័រផ្លូវការរបស់ខ្លួន (
https://www.theworldgames.org/awards/Athlete-of-the-Year-2018-58) សម្រាប់ពានរង្វាន់អត្តពលោកឆ្នើមប្រចាំឆ្នាំ២០១៨ ដោយមានបេក្ខភាពចំនួន២៥នាក់/ក្រុម ទូទាំងពិភពលោក។
ការបោះឆ្នោតដំណាក់កាលដំបូង ត្រូវបានបញ្ចប់កាលពីថ្ងៃទី១៥ ខែមករា ដែលក្នុងនោះបេក្ខជន១០នាក់/ក្រុមដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ ត្រូវបន្តប្រជែងយកពាន THE WORLD GAMES ATHLETE OF THE YEAR ខណៈការបោះឆ្នោតចុងក្រោយនឹងបញ្ចប់នៅថ្ងៃទី១ ខែកុម្ភៈ។
លទ្ធផលបោះឆ្នោតជុំទីមួយបង្ហាញថា វីរកីឡាការិនីកម្ពុជា កែ ឡេង ស្ថិតនៅលំដាប់ទី១៤ ជាមួយនឹងការគាំទ្រ៣៩០៤សំឡេង។ ក្រុម Top 10 ដែលកំពុងបោះជំហានទៅមុខមាន ក្រុមកីឡាការិនី Handball ជម្រើសជាតិក្រិក, កីឡាករ Dmitry Zharkov និងកីឡាការិនី Kulikova នៃក្រុមកីឡារាំរុស្ស៊ី, កីឡាករ Fistball អាល្លឺម៉ង់ Patrick Thomas, កីឡាការិនី Flying Disc អាមេរិក Dominique Fontenette, កីឡាករ-ការិនីកាយសម្ព័ន្ធរុស្ស៊ី Marina Chernova និង Georgil Pataraia, កីឡាការិនីការ៉ាតេអេស្ប៉ាញ Sandra Sanchez, កីឡាករប្រដាល់អ៊ុយក្រែន Orfan Sananzade, កីឡាការិនីមួយថៃរុស្ស៊ី Svetlana Vininkova, កីឡាការិនី Powerlifting អាមេរិក Jennifer Thompson និង កីឡាការិនី Sport Climbing ស្លូវេនី Janja Garnbret។ បេក្ខភាពទាំងនេះ ទទួលបានសំឡេងគាំទ្រពីជាង១ម៉ឺនទៅជាង១០ម៉ឺនសំឡេងឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com