អន្តរជាតិ
៤០​ឆ្នាំ​បន្ទាប់ពី​មាន​ប្រក្រតីភាព​ឡើងវិញ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ចិន នៅ​មានការ​វិវឌ្ឍន៍​នៅឡើយ​
25, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​កាលពី​៤០​ឆ្នាំមុន ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Jimmy Carter បាន​ចរចា​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រទេស​ចិន ដែល​បានធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ខាង​ការទូត​ជា​ប្រក្រតីភាព​ឡើងវិញ​រវាង​ប្រទេស​ទាំង​២​។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ ការរីកលូតលាស់​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​របស់​ចិន​ហើយនឹង​ការដាក់ទណ្ឌកម្ម​ខាង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​កាលពី​ឆ្នាំទៅ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានធ្វើ​ឲ្យ​ប្រទេស​ទាំង​២​ប្រុងប្រយ័ត្ន​ទៅវិញទៅមក​។​

 
៤​ទសវត្សរ៍​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដាក់​ចំណងទាក់ទង​ជា​ប្រក្រតី​នោះ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Jimmy Carter បានផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​លោកស្រី Greta Van Susteren នៃ VOA​។ លោក Carter និយាយ​យោង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៧៩​ថា​ជាការ​ជោគជ័យ​ដ៏​យូរអង្វែង​មួយ​។​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter បាន​ថ្លែងថា​៖ «​អ្វីដែល​លោក តេង សៀ​ភីង ជា​មេដឹកនាំ​ចិន​កាលពីពេល​នោះបាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ចិន និង​ពិភពលោក​និង​សហរដ្ឋអាមេរិក​ហើយនឹង​ខ្ញុំ​ផ្ទាល់​គឺ ការបើកចំហរ​និង​ការធ្វើកំណែទម្រង់​។ ហើយ​ពួកគេ​មានការ​កែទម្រង់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ចិន​។ មិនមាន​សហគ្រាស​ឯក​ជន​ក្នុងប្រទេស​ចិន​កាលពី​ពេលមុន​នោះទេ​។ ហើយ​បន្ទាប់មក ចិន​បាន​ក្លាយជា​ប្រទេស​ដ៏​ខ្លាំង​និង​សង្គម​បើកចំហរ​មួយ ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ជំនួញ​»​។​
 
​លោក​មិន​យល់ស្រប​ជាមួយ​ការដាក់ទណ្ឌកម្ម​របស់​រដ្ឋបាល​ត្រាំ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ​ហើយ​បានចង្អុលបង្ហាញ​ដល់​ការធ្វើសម្បទាន​របស់​ចិន​ដល់​សហរដ្ឋអាមេរិក​ចាប់តាំងពី​សន្និសីទ​កំពូល G-20 កាលពី​ឆ្នាំទៅ​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​មក​។​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Jimmy Carter បាន​ថ្លែង​បន្តទៀតថា​៖ «​ចិន​បាន​យល់ព្រម​ធ្វើ​២​ឬ​៣​ចំណុច​។ ទីមួយ​គឺ​ព្រម​ទិញ​សណ្តែកសៀង​កាន់តែ​ច្រើនឡើង​។​ចិន​បាន​ទិញ​សណ្តែកសៀង​អាមេរិកាំង​២​ដង​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​។ ចិន​ក៏បាន​សន្យា​បើក​ចំ​កាស​ឱកាស​ខាង​វិនិយោគទុន​សម្រាប់​ក្រុមហ៊ុន​អាមេរិកាំង​ក្នុងប្រទេស​ចិន​ដែរ​។ នៅពេលដែល​យើង​មិន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ចិន ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យើង​ទាំង​២ មិនមែន​ត្រឹមតែ​យើង​និង​ប្រទេស​ចិន​ទេ ក៏ប៉ុន្តែ វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ដែរ​»​។​
 
​ក៏ប៉ុន្តែ លោក Christopher Johnson អ្នកជំនាញ​ខាង​ប្រទេស​ចិន គិតថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានធ្វើ​កំហុស​ដោយ​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឬ TPP ។ លោក Christopher Johnson នៃ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុត្តិសាស្ត្រ​និង​អន្តរជាតិ​និយាយថា​៖ «​ជាគោលការណ៍ បញ្ហា​ប្រឈម​ភាគច្រើន​ដែល​យើង​កំពុង​ប្រឈម​នៅក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន​នៅពេល​ឥឡូវនេះ​ត្រូវបាន​ដោះស្រាយ​ក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឬ TPP​។ ជាពិសេស បញ្ហាសំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការឧបត្ថម្ភ​ប្រាក់​ដល់​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បញ្ហា​នានា​ដូចជា​ការបង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា បញ្ហា​ពាក់ព័ន្ធ​នឹង​ការការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឬ TPP បាន​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រទេស​ជាច្រើន​ដែរ​ហើយ​ថា ជានិច្ចកាល​មាន​ទំនោ​ធ្វើ​ការល្អ​ជាមួយ​ចិន​នៅពេលដែល​ក្រុម​ប្រទេស​ទាំងនេះ មាន​បញ្ហា​ដោះស្រាយ​ជាមួយ​ចិន​»​។​
 
​តើ​ទំនាក់ទំនង​នៅពេល​អនាគត​ឆាប់ៗ​រវាង​អាមេរិក​និង​ចិន​យ៉ាងដូចម្តេច​ដែរ​? ។​លោក Christopher Johnson បាន​និយាយទៀតថា​៖ «​ក្នុង​រយៈពេល​ខ្លី ខ្ញុំ​មានការ​ព្រួយ​កង្វល់​។​យើង​កំពុង​ឃើញ​ភាព​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​នៅក្នុង​ទំនាក់ទំនង​យុទ្ធ សាស្ត្រ​ទាំងមូល ជា​ទំនាក់ទំនង​ដ៏​អាក្រក់​បំផុត​ដែល​យើង​បានឃើញ​ជា​យូរយា​ណាស់​មកហើយ​។ ការ​រង្កៀស​ចិត្ត​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម គ្រាន់តែ​ជា​រោគសញ្ញា​នៃ​ជំងឺ​កាន់តែខ្លាំង​ឡើង​ដែល​តម្រូវ​ឲ្យ​យើង​រក​វិធី​សម្រាប់ធ្វើ​ឲ្យ​មហាអំណាច​ធំ​២​នេះ​ត្រូវរ៉ូវ​គ្នា​វិញ​»​។​
 
​លោក Johnson និយាយ​បន្ថែមទៀតថា ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាការ​សំខាន់​ដល់​សហរដ្ឋអាមេរិក​ដើម្បី​ជំរុញ​ឲ្យ​កូរ៉េខាងជើង​លប់បំបាត់​អាវុធ​នុយ​ក្លែ​អ៊ែ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com