អន្តរជាតិ
ព្រឹទ្ធសភា​អាមេរិក​នៅ​បរាជ័យ​ក្នុងការ​អនុម័ត​វិធាន​ការបើក​រដ្ឋាភិបាល​សហព័ន្ធ​ទាំងស្រុង​ឡើងវិញ
25, Jan 2019 , 4:32 pm        
រូបភាព
មេដឹកនាំសមាជិកព្រឹទ្ធសភាភាគច្រើន Mitch McConnell ចាកចេញពីព្រឹទ្ធសភាក្រោយការបោះឆ្នោតបរាជ័យក្នុងការអនុម័តវិធានការបើករដ្ឋាភិបាលឡើងវិញថ្ងៃ ២៤ មករា (AFP)
មេដឹកនាំសមាជិកព្រឹទ្ធសភាភាគច្រើន Mitch McConnell ចាកចេញពីព្រឹទ្ធសភាក្រោយការបោះឆ្នោតបរាជ័យក្នុងការអនុម័តវិធានការបើករដ្ឋាភិបាលឡើងវិញថ្ងៃ ២៤ មករា (AFP)
​ចុងក្រោយ ព្រឹទ្ធសភា​អាមេរិក​នៅ​បរាជ័យ​ក្នុងការ​អនុម័ត​ចំណាត់ការ​សំដៅ​បើក​ដំណើរការ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​ទាំងស្រុង​ឡើងវិញ​ក្នុងការ​បោះឆ្នោត​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ មករា​។ ប៉ុន្តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហាក់​បង្ហាញ​ឆន្ទៈ​ថ្មី​ក្នុង​ការទទួលយក​សំណើរ​ថ្មី​ណាមួយ​ដែល​បក្ស​ទាំងពីរ​ឯកភាពគ្នា​និង​អាច​ធានា​សន្តិសុខ​ព្រំដែន​។ ប៉ុន្តែ​ជញ្ជាំង​ព្រំដែន​តម្លៃ ៥,៧ ពាន់​លាន​ដុល្លារ​នៅតែ​ជា​អ្វីដែល​លោក​ចង់បាន​។​


 
​ដូច​ការរំពឹងទុក​មែ​ន ចំណាត់ការ​ថ្មី​ចំនួន​ពីរ​ដែល​ត្រូវបាន​ដាក់​ស្នើ​ចូលក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​នោះ​មិន​ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​ទាំងពីរ​បក្ស​ទទួលយក​ឡើយ​ក្នុងការ​បោះឆ្នោត​សប្តាហ៍​នេះ​។ ដូច្នេះ ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​នឹងត្រូវ​បន្ត​ទៅមុខទៀត​ទោះ​វា​មាន​រយៈពេល​ជាង​មួយខែ​ក៏ដោយចុះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP វិធានការ​ទាំងពី​រដែ​ល​ត្រូវបាន​ស្នើឡើង​នោះ​មិន​ទទួលបាន​ការគាំទ្រ គ្រប់ ៦០​សំឡេង​ក្នុងចំណោម​សមាជិក​ទាំង ១០០​នៃ​ព្រឹទ្ធសភា​ឡើយ​។ ភ្លាមៗ​ក្រោយ​បរាជ័យ​ក្នុងការ​ប៉​ឆ្នោត​អនុម័ត​ចំណាត់ការ​នេះ ភាគី​ពាក់ព័ន្ធ​នៃ​សមាជិក​បក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ប្រញាប់ប្រញាល់​ស្វែងរក​ការចរចា​គ្នា​ផ្សេងទៀត​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ចំណាត់​ការរួម ដើម្បី​បញ្ចប់​ការអូសបន្លាយ​នៃ​ការបិទ​រដ្ឋាភិបាល​នេះ​ផង​។​
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា សំណើរ​ទីនោះ​គឺ​ចេញ​វិធាន​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​ស្ថាប័ន​និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ត្រូវបាន​បិទ​ទាំងអស់​រហូតដល់​ខែកញ្ញា និង​ផ្តល់​កញ្ចប់​លុយ ៥,៧​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​តាម​ការទាមទារ​របស់​លោក ដូ​ណា​ល់ ត្រាំ​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ផង​។​
 
​ចំពោះ​សំណើរ​ទី​ពីរ​គឺ ជា​គម្រោង​ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​បក្ស​ប្រធានាធិបតី ហើយ​វិធានការ​នេះ​មាន​គោលដៅ​ផ្តល់​ហិរញ្ញវត្ថុ​ដល់ទី​ភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​ត្រឹម​ថ្ងៃ ៨​ខែកុម្ភៈ​ប៉ុណ្ណោះ ហើយ​គ្មាន​កញ្ចប់​លុយ​សង់​ជញ្ជាំង​ទេ​។ ប៉ុន្តែ​បើកផ្លូវ​សម្រាប់​ការចរចា​លើ​បញ្ហា​សន្តិសុខ​ព្រំដែន​និង​អន្តោប្រវេសន៍​បន្ថែមទៀត​។ វិធានការ​នេះ​ក៏​អនុញ្ញាត​ឲ្យ​លោក ត្រាំ ចូល​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ក្នុង​សភា​មុន​ដាច់​ខែ​ដែរ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា មេដឹកនាំ​សភា​ទាំងពីរ​បក្ស​មាន​មេដឹកនាំ​ក្រុម​ភាគច្រើន​លោក Mitch McConnell និង​មេដឹកនាំ​ក្រុម​ភាគតិច​លោក  Chuck Schumer ជួបពិភាក្សា​គ្នា​ជា​លក្ខណៈ​ឯកជន ដោយ​ផ្តោតលើ​សំណើរ​ផ្តល់​ថវិកា​សម្រាប់​ដំណើរការ​ភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ត្រូវ​បិទ​រយៈពេល​បី​សប្តាហ៍ និង​មាន​ការជជែក​គ្នា​បន្ថែម​លើ​សន្តិសុខ​ព្រំដែន​។​
 
​ចំណែក​សមា​ជិ​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ដែល​ស្និទ្ធ​លោក ត្រាំ បាន​អះអាងថា លោក​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ពី​សំណើរ​ថ្មី​ដែលមាន​ការបើក​រដ្ឋាភិបាល​បី​សប្តាហ៍​ដើម្បី​ចរចា ហើយ​ក្នុង​រយៈពេល​នេះ​ភាគី​ពាក់ព័ន្ធ​នឹង​អាច​ចរចា​រក​វិធានការ​សមស្រប​លើ​សន្តិសុខ​ព្រំដែន​ដែល​លោក ត្រាំ អាច​នឹង​ចុះហត្ថលេខា​ផង​។ 
 
​ជុំវិញ​ការពិភាក្សា​លើ​សំណើរ​ថ្មី​ដែល​បើកផ្លូវ​ឲ្យ​មាន​ការចរចា​គ្នា​បន្ថែម​លើ​បញ្ហា​សន្តិសុខ​ព្រំដែន​នេះ លោក ត្រាំ និយាយថា លោក​អាច​ទទួលយក បើ​កិច្ចព្រមព្រៀង​បង្កើតឡើង​ដោយ​ទ្វេ​បក្ស​នេះ​សមរម្យ​។ ប៉ុន្តែ​លោក ត្រាំ នៅតែ​អះអាងថា លោក​ចង់បាន​ជញ្ជាំង​ព្រំដែន​ដដែល​។ 
 
​យ៉ាងណាមិញ ប្រធានសភា​តំណាង​លោកស្រី Nacy Pelosi បានបញ្ជាក់​ជាថ្មី​ថា រាល់​កិច្ចព្រមព្រៀង​រួម​ដែលមាន​រួមបញ្ចូល​លុយ​សង់​ជញ្ជាំង​តាមចិត្ត​ប្រធានាធិបតី​គ្មាន​ថ្ងៃ​ចេញ​ជា​ផ្លូវការ​ឡើយ​។ វា​មានន័យថា បក្ស​ប្រជាធិបតេយ្យ​មិន​យល់ស្រប​ជាដាច់ខាត បើ​បក្ស​សាធារណរដ្ឋ​នៅតែ​លើកយក​លុយ ៥,៧​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​មក​ដាក់​លើ​តុ​ចរចា​នោះ​។ 
 
​ខណៈ​ការបិទ​រដ្ឋាភិបាល​លើស​មួយខែ ហើយ​ភាគី​ពាក់ព័ន្ធ​នៅតែ​ខ្វែ​គំនិត​គ្នា លោក Mitt Romney ដែលជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ ២០១២ បាន​ចេញមុខ​អំពាវនាវ​ឲ្យ​មេដឹកនាំ​សភា និង​សេត​វិមាន​ប្រញាប់​ដោះស្រាយ​រឿង​ខ្វែងគំនិត​គ្នា​ឲ្យ​បាន​ឆាប់​។  លោក​សង្កត់ធ្ងន់ថា ការខ្វះខាត​ការទាក់ទង​គ្នា​ធ្វើ​ឲ្យ​ភាគី​បរាជ័យ​ក្នុងការ​សម្រេចបាន​កិច្ចព្រមព្រៀង​រួមគ្នា​មកដល់ពេលនេះ​។ 
 
​សូមបញ្ជាក់ថា ការបិទ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​បណ្តោះអាសន្ន​ដោយ​ផ្នែក​នេះ​ជា​ការបិទ​ដំណើរការ​មួយ​វែង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​។ វា​ឈានដល់​លើស​មួយខែ​ហើយ ហើយ​ការបិទ​ដំណើរការ​នេះ​ប៉ះពាល់​ដល់​ក្រសួង​ចំនួន​ប្រាំបួន​ក្នុងចំណោម​ក្រសួង ១៥ និង​ទីភ្នាក់ងារ​សំខាន់ៗ​ចំនួន​ច្រើនជាង​ដប់​ដែល​ត្រូវ​ផ្អាក​ដំណើរការ​។ បុគ្គលិក​ប្រហែល ៨០​ម៉ឺន​នាក់​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការបិទ​រដ្ឋាភិបាល​សហព័ន្ធ​ដោយ​ផ្នែក​នេះ ហើយ​រាល់​ការអូសបន្លាយ​នឹង​បង្ក​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​៕  

Tag:
 ដូ​ណា​ល់ ត្រាំ​
  ការបិទ​រដ្ឋាភិបាល​
  ព្រឹទ្ធសភា​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com