ជាតិ
លោក ចន ខឺរី ដែល​សម្តេច ហ៊ុន សែន ហៅថា​ជា​មិត្ត​ល្អ នឹង​មក​ខ្មែរ​ម្តងទៀត​
25, Jan 2019 , 9:40 pm        
រូបភាព
ជំនួប​រវាង​លោក ចន ខឺរី និង​សម្តេច ហ៊ុន សែន នៅវិមាន​សន្តិភាព កាលពីខែមករា ឆ្នាំ២០១៦
ជំនួប​រវាង​លោក ចន ខឺរី និង​សម្តេច ហ៊ុន សែន នៅវិមាន​សន្តិភាព កាលពីខែមករា ឆ្នាំ២០១៦
ដោយ: ថ្មីៗ
​លោក ច​ន ខឺ​រី (John Kerry) អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក និង​ធ្លាប់​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី មានបំណង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​សាជាថ្មី​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ខេត្តកំពត នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​។


 
​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន ពុំបាន​បញ្ជាក់​ពី​គោលបំណង និង​ពេលវេលា​ជាក់លាក់​នៃ​ការធ្វើ​ទស្សនកិច្ច​របស់លោក ច​ន ខឺ​រី នោះទេ​។ សម្តេច ហ៊ុន សែន បាន​រម្លឹកថា លោក ច​ន ខឺ​រី គឺជា​មនុស្ស​ម្នាក់ ដែល​បាន​ចូលរួម​ជាមួយ​សម្តេច ក្នុងការ​រៀបចំ​ច្បាប់ ទាក់ទង​នឹង​ការកាត់ទោស​ខ្មែរក្រហម​។ 
 
​នាយករដ្ឋមន្ត្រី​កម្ពុជា និយាយ​បែបនេះ​ថា​៖«​គាត់​គឺជា​មិត្តភក្តិ​ដ៏​ល្អ​ម្នាក់​។ គាត់ ធ្លាប់ជា​ទាហាន មក​ប្រយុទ្ធ​នៅ​វៀតណាម ហើយ​ត្រូវរបួស​នៅ​វៀតណាម​»​។ 
 
​សូមបញ្ជាក់ថា លោក ច​ន ខឺ​រី បានមក​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៦ ដោយ​កាលនោះ លោក នៅ​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នៅឡើយ​៕

Tag:
 ​ហ៊ុន សែន​
  ច​ន ខឺ​រី​
© រក្សាសិទ្ធិដោយ thmeythmey.com