កីឡាអន្តរជាតិ
អន្តរជាតិ
​កូរ៉េខាងត្បូង​ប្រាប់​កីឡាករ Kim Min-jae ឲ្យ​បំភ្លេច​ក្លិប​ចិន ហើយ​រើសយក Watford
25, Jan 2019 , 5:12 pm        
រូបភាព
Kim Min-jae ខ្សែការពារក្រុមជម្រើសជាតិកូរ៉េខាងត្បូង
Kim Min-jae ខ្សែការពារក្រុមជម្រើសជាតិកូរ៉េខាងត្បូង
​កីឡាករ​អន្តរជាតិ​កូរ៉េខាងត្បូង Kim Min-jae ដែល​បច្ចុប្បន្នកំពុង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup 2019 ត្រូវបាន​មិត្ត​រួម​ក្រុម​ជំរុញ​ឲ្យ​រូបគេ​ដើរ​តាម​គន្លង​ប្រធាន​ក្រុម Son Heung-min ដោយ​ជ្រើស​យក​ក្លិប​នៅ​អង់គ្លេស​ជាជាង​ក្លិប​នៅ​ចិន​។ Kim កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី Watford និង Beijing Guoan​។​

 
​ខ្សែការពារ​កណ្តាល​ក្រុម Jeonbuk Motors នៃ​លី​គ​បាល់ទាត់​កូរ៉េខាងត្បូង K-League 1 ដែលមាន​រហស្សនាម​ថា «​បិសាច​» បានធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់គេ​រះ​ឡើង​បន្ទាប់ពី​បង្ហាញ​ភាពខ្លាំង និង​រកបាន​ពីរ​គ្រាប់ ដើម្បី​ជួយ​ជម្រើសជាតិ​ខ្លួន​ឈានទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពាន Asian Cup ដែល​ធ្វើឡើង​នៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួប​។​
 
​លោក Baek Sung-kwon អ្នកចាត់ការ​ទូទៅ​ក្រុម Jeonbuk Motors បានបញ្ជាក់​ពី​ការដេញថ្លៃ​កីឡាករ​របស់ខ្លួន Kim ពី​សំណាក់​ក្លិប Watford ក្នុង​ក្របខណ្ឌ Premier League ក្នុងតម្លៃ​ប្រហែល ៨ លាន​ដុល្លារ​អាមេរិក​។​


 
​ចំណែក​ក្រុម Beijing Guoan នៃ​លី​គ​កំពូល​ចិន Chinese Super League ដែល​បានបញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៤ នៅ​រដូវ​កាល​ឆ្នាំ ២០១៨ ក៏​កំពុង​តាម​កៀក​កិត​នឹង​ខ្សែការពារ​វ័យ​២២​នេះ​ដើម្បី​ទៅ​រួម​ក្រុម​សម្រាប់​រដូវ​កាល​២០១៩​នេះដែរ​។​
 
​ជុំវិញ​ការចង់បាន​ពី​ក្លិប​ធំៗ​នេះ​សមាជិក​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ទាំង​មួល​បាន​ណែនាំ និង​ជំរុញ​ឲ្យ Kim Min-jae ជ្រើស​រើសយក​ក្លិប Watford ហើយ​បំភ្លេច​ក្រុម​នៅ​ចិន​ចោល ដើម្បី​អាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​មានឈ្មោះ​ល្បី​ដូច Son Heung-min ខ្សែប្រយុទ្ធ​របស់ Tottenham Hotspur និង Park Ji-sung អតីត​សមាជិក​ក្រុម Manchester United ជាដើម​នោះ​។​
 
​ប៉ុន្តែ​យ៉ាងណា​សមី​ខ្លួន​ផ្ទាល់​បាន​លើកឡើងថា នៅពេលនេះ​រូបគេ​មិន​ចាប់អារម្មណ៍​ពី​ការផ្ទេរ​ទៅណា​ឡើយ ដោយ​ផ្តោ​ច​តែ​លើ​ពាន​ប្រចាំ​តំបន់​អាស៊ី Asian Cup មួយ​មុខ​ប៉ុណ្ណោះ​។​
​កូរ៉េខាងត្បូង នឹងត្រូវ​តទល់​ជាមួយ​កាតា​ក្នុង​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​ថ្ងៃទី​២៥ ខែមករា វេលា​ម៉ោង ៨:០០​នាទី​យប់​នេះ បន្ទាប់ពី​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ដោយ​យកឈ្នះ​បា​រ៉ែ​ន​យ៉ាង​លំបាក​នោះ​៕

Tag:
 ​បាល់ទាត់​
  Kim Min-jae
  ​កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com