កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កាតា​បញ្ចប់​កូរ៉េខាងត្បូង ខណៈ​ម្ចាស់ផ្ទះ​ទម្លាក់​ក្រុម​ការពារ​ជើងឯក​ឡើង​វគ្គ​១/២
26, Jan 2019 , 8:48 am        
រូបភាព
​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​កាតា​បាន​ឈានទៅ​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC Asian Cup 2019 បន្ទាប់ពី​ទទួល​ជ័យជម្នះ​រៀងខ្លួន​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ នា​ការប្រកួត​នៅ​ថ្ងៃទី​២៥ ខែមករា​។ ម្ចាស់ផ្ទះ​បាន​យកឈ្នះ​អូស្ត្រាលី ១-០ ក្រោយពេល​កាតា​បញ្ចប់​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល ១-០ ដូចគ្នា​។​


 
​មួយ​គ្រាប់​ពី​ការ​ស៊ុត​យ៉ាង​ល្អ​របស់​កីឡាករ Abdulaziz Hatem នៅ​នាទី ៧៨ គ្រប់គ្រាន់​ដើម្បី​ជួយ​ជម្រើសជាតិ​កាតា​យកឈ្នះ​កូរ៉េខាងត្បូង ដើម្បី​បន្តទៅ​កាន់​វគ្គ​បន្ត​។ ក្នុងជំនួប​នៅ​កីឡដ្ឋាន ZSC Stadium បើ​ទោះ​កូរ៉េខាងត្បូង​ជា​ក្រុម​មានប្រៀប​ជាង​គូប្រកួត​ជាមួយនឹង​ការគ្រប់គ្រង​បាល់​យ៉ាងច្រើន​តាំងពីដើម​វគ្គ​ទីមួយ​ក្តី ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើ​អ្វី​លើ​កាតា​ដែល​ការពារ​និង​វាយបក​បានល្អ​នោះទេ​។​
 


​ជ័យជម្នះ​នេះ​ក៏បាន​នាំ​ប្រទេស​ពិភព​អារ៉ាប់ ដែល​នឹង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០២២ មួយ​នេះ​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Asian Cup ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ផងដែរ​។​
 
​ដោយឡែក​ម្ចាស់​ការពារ​តំណែង​ជើងឯក​អូស្ត្រាលី​ដែល​គេ​ជឿជាក់ថា​ជា​ក្រុម​មានប្រៀប​នោះ​ក៏​ទទួលបាន​លទ្ធផល​ខក​ចិត្ត​ដែរ បន្ទាប់ពី​ចាញ់​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ១-០​។​
 
​ការប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ទាំងពីរ​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Hazza Bin Zayed Stadium ម្ចាស់ផ្ទះ​បានបង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់សម្គាល់​ជាមួយនឹង​ការ​វាយ​សម្រុក​ទៅវិញទៅមក​ជាមួយ​ក្រុម​ភ្ញៀវ​។ មួយ​គ្រាប់​ដែល​សម្រេច​ទី​បាន​ដោយ​កីឡាករ Ali Ahmed Mabkhout នៅ​នាទី​៦៨ ដែល​កើតឡើង​ដោយសារ​កំហុស​របស់​ខ្សែការពារ​អូស្ត្រាលី បាន​ក្លាយជា​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ក្រុម​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដើម្បី​ឈានទៅ​វគ្គ​បន្ត​ផងដែរ​។​
 


​ដូច្នេះ​ក្រុម​មកពី​ពិភព​អារ៉ាប់​ចំនួន​ពីរ​រួមមាន​កាតា និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នឹងត្រូវ​តទល់​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ប្រចាំ​ទ្វី​អាស៊ី​លើក​ទី​១៧​នេះ ខណៈ​ជប៉ុន​និង​អ៊ឺ​រ៉ង់​ក៏ត្រូវ​ជួបគ្នា​នៅ​វគ្គ​នេះដែរ ដើម្បី​ប្រជែង​គ្នា​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​៕
 
 




 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com