កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កាតាបញ្ចប់កូរ៉េខាងត្បូង ខណៈម្ចាស់ផ្ទះទម្លាក់ក្រុមការពារជើងឯកឡើងវគ្គ១/២
× ម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម និងកាតាបានឈានទៅជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup 2019 បន្ទាប់ពីទទួលជ័យជម្នះរៀងខ្លួននៅវគ្គ៨ក្រុមចុងក្រោយ នាការប្រកួតនៅថ្ងៃទី២៥ ខែមករា។ ម្ចាស់ផ្ទះបានយកឈ្នះអូស្ត្រាលី ១-០ ក្រោយពេលកាតាបញ្ចប់កូរ៉េខាងត្បូងក្នុងលទ្ធផល ១-០ ដូចគ្នា។
មួយគ្រាប់ពីការស៊ុតយ៉ាងល្អរបស់កីឡាករ Abdulaziz Hatem នៅនាទី ៧៨ គ្រប់គ្រាន់ដើម្បីជួយជម្រើសជាតិកាតាយកឈ្នះកូរ៉េខាងត្បូង ដើម្បីបន្តទៅកាន់វគ្គបន្ត។ ក្នុងជំនួបនៅកីឡដ្ឋាន ZSC Stadium បើទោះកូរ៉េខាងត្បូងជាក្រុមមានប្រៀបជាងគូប្រកួតជាមួយនឹងការគ្រប់គ្រងបាល់យ៉ាងច្រើនតាំងពីដើមវគ្គទីមួយក្តី ប៉ុន្តែពួកគេមិនអាចធ្វើអ្វីលើកាតាដែលការពារនិងវាយបកបានល្អនោះទេ។
ជ័យជម្នះនេះក៏បាននាំប្រទេសពិភពអារ៉ាប់ ដែលនឹងត្រៀមធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ មួយនេះឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុមផងដែរ។
ដោយឡែកម្ចាស់ការពារតំណែងជើងឯកអូស្ត្រាលីដែលគេជឿជាក់ថាជាក្រុមមានប្រៀបនោះក៏ទទួលបានលទ្ធផលខកចិត្តដែរ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម ១-០។
ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរដែលធ្វើឡើងនៅកីឡដ្ឋាន Hazza Bin Zayed Stadium ម្ចាស់ផ្ទះបានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ជាមួយនឹងការវាយសម្រុកទៅវិញទៅមកជាមួយក្រុមភ្ញៀវ។ មួយគ្រាប់ដែលសម្រេចទីបានដោយកីឡាករ Ali Ahmed Mabkhout នៅនាទី៦៨ ដែលកើតឡើងដោយសារកំហុសរបស់ខ្សែការពារអូស្ត្រាលី បានក្លាយជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមអេមីរ៉ាតអារ៉ាប់រួមដើម្បីឈានទៅវគ្គបន្តផងដែរ។
ដូច្នេះក្រុមមកពីពិភពអារ៉ាប់ចំនួនពីររួមមានកាតា និង អេមីរ៉ាតអារ៉ាប់រួមនឹងត្រូវតទល់គ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ប្រចាំទ្វីអាស៊ីលើកទី១៧នេះ ខណៈជប៉ុននិងអ៊ឺរ៉ង់ក៏ត្រូវជួបគ្នានៅវគ្គនេះដែរ ដើម្បីប្រជែងគ្នាទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com