ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឃុ​ត សុខា ប្រើពេល​៧​ឆ្នាំ​ដាំ​បន្លែ​សរីរាង្គ​បែប​ទំនើប ផ្គត់ផ្គង់​តាម​សណ្ឋាគារ​នៅ​សៀមរាប​
26, Jan 2019 , 5:59 pm        
រូបភាព
​សៀមរាប​៖ ទោះបី​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​កសិកម្ម​យ៉ាងណាក្ដី ប៉ុន្តែ​គេ​សង្កេតឃើញថា ការវិនិយោគ​ធំៗ​លើ​ផ្នែក​នេះ មិនទាន់មាន​ច្រើន​នៅឡើយ​។ យុវជន ឃុ​ត សុខា ចាត់ទុកថា​ជាម​នុស្ស​ដ៏​កម្រ​មួយរូប ដែល​សម្រេច​បោះទុន​វិនិយោគ​ទំហំ​ធំ​ក្នុង​វិស័យ​កសិកម្ម​។ កសិករ​មួយរូប រ​វិនិយោគ​នេះ​ច្រើន​ដំណាក់កាល បង្កើត​រោង​កសិដ្ឋាន​ទំនើប ដាំ​បន្លែ​សរីរាង្គ​មួយកន្លែង​នៅ​ស្រុក​ពួក ដោយបាន​បោះទុន​សរុប​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ ក៏មាន​ការចូលរួម​ពី​ជនជាតិ​អូ​ស្រា្ដ​លី​មួយរូប​ដែល​ស្រឡាញ់​វិស័យ​ក​សិ​ម្ម​នេះ​ផងដែរ​។ កសិដ្ឋាន​នេះ ដើរតួ​ជា​អ្នកផ្គត់ផ្គង់​បន្លែ ដល់​បណ្ដា​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ធំៗ ក្នុង​ក្រុង​សៀមរាប​សរុប​ប្រមាណ​២០០​កន្លែង​។

 
​ដើម្បី​លម្អិត សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖


 
 
​ខេត្តសៀមរាប មាន​តម្រូវការ​បន្លែ​ច្រើន​ជា​រៀងរាល់ថ្ងៃ ដ្បិតថា​ជា​ខេត្ត​ទេសចរណ៍ មាន​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​សណ្ឋាគារ​ច្រើនសន្ធឹក​។ ប្រជាជន​នៅ​ជុំវិញ​ខេត្ត​នេះ ភាគច្រើន​ក៏មាន​របរ​ដាំ​បន្លែ​ដែរ​។ យ៉ាងណា​ការដាំ​នោះ​នៅ​ខ្នាតតូច លក្ខណៈ​គ្រួសារ​នៅឡើយ ដែល​ពិបាក​ក្នុងការ​ផ្គត់ផ្គង់​ទៅតាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ធំៗ ដែល​ត្រូវការ​ទាំង​បរិមាណ និង​គុណភាព​។​
 
​យុវជន ឃុ​ត សុខា ចាត់ទុកថា​ជា​កសិករ​មួយរូប ដែល​កំពុង​ជោគជ័យ​ផ្នែក​កសិកម្ម តាមរយៈ​ការដាំ​បន្លែ​សរីរាង្គ ក្នុង​រោង​កសិដ្ឋាន​តាម​បច្ចេកទេស​ទំនើប​។ ការដាំ​បន្លែ​ដោយ​ប្រើ​រោង​លក្ខណៈ ហ្គ្រី​ន​ហោ​ស (Green House) និង Hydroponics ត្រូវការ​សម្ភារ និង​បច្ចេកទេស​ទំនើប មក​ចូល​ពី​ប្រទេសក្រៅ​។ យុវជន​រូបនេះ​បានឱ្យដឹងថា គោលបំណង​នៃ​ការបង្កើត​កសិដ្ឋាន​នេះ គឺ​ចង់​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ចង់ឱ្យ​ពលរដ្ឋ​មាន​ជម្រើស​ល្អ​ក្នុង​ការហូប​បន្លែ​ដែលមាន​សុវត្ថិភាព មិន​ប៉ះពាល់​ដល់​សុខភាព​។​
 
 
​លោក ឃុ​ត សុខា ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៦​ឆ្នាំ បានចាប់ផ្តើម​បង្កើត​កសិដ្ឋាន ហែប​ភី អែន កូ (Happy + Co) នៅ​អំឡុង​ឆ្នាំ ២០១២ នៅពេលដែល​លោក​សម្រេច​ចោល​ការងារ​នៅក្នុង​សណ្ឋាគារ ដែលជា​ការងារ​ដំបូង​ក្នុង​ជីវិត​លោក ការងារ​ដែល​ធ្វើឱ្យមាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជាច្រើន និង​ជួយ​លោក​ឱ្យមាន​លទ្ធភាព​រៀន​ថ្នាក់​មហាវិទ្យាល័យ​។ លោក​ចាប់ផ្តើម​ប្រឡូក ក្នុង​ការដាំ​បន្លែ​សរីរាង្គ​បែប​ទំនើប​នេះ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​អនុវត្តន៍​ផ្ទាល់ គួបផ្សំ​នឹង​ចំណង់​ចំណូលចិត្ត​ពី​កំណើត​ផង​។ 
 
 
​កសិដ្ឋាន​ដាំ​បន្លែ​របស់លោក សុខា បង្កើតឡើង​អំឡុង​ឆ្នាំ ២០១២ ។ តែ​យ៉ាងណា​ទីតាំង​នេះ ត្រូវបានធ្វើ​ពិសោធន៍ និង​ព្យាបាល​ដី ដោយបាន​ចំណាយពេល​៣​ទៅ​៥​ឆ្នាំ ទម្រាំ​ក្លាយជា​កសិដ្ឋាន​មួយ​ដែលមាន​ស្ដង់ដា​ត្រឹមត្រូវ​។ បន្លែ​ដែលមាន​ដាំ​ក្នុង​រោង​កសិដ្ឋាន​នេះ ភាគច្រើន​ជា​ប្រភេទ​សាលាដ​អឺរ៉ុប​។ ក្រៅពីនោះ មាន​ប្រភេទ​ប៉េងប៉ោះ​អឺរ៉ុប ស្ពៃ ត្រប់ ត្រសក់​ជាដើម​។​ល​។ ក្រៅពី​ព្យាយាម​ផលិត​បន្លែ​ដែល​មិនទាន់មាន​ក្នុងស្រុក​ហើយ​នោះ កសិដ្ឋាន​ហែប​ភី អែន កូ មាន​គោលដៅ​ផលិត​បន្លែ​ដែលមាន​គុណភាព​ខ្ពស់ ចង់ឱ្យ​អ្នក​ហូប​មាន​សុខភាព និង​បានរួម​ចំណែក​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ខ្មែរ ដែល​កម្មករ​ទាំងអស់ អាច​យកចំណេះ​ផ្នែក​កសិកម្ម ទៅ​អភិវឌ្ឍន៍​មុខរបរ     រៀងៗ​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។​
 
 
​ដោយសារ​ជា​បន្លែ​សរីរាង្គ ដាំ​ដុះ​ដោយ​ប្រើ​បច្ចេកទេស​ត្រឹមត្រូវ ឲ​តាម​គោលការណ៍​ធម្មជាតិ​នោះ ទីផ្សារ​សម្រាប់​បន្លែ​រប​ស់​កសិដ្ឋាន​លោក សុខា មិនសូវមាន​កង្វល់​ឡើយ​។ តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​ក្នុង​ក្រុង​សៀមរាប បាន​តម្រង់​ជួរ​ចាំ​ទទួល​ផលិតផល​កសិកម្ម ពី​កសិដ្ឋាន​មួយ​នេះ ហើយ​រាល់​ផលិតផល​ទាំងអស់ ទទួលបាន​ទំនុកចិត្ត​ទាំង​ផ្នែក​គុណភាព និង​អនាម័យ​។ លោក សុខា បន្តថា​៖« ទីផ្សារ​សព្វថ្ងៃ​សម្រាប់​កសិដ្ឋាន​យើង គឺ​លក់រាយ​នៅតាម​ទីផ្សារ​ធម្មតា ២០​ភាគរយ និង​ផ្ត​ត់​ផ្គង់​តាម​ភោជនីយដ្ឋាន សណ្ឋាគារ ចំនួន ៨០​ភាគរយ​។ សម្រាប់​សាលាដ ក្នុង​មួយថ្ងៃ​អាច​បញ្ចេញ​បាន​ពី ៣០០​ទៅ​៤៥០​គីឡូក្រាម​។ ក្រៅពីនោះ មាន​រ៉ូ​កេ​ត ពី​១៥​ទៅ​២០​គីឡូក្រាម ត្រសក់ ៥០​ទៅ​១០០​គីឡូក្រាម ប៉េងប៉ោះ ៣០​ទៅ​៤៥​គីឡូក្រាម​»​។​ល​។​
 
 
 
​កសិដ្ឋាន​ដាំ​បន្លែ ហែប​ភី អែន កូ លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៣​ហិកតា ក្នុង​រោងបន្លែ​ជាង​៣០​។ ម្ចាស់​កសិដ្ឋាន​បានឱ្យដឹងថា ការដាំដុះ​ដោយ​ប្រើ​បច្ចេកទេស​ទំនើប​នេះ មិនសូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ទេ​។ សព្វថ្ងៃ​កម្មករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​កសិដ្ឋាន​នេះ សរុប​ជាង ៤០​នាក់ ទាំង​កសិករ​ផ្នែក​ដាំ​ដុះ វេច​ខ្ចប់ និង​ដឹកនាំ​ជញ្ជូន​។ យ៉ាងណា តាម​ការបញ្ជាក់​របស់​ម្ចាស់​កសិដ្ឋាន ការចំណាយ​សម្រាប់​ការដាំដុះ​បន្លែ​ប្រភេទ​នេះ គឺមាន​ចំនួន​ច្រើន​។ ក្នុង​មួយខែ​ការចំណាយ​ជាទូទៅ​ប្រមាណ​ពី​១៥០០០​ដុល្លារ​ទៅជិត ២​ម៉ឺន​ដុល្លារ​។ លោក សុខ រម្លឹកថា កសិដ្ឋាន​របស់លោក ទើបនឹង​ចំណេញ​ក្នុង​រយៈពេល​មួយឆ្នាំ​តែប៉ុណ្ណោះ គឺ​អំឡុង​ឆ្នាំ​២០១៨ ដោយសារ​ការដាំដុះ​៦​ឆ្នាំ​ដំបូង កសិដ្ឋាន​លោក​ខាតបង់​រហូត​។ លោក​ថា វិស័យ​កសិកម្ម​មា​នភា​ពលំ​បាក​ច្រើន ត្រូវការ​ការព្យាយាម ភាព​អត់ធ្មត់​ខ្ពស់ ហេតុនេះហើយ​ទើប​មិនសូវមាន​អ្នក​ហ៊ាន​រកស៊ី​លើ​វិស័យនេះ​ច្រើន​។ 
 
​ទៅ​ថ្ងៃ​ខាងមុខ លោក សុខា មានបំណង​ពង្រីក​កសិដ្ឋាន​ដាំ​បន្លែ​ឱ្យ​ធំ​ជាង​នេះ​។ តែ​យ៉ាងណា​លោក​ថា ដោយ​តម្លៃ​ថាមពល​អគ្គិសនី​នៅ​ថ្លៃ ទើប​រាំងស្ទះ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់លោក​។ ក្នុងនោះ ម​ហ​ច្ឆិ​តា​របស់​យុវជន​រូបនេះ ក៏​ចង់​កែច្នៃ​បន្លែ​បែកបាក់​ក្នុង​រោង​កសិដ្ឋាន​ទាំងអស់ ទៅជា​ភេសជ្ជៈ​សម្រាប់​ចែកចាយ​នៅលើ​ទីផ្សារ​ផងដែរ​។ បច្ចុប្បន្ន ភេសជ្ជៈ​ទាំងនោះ​ត្រូវបាន​កែច្នៃ​ក្នុង​ទ្រង់ទ្រាយ​សាកល្បង និង​ខ្នាតតូច​នៅឡើយ សម្រាប់​ការផ្គត់ផ្គង់​ទៅតាម​ភោជនីយដ្ឋាន និង​ស​ណ្ឋា​ការ​។ លើសពីនេះ លោក​ចង់​អភិវឌ្ឍន៍​ដី​កសិដ្ឋាន​ដែល​នៅ​សេសសល់ ជា​តំបន់​ទេសចរណ៍ធម្មជាតិ ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត និង​ទស្សនា​រោងបន្លែ​ជាដើម​៕ 
 
 
 
 
 

Tag:
 បទ​យកការណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com