បន្ទាប់ពីក្រុង១០នៅក្នុងប្រទេសឥណ្ឌា រាជធានីភ្នំពេញរបស់កម្ពុជា ត្រូវវាយតម្លៃថា ស្ថិតក្នុងចំណោមបណ្តាទីក្រុងដែលមានការលូតលាស់លឿនបំផុត (Fastest-growing Cities) ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣៥។ នេះបើតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន Oxford Economics របស់អង់គ្លេស ដោយផ្អែកលើកំណើននៃទំហំផលិតផលក្នុងស្រុកសរុប (GDP)។
តារាង Top 10 នៃរបាយការណ៍ World’s Fastest-Growing Cities របស់ Oxford Economics ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣៥ សុទ្ធតែជាទីក្រុងរបស់ឥណ្ឌា ខណៈភ្នំពេញស្ថិតនៅលេខរៀងបន្ទាប់។
ក្រុង Surat នៃរដ្ឋ Gujarat ដែលជាតំបន់ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ត្រូវបានព្យាករថា មានកំណើនទំហំផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំច្រើនជាងគេ ពោលគឺក្នុងរង្វង់៩,១៧ភាគរយ។
ទីក្រុង៩ទៀតរបស់ឥណ្ឌា រួមមាន Agra, Bengaluru, Hyderabad, Nagpur, Tiruppur, Rajkot, Tiruchirappalli, Chennai និង Vijayawada ដែលមានកំណើន GDP ចន្លោះពីជិត៩ភាគរយ ចុះមកជាង៨ភាគរយ។
បើតាម Oxford Economics ភ្នំពេញ នឹងមានកំណើន GDP ក្នុងរង្វង់ ៨,១ភាគរយចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣៥ ដោយនាំមុខក្រុងផ្សេងទៀតនៅអាស៊ី រួមមាន ក្រុងយ៉ាំងហ្គោន, ម៉ាន់ដាឡេ និងណៃពីដរ របស់មីយ៉ាន់ម៉ា ក្រុងដាកា និងក្រុង Chittagon របស់បង់ក្លាដែស។ ក្រុងទាំងនេះ នឹងមានកំណើន GDP ចន្លោះពីជិត៨ភាគរយ មកជាង៧ភាគរយ។
ក្រុង Dar es Salaam និង Mwanza របស់តង់ហ្សានី នាំមុខគេនៅអាហ្វ្រិកជាមួយនឹងកំណើន ៧,៨ភាគរយ ដែលឈរជាបន្តបន្ទាប់ដោយ ក្រុង Kampala (អ៊ូហ្គង់ដា), Nouakchott (មូរីតានី), Freetown (សេរ៉ាឡេអូន) និង Arusha (តង់ហ្សានី)។
នៅតំបន់មជ្ឈឹមបូព៌ា ក្រុងដែលលូតលាស់នឹងមានកំណើន GDP ចន្លោះពី៣,៨ភាគរយ ទៅ៥,៨ភាគរយ។ ក្រុងទាំងនោះរួមមាន Sana’a, Aden (យ៉េមែន), Manama (បារ៉ែន), Orumiyeh (អ៊ីរ៉ង់), ឌូបៃ (អេមីរ៉ាតអារ៉ាប់រួម) និងតែលអាវីវ (អ៊ីស្រាអែល)។
ក្រុង Santo Domingo របស់សាធារណរដ្ឋដូមីនិច នាំមុខគេនៅអាមេរិកឡាទីន ក្រុង San Jose របស់សហរដ្ឋអាមេរិក នាំមុខគេនៅអាមេរិកខាងជើង ខណៈ ក្រុង Yerevan របស់អាមេនី នាំមុខគេនៅអឺរ៉ុប។
ផ្អែកលើការសិក្សាជារួមរបស់ Oxford Economics លើបណ្តាក្រុងចំនួន៧៨០លើពិភពលោក ឥណ្ឌាមានក្រុងសរុប៧២ដែលនឹងមានការលូតលាស់លឿនចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣៥ ខណៈចិន មាន១៥០ទីក្រុង អាហ្វ្រិក និងមជ្ឈឹមបូព៌ា មាន១២៥ទីក្រុង អាមេរិកឡាទីនមាន១០៤ទីក្រុង អាមេរិកខាងជើង មាន៥៨ទីក្រុង អឺរ៉ុប មាន១៥៩ទីក្រុង និងប្រទេសអាស៊ីផ្សេងទៀត មាន១១២ទីក្រុង។
ទោះបីជាក្រុងទាំងនោះ មានការលូតលាស់លឿនក៏ដោយ ប៉ុន្តែក្រុងដែលស្ថិតក្នុងចំណោម The World’s Top 10 Cities នៅឆ្នាំ២០៣៥ មាន ញូវយ៉ក, តូក្យូ, ឡូសអេនជឺឡេស, ឡុងដ៏, សៀងហៃ, ប៉េកាំង, ប៉ារីស, ឈីកាហ្គោ, Guangzhou និង Shenzhen។
ក្រុង Bengaluru, ហ្សាការតា និងម៉ានីល ស្ថិតក្នុងចំណោមក្រុងដែលមានកំណើន GDP នាំមុខនៅឆ្នាំ២០៣៥ រីឯក្រុងដែលបន្តមានប្រជាជនច្រើនជាងគេ រួមមាន ហ្សាការតា, តូក្យូ, Chongqing និង ដាកា៕